កងយោពលខេមរភូមិន្ទ​​​នឹង​​​ទទួលបានការ​បង្វឹក​​​​​​​ក្បាច់​​​គុន​​​​បុរាណ​​​ខ្មែរ

មន្ត្រីយោធាបានប្រកាសអំឡុងសន្និសីទកាសែតមួយកាលពីម្សិលមិញថា ទាហាននិងទាហានទើបជ្រើសរើសថ្មីឲ្យចូលបម្រើការនៅក្នុងកងយោធពលខេមរភូមិន្ទ នឹងត្រូវទទួលបានការបង្វឹកក្បាច់គុនបុរាណល្បុក្កតោ។ លោក អិុត សារ៉ាត់ នាយផ្នែកហ្វឹកហ្វឺននៃក្រសួងការពារជាតិបានលើកឡើងថា សហព័ន្ធកីឡាប្រដាល់កម្ពុជា សហព័ន្ធកីឡាល្បុក្កតោ និងសមាគមយុទ្ធក្រមខមបានចុះកិច្ចព្រមព្រៀងបង្វឹកទាហានអំពីរបៀបប្រយុទ្ធដៃទល់ដៃ។ លោកបានលើកឡើងទៀតថា សហព័ន្ធនីមួយៗតំណាងឲ្យសាលាក្បាច់គុនខ្មែរខុសៗគ្នា ប៉ុន្តែ បានចុះអនុស្សរណៈនៃការយោគយល់រួមគ្នាជាមួយកងយោធពលខេមរភូមិន្ទដើម្បីបំប៉នសមត្ថភាពរបស់ទាហានតាមរយៈកម្មវិធីបង្វឹកជាប្រព័ន្ធ។ ឧត្តមសេនីយ៍ឯក អិុត សារ៉ាត់ បានលើកឡើងនៅទីស្នាក់ការកណ្តាលរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្នុងរាជធានីភ្នំពេញថា “បច្ចុប្បន្នមានអាវុធទំនើបៗច្រើនណាស់នៅលើពិភពលោក ប៉ុន្តែទោះជាយ៉ាងណាក៏ដោយយើងនៅតែត្រូវការក្បាច់គុននៅក្នុងការធ្វើសង្គ្រាម”។លោកបន្ថែមថា កម្មវិធីនេះនឹងជួយបំប៉នទាហានឲ្យមានសមត្ថភាពកាន់តែខ្ពស់ ហើយថែមទាំងជួយ”ការពារកេរដំណែលក្បាច់គុនជាតិ”ផងដែរ។ ឧត្តមសេនីយ៍ឯករូបនេះបានលើកឡើងបន្តទៀតថា លោកមិនរំពឹងថា ទាហានខ្មែរនឹងប្រើប្រាស់ក្បាច់គុននេះនៅក្នុងសង្គ្រាមឡើយ បុ៉ន្តែថា ទោះជាយ៉ាងណាវានឹងជួយប្រែក្លាយពួកគេឲ្យកាន់តែមានទំនុកចិត្ត និងក្លាយជាអ្នកចម្បាំងដែលមានជំនាញ។ លោកបានពន្យល់ថា កងយោធពលខេមរភូមិន្ទធ្លាប់បានបង្វឹកទាហានរបស់ខ្លួនអំពីរបៀបប្រយុទ្ធដៃទល់នឹងដៃជាយូរមកហើយ ប៉ុន្តែមិនបានបង្វឹកក្បាច់គុនបុរាណខ្មែរក្នុងលក្ខណៈជាប្រព័ន្ធនោះឡើយ ដោយសារតែមានការខ្វែងគំនិតគ្នានៅក្នុងសមាគមក្បាច់គុនជុំវិញបញ្ហាថាតើគួរតែយកទម្រង់មួយណាមកបង្វឹក។ លោកបានថ្លែងថា “កងយោធពលខេមរភូមិន្ទរបស់យើងមានក្បាច់គុនរួចហើយប៉ុន្តែ មិនមែនជាក្បាច់គុនរបស់ជាតិយើងទេហើយឥឡូវនេះសហព័ន្ធចំនួនបីបានបូករួមបញ្ចូលក្បាច់គុនរបស់ពួកគេទៅជាក្បាច់គុនមួយ [តំណាង] អត្តសញ្ញាណជាតិយើង”។ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធាននាយកដ្ឋានប្រឆាំងភេរវកម្មនៃក្រសួងការពារជាតិបានលើកឡើងថា ឥឡូវនេះនឹងមានការធ្វើការងារដើម្បីចាប់ផ្តើមរៀបចំបង្វឹកក្បាច់គុនសម្រាប់កម្មវិធីនេះ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលក៏ជាអនុប្រធានសហព័ន្ធកីឡាល្បុក្កតោដែរនោះបានលើកឡើងថា “យើងនឹងដាក់បញ្ចូលកម្មវិធីនេះទៅក្នុងអង្គភាពយោធាទាំងអស់នៅទូទាំងប្រទេស ព្រមទាំងសាលាមន្ត្រីនាយកទាហានផងដែរ”។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានលើកឡើងថា លោករីករាយដែលក្រុមក្បាច់គុនរួមគ្នាផ្តល់ក្បាច់គុនរបស់ខ្លួនដល់កងយោធពលខេមរភូមិន្ទ ហើយថា វានឹងជួយជំរុញបន្ថែមទៀតលើការខំប្រឹងប្រែងដើម្បីធ្វើឲ្យក្បាច់គុនល្បុក្កតោត្រូវបានគេទទួលស្គាល់លើឆាកអន្តរជាតិ។ លោកបានបន្ថែមថា “យើងកំពុងតែរៀបចំឯកសារដាក់ជូនអង្គការយូណេស្កូដើម្បីចុះបញ្ជីក្បាច់គុននេះជាបេតិកភណ្ឌរបស់យើង”។ កាលពីខែមករា លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រកាសនូវយុទ្ធនាការមួយដើម្បីធ្វើយ៉ាងណាឲ្យក្បាច់គុនល្បុក្កតោត្រូវបានបន្ថែម ចូលទៅក្នុងបញ្ជី “បេតិកភណ្ឌអរូបិយ “របស់អង្គការយូណេស្កូ ដែលទទួលស្គាល់ “ប្រពៃណី ឬមរតករស់ដែលដូនតារបស់យើងបន្សល់ទុកឲ្យ”។ កាលពីឆ្នាំ២០០៨របាំព្រះរាជទ្រព្យ និងល្ខោនស្បែកធំត្រូវបានបន្ថែមចូលក្នុងបញ្ជីបេតិកភណ្ឌអរូបិយ ហើយ “ល្បែងទាញព្រ័ត្រ”របស់កម្ពុជាត្រូវបានបន្ថែមទៅក្នុងបញ្ជីនេះកាលពីឆ្នាំមុន៕ស៊ុយឈាង © 2016, ខេមបូឌា ដេលី. All rights reserved. No part […]

The post កងយោពលខេមរភូមិន្ទ​​​នឹង​​​ទទួលបានការ​បង្វឹក​​​​​​​ក្បាច់​​​គុន​​​​បុរាណ​​​ខ្មែរ appeared first on The Cambodia Daily.