មុំ​ សុធារ៉ា ស្រឡាំងកាំង​ ព្រោះ​សុខៗ​របូត​តំណែង​តួឯក “ហង្ស​បាក់​ស្លាប”​

តារា​សម្ដែង​ មុំ​ សុធារ៉ា ស្រឡាំងកាំង ​ព្រោះ​របូត​តំណែង​តួ​ឯក​ក្នុង​រឿង​ភាគ ​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ “ហង្ស​បាក់​ស្លាប” ខណៈ​​រឿង​នេះ​លោក​បាន​ក្រុង​ពាលី​រួច​ប៉ុន្តែ​​បែរជាមិន​បាន​ថត​​ទៅ​វិញ​។

 

“ខ្ញុំ​ភ្ញាក់​ផ្អើល​ និង​ឆ្ងល់​ខ្លាំង​ មិន​ដឹង​ថា ​ខ្លួន​ឯង​មាន​កំហុស​អ្វី​ បាន​ជា​ខាង​បងៗ​អ្នក​ដឹកនាំ​គាត់​ធ្វើ​ចឹង ឬមួយ​ដោយសារ​ពួក​ខ្ញុំ​មិន​បាន​ចុះ​កុង​ត្រា ប៉ុន្តែ​កាល​ក្រុង​ពាលី​ចប់​ខ្ញុំ​ឧស្សាហ៍​ខល​ទៅ​សួរនាំ​ពួកគាត់​ពី​រឿង​កុង​ត្រា​ហើយ​ពួកគាត់​ឆ្លើយ​វិញ​ថា​អត់​អី​ទេ​អូន​ ចាំ​បន្តិច​ទៀត​កុង​ត្រា​ក៏បាន”។ ធារ៉ា ថ្លែង។

 

មុំ​ សុធារ៉ា ស្រឡាំងកាំង​ ព្រោះ​សុខៗ​របូត​តំណែង​តួឯក “ហង្ស​បាក់​ស្លាប”​ មុំ សុធារ៉ា កាល​ក្រុងពាលី​រឿង​ “ហង្ស​បាក់​ស្លាប” ជាមួយ​ក្រុម​ការងារ​ប៉ុស្ត៍​លេខ​៥​ ថ្ងៃ​១៧ មីនា

 

មុន​ក្រុង​ពាលី​រឿង​ “ហង្ស​បាក់​ស្លាប” ម្ដង​ទៀតកាល​ពី​ថ្ងៃ​ ២២ មិថុនា​ ខាង​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ បាន​ហៅ​ មុំ​ សុធារ៉ា ទៅ​ជួប​ដោយ​ប្រាប់​ថា ​ឥឡូវ​ខាង​ក្រុម​ការងារ​រើស​បាន​តួ​ឯក​ប្រុស​ថ្មី​ហើយ​។ នេះ​បើ​តាម​ការ​រៀប​រាប់​ពី​សាមី​ខ្លួន។

ធារ៉ា បន្ថែម៖ “ជិត​ដល់​​ថ្ងៃ​ក្រុង​ពាលី​ សាជាថ្មីកាល​ពី​ម្សិលម្ង៉ៃ​ខាង​អ្នក​ដឹកនាំ​បាន​ហៅ​ខ្ញុំ​ទៅ​ជួប ហើយ​ប្រាប់​ថា​រក​បាន​តួ​ឯក​ប្រុស​រួច​ហើយ ខ្ញុំ​ស្រឡាំងកាំង​តែ​ម្ដង​ ឆ្ងល់​ថា​ហេតុអ្វី​ពួក​គាត់​ធ្វើ​ចឹង យ៉ាង​ហោច​ណាស់​ក៏​ប្រាប់​ខ្ញុំ​ឲ្យ​បាន​ដឹង​ដែរ បើសិន​ជា​មិន​យក​ខ្ញុំ​វិញ​ មិន​ថា​តែ​ខ្ញុំ​ទេ​ដែល​បាត់​បង់​​ឱកាស​នេះ​ តួ​ស្រី​ ម៉ៃ​យ៉ា ក៏​ដូច​គ្នា​”។

