សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង បង្ក្រាប​ល្បែងស៊ីសង​ដើម្បី​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ដោយ​ឥត​អៀនខ្មាស​

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា​កាលពី​រសៀល​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង និង​នគរបាល​ស្រុក​រលាប្អៀរ បាន​ចុះបង្ក្រាប​វង់ល្បែង​ស៊ីសង​មួយកន្លែង​នៅ​ឃុំ​ស្វាយជ្រំ ស្រុក​រលាប្អៀរ​។ នៅក្នុង​ការបង្ក្រាប​នោះ​សមត្ថកិច្ច​រឹបអូស​បាន​រថយន្ត​១​គ្រឿង​ម៉ា​កតា​កូ​ម៉ា ពាក់​ស្លាក​លេខ​ភ្នំពេញ​2V-3493 មាន​ម្ចាស់​ឈ្មោះ​សំអឿន ម៉ូតូ​១២​គ្រឿង លុយ​២២​ដុល្លារ និង​៩០​ម៉ឺន​រៀល បៀ​២​ហ៊ូ ក្រដាស់​កត់​កន្ទុយលេខ និង​ឃាត់ខ្លួន​បាន​មនុស្ស​ម្នាក់​ផងដែរ​។ ប៉ុន្តែ​ក្រោយពេល​បង្ក្រាប​មិនបាន​ប៉ុន្មាន​ផង​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ឃុបឃិត​ដោះលែង​មនុស្ស ក៏ដូចជា​រថយន្ត​និង​ម៉ូតូ​វិញ​អស់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

ទង្វើ​របស់​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តកំពង់ឆ្នាំង និង​នគរបាល​ស្រុក​រលាប្អៀរ កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង ព្រោះ​ពួកគេ​គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​បង្ក្រាប​ល្បែងស៊ីសង ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​។ ប្រភពពី​មន្ត្រី​អាជ្ញាធរ​ដែល​តាមដាន​សំណុំរឿង​បង្ក្រាប​វង់ល្បែង​ស៊ីសង​នៅ​ឃុំ​ស្វាយជ្រំ ស្រុក​រលាប្អៀរ​បាន​ឲ្យ​ដឹងថា រថយន្ត​១​គ្រឿង​ត្រូវគេ​កំណត់​ឲ្យ​បង់លុយ​៥០០​ដុល្លារ ហើយ​ម៉ូតូ​១​គ្រឿង​ត្រូវគេ​កំណត់​ឲ្យ​បង់លុយ​២០០​ដុល្លារ បន្ទាប់មក​ត្រូវបាន​ដោះលែង​ទាំងអស់​។ បញ្ហា​នេះ​មានការ​សង្ស័យថា ធ្វើតាម​បញ្ជា​របស់លោក ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ គួរពិនិត្យមើល​និង​ចាត់វិធានការ​ជាបន្ទាន់​។

​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក ទាំង​នៅក្នុង​ក្រុង​កំពង់ឆ្នាំង ស្រុក​រលាប្អៀរ ស្រុក​បរិបូរណ៍ និង​ស្រុក​ដទៃទៀត ហើយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច មិន​ចាត់វិធានការ​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​។ ផ្ទុយទៅវិញ​គេ​តែងតែ​ឃើញ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មួយចំនួន​ទៅយក​លុយ​ពី​អ្នកបើក​លេងល្បែង​ស៊ីសង ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​យ៉ាង​រាលដាល​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា​យូរៗ​ម្តង​ទើប​ឃើញ​សមត្ថកិច្ច​ចាត់វិធានការ​បង្ក្រាប ហើយក៏​ដោះលែង​អ្នកលេង​ល្បែង ក៏ដូចជា​ម៉ូតូ និង​រថយន្ត​របស់​អ្នកញៀន​ល្បែង ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​ក្រអឺតក្រទម​៕

ses-3-57 ses-7-8 ses-9-2