សំណុំរឿង​មន្ត្រី​អាដហុក ​និង​មន្ត្រី​គជប ដល់​តុលាការ​កំពូល​

សំណុំរឿង​មន្ត្រី​អាដហុក ​និង​មន្ត្រី​គជប ដល់​តុលាការ​កំពូល​



ភ្នំពេញ ​ ៖​ សំណុំ​រឿង​មន្ត្រី​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក​៤​រូប​ និង​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មួយ​រូប​ ជាប់ចោទ​ពី​បទ​សូកប៉ាន់​សាក្សី​ និង​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ ​​អ្នក​នាង ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ​បាន​បន្ត​នីតិវិធី​ដល់​តុលាការ​កំពូល។

កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ កន្លងទៅ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ សម្រេច​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់​មន្ត្រី​អាដហុក​៤​រូប ​និង​មន្ត្រី​គជប​មួយ​រូប។ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ សំអាង​ថា សំណុំ​រឿង​នេះ កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបសួរ ដូច្នេះ​គប្បី​រក្សាទុក​ជន​ត្រូវ​ចោទ​ទាំង​៥​រូប​ក្នុង​ពន្ធនាគារ ដើម្បី​ទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី។

ពាក់ព័ន្ធ​ករណី​នេះ លោក​មេធាវី សំ សុ​គង់ បាន​បញ្ជាក់​ថា ក្រុម​មេធាវី​បាន​ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​រួចរាល់​ហើយ ដើម្បី​ស្នើ​ឲ្យ​តុលាការ​កំពូល ដោះលែង​កូន​ក្តី​ឲ្យ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ លោក​មេធាវី ពុំ​ទាន់​ដឹង​ថា តុលាការ​កំពូល​នឹង​បើកសវនាការ​សំណុំ​រឿង​នេះ​នៅ​ថ្ងៃ​ណា​នោះ​ទេ។

ក្រុម​ជន​ត្រូវ​ចោទ​ទាំង​៥​នាក់ ត្រូវ​បាន​លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ល្ងាច​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦ ឃុំខ្លួន​ដាក់​ពន្ធនាគារ ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​បន្ត​ទៀត។

លោក នី សុខា ប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​អាដហុក លោក យី សុខសាន្ត អនុប្រធាន​សមាគម​អាដហុក លោក ណៃ រ៉ង់​ដា អនុប្រធាន​សមាគម​អាដហុក និង លោកស្រី លឹម មុន្នី មន្ត្រី ជាន់ខ្ពស់​សមាគម​អាដហុក ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​រង គុជ គឹម​ឡុង ចោទ​ពី​បទ សូកប៉ាន់​សាក្សី តាម​មាត្រា​៥៤៨​នៃ​ក្រមព្រហ្មទណ្ឌ។ ដោយឡែក​លោក នី ចរិយា​ អគ្គលេខាធិការ​រង​គណៈកម្មាធិការ ​​​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី តាម​មាត្រា​២៩ និង មាត្រា ៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ។ ជាមួយគ្នានេះ លោក សឺ​ន សាលី ជាម​ន្ត្រី​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ក៏ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពីបទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី ផង ដែរ។ បទល្មើស​សូកប៉ាន់​សាក្សី កំណត់​ការផ្តន្ទាទោស​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ។

កន្លងមក តុលាការ​រក​ឃើញ​ថា ក្រុម​ជន​ត្រូវ​ចោទ​ទាំង​៥​រូប មាន​តម្រុយ​ពិរុទ្ធភាព ពាក់ព័ន្ធ​ការ​លួងលោម ឬ បញ្ចុះបញ្ចូល ដោយ​ផ្តល់​ថវិកា​ជូន​អ្នកនាង ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ដើម្បី​កុំ​ឲ្យ​និយាយ​ការពិត​ប្រាប់​សមត្ថកិច្ច​ចំពោះ​រឿងអាស្រូវ​ផ្លូវ​ភេទ​របស់​លោក​កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ៕
សំណុំរឿង​មន្ត្រី​អាដហុក ​និង​មន្ត្រី​គជប ដល់​តុលាការ​កំពូល​