 

មុំ​ សុធារ៉ា ស្រឡាំងកាំង​ ព្រោះ​សុខៗ​របូត​តំណែង​តួឯក “ហង្ស​បាក់​ស្លាប”​ មុំ សុធារ៉ា ជាមួយ​ សូ ម៉ៃយ៉ា កាល​ក្រុង​ពាលី

និស្សិត​បញ្ចប់​អនុ​បណ្ឌិត​ផ្នែក​គ្រប់​គ្រង​រូប​នេះ​ បន្ត​ឲ្យ​ដឹង​ទៀត​ថា​ អំឡុង​ពេលរង់​ចាំ​ថត​រឿង​ខាង​លើ​ លោក​បាន​របូត​តំណែង​តួ​ឯក​ដល់​ទៅ​៣​រឿង ប៉ុន្តែ​លទ្ធ​ផល​ចុង​ក្រោយ​ទន្សាយ​ក៏​​រួច ​ត្រី​រ៉ស់​ក៏​រួច។ ​​

 

​​​​​​ងាក​មក​​សហការី​អ្នក​ដឹកនាំ​ផលិត​រឿង​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥មួយ​រូប សុំ​មិន​បញ្ចេញ​ឈ្មោះ​ ថ្លែង​ថា​ពី​​ដំបូង​ឡើយ​រឿង “ហង្ស​បាក់​ស្លាប” ខាង​​​ក្រុម​ហ៊ុន​​មួយ ​ដែល​ស្ថិត​នៅ​ក្រោម​ស្ថានីយ​ប៉ុស្តិ៍​លេខ​៥ ទទួល​យក​រឿង​នេះ​ពី​ប៉ុស្តិ៍​លេខ​៥​ទៅ​ថត។ ប៉ុន្តែ​ដោយសារ​រឿង​នេះ​តម្រូវ​ចុះ​ថត​នៅ​តាម​សណ្ឋាគារ​ច្រើន​ហើយ​សុទ្ធ​តែ​មាន​លំដាប់​ផ្កាយ​៥ ខាង​​ក្រុមហ៊ុនធ្វើ​អត់​បាន​ ទើប​ខាង​ស្ថានីយ​ទូរទស្សន៍​គេ​សុំ​យក​រឿង​នេះ​មក​ថត​វិញ។​

 

សហការី​រូប​នោះ​ ថ្លែង៖ ​“កាល​ដំបូង​ឡើយ​ខាង​ក្រុមហ៊ុន ដែល​នៅ​ក្រោម​ទូរទស្សន៍​ ជា​អ្នក​ទទួល​ថត​រឿង​នេះ​ ប៉ុន្តែ​ដោយសា​រ​រឿង​នេះ​ ធំ​សម្រាប់​ប៉ុស្តិ៍​ដែរ​ ហើយ​ត្រូវ​មាន​ប្លង់​ថត​នៅ​តាម​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ច្រើន​ ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ធ្វើ​អត់​បាន​ ទើប​ខាង​ទូរទស្សន៍​គេ​សុំ​យក​វិញ​ ដោយ​ស្មាន​ថា​ក្រុមហ៊ុន​នេះ​បាន​ប្រាប់​ទៅ​ដល់​តួ​​អស់​ហើយ​។ ឥឡូវ​នេះ​អ្នក​ដឹកនាំ​ខាង​ក្រុមហ៊ុនគាត់​នៅ​ប្រទេស​ថៃ”៕

 

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ ​អ្នក​នាំ​ពាក្យ​ខាង​លើ​ប្រាប់​ថា អ្នក​ដឹកនាំ​ខាង​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​​ ​សុំ​មិន​ទទួល​ខុស​ត្រូវ​ឡើយ​ រាល់​ការ​យក​តួ​ថ្មី​​មក​សម្ដែង​ ក្នុង​នោះ​ទុក​ឲ្យ​ខាង​ក្រុមហ៊ុនជា​អ្នក​ដោះ​ស្រាយ៕​

 

អត្ថបទ៖ ថា ម៉ាលីដា​​