ករណី​មន្ត្រីនគរបាល​ស្រុកស្រែ​អំបិល ចាក់ដី​លុប​ព្រែក​ជា​រឿង​ដែល​អាជ្ញាធរ​ខេត្តកោះកុង ត្រូវ​ចាត់ការ​តាមច្បាប់​

រឿងរ៉ាវ​លោក ហឹម លី​ឡា មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល ខេត្តកោះកុង ចាក់ដី​លុប​ព្រែក​នៅ​ចំណុច​ភូមិ​ត្រពាំង ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​នេះ​តវ៉ា​យ៉ាងខ្លាំង​។ មេឃុំ​ស្រែអំបិល លោក ផាត់ សុន​លី ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ការចាក់ដី​លុប​ព្រែក​របស់លោក ហឹម លី​ឡា ពុំមាន​ច្បាប់​អនុញ្ញាត​ឡើយ​។ ដូច្នេះ​លោក ប៊ុន លើ​ត ដែលជា​អភិបាលខេត្ត​កោះកុង គួរ​ចាត់វិធានការ​តាមច្បាប់​ទៅលើ​លោក ហឹម លី​ឡា កុំ​ឲ្យ​ប្រព្រឹត្ត​ខុសច្បាប់​តាម​អំពើ​ចិត្ត​ទៀត ព្រោះ​ដី​ព្រែក​សាធារណៈ​របស់​រដ្ឋ​មិនអាច​ជន​ណា​រំលោភបំពាន​បានទេ​។

ប្រជាពលរដ្ឋ​ភូមិ​ត្រពាំង ៣៥​គ្រួសារ​កាលពី​រសៀល​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៦ បាននាំគ្នា​តវ៉ា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ចាត់វិធានការ​កាយ​ដី​ចេញពី​ព្រែក​បន្ទាប់ពី​លោក ហឹម លី​ឡា មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​ស្រុកស្រែ​អំបិល ចាក់ដី​លុប​ព្រែក​យក​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​។​តំណាង​ប្រជាពលរដ្ឋ​ដែល​ប្រមូល​ផ្ដុំគ្នា​តវ៉ា​បាន​ឲ្យ​ដឹងថា​លោក ហឹម លី​ឡា ត្រូវជា​ប្អូនថ្លៃ​របស់លោក ម៉េង តិច ប្រធានការិយាល័យ​បរិស្ថាន​ស្រុកស្រែ​អំបិល និង​ជា​អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង​ផងដែរ​។ មន្ត្រីរាជការ​ក្នុងស្រុក​ស្រែអំបិល បាន​ឲ្យ​ដឹងថា​សកម្មភាព​ចាក់ដី​លុប​ព្រែក​របស់លោក ហឹម លី​ឡា មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល គឺជា​អំពើ​ខុសច្បាប់​ទាំងស្រុង ដូច្នេះ​អាជ្ញាធរ​ខេត្តកោះកុង មិនត្រូវ​ឲ្យ​បុគ្គល​នេះ​គេច​ផុតពី​សំណាញ់​ច្បាប់​ឡើយ​។ អ្វីដែល​ធ្វើ​ឲ្យ​មានការ​រិះគន់​ខ្លាំងៗ​នោះ គឺ​លោក ហឹម លី​ឡា បាន​ចាក់ដី​លុប​ព្រែ​កនៅ​ចំណុច​ភូមិ​ត្រពាំង ឃុំ​ស្រែអំបិល​ទាំងស្រុង ប៉ុន្តែ​មន្ត្រី​ជំនាញ​និង​មន្ត្រី​អាជ្ញាធរ​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។

​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ដែល​ប្រមូលផ្ដុំ​គ្នា​តវ៉ា​បាន​ឲ្យ​ដឹងថា ព្រែក​ដែល​លោក ហឹម លី​ឡា ចាក់ដី​លុប​ជា​ព្រែក​ធម្មជាតិ​តាំងពី​បុរាណ​មក ហើយ​ពួកគាត់​ធ្លាប់​បង្កបង្កើនផល​និង​នេសាទ​តិចតួច​នៅ​ទីនោះ ហើយក៏​ជា​ផ្លូវចេញចូល​សម្រាប់​ដឹកជញ្ជូន​ស្រូវ​និង​ជា​ផ្លូវ​បង្ហូរទឹក​បញ្ចៀស​ទឹកជំនន់​នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ផងដែរ​។ ប៉ុន្តែ​ឥឡូវនេះ​លោក ហឹម លី​ឡា បាន​ចាក់ដី​លុប​ទាំងស្រុង​ដែល​អាចធ្វើ​ឲ្យ​ទឹក​ជន់​លិច​ស្រូវ​របស់​ពួកគាត់​នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ដើម្បី​ឲ្យ​អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក ចាត់វិធានការ​ដោះស្រាយ​។ ប្រជាពលរដ្ឋ​បានលើកឡើង​ទៀតថា ឥឡូវនេះ​ទាំង​មេឃុំ និង​អភិបាលស្រុក បាន​ដឹងឮ​អស់​ទៅហើយ​ដូច្នេះ​ពួកគាត់​រង់ចាំ​មើល​បទ​បញ្ជា​ដែល​តម្រូវ​ឲ្យ​លោក ហឹម លី​ឡា កាយ​ដី​ចេញពី​ព្រែក​វិញ​ក្នុងពេល​ឆាប់ៗ​៕

4628880be27e222ba805099c96975345លោក ប៊ុន លើត អភិបាលខេត្តកោះកុង  Untitled-1-47