រោង​ម៉ាស៊ីន​អារឈើ​នៅ​ឃុំ​មនោ​រម្យ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ជាប្រភព​ចំណូល​របស់​មន្ត្រី​ពុករលួយ​

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ពន្លឹក ឃុំ​មនោ​រម្យ ស្រុក​ថ្ពង បាន​ឲ្យ​ដឹងថា​នៅក្នុង​មូលដ្ឋាន​ពួកគាត់​មាន​រោង​ម៉ាស៊ីន​អារឈើ​ប្រើ​ម៉ាស៊ីន​រ៉ៃ​មួយកន្លែង​ដំណើរការ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ មិនដែល​ឃើញ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ​បង្ក្រាប​នោះទេ​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​មនោ​រម្យ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ចែ​ណា ដែលជា​ម្ចាស់​រោង​អារឈើ​នោះ​មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ បញ្ហា​នេះ​អាចមាន​ការបើក​ដៃ​ពី​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ស្ពឺ​ផងដែរ ទើប​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​ថ្ពង មិន​បង្ក្រាប​រោង​ម៉ាស៊ីន​របស់​ចែ​ណា​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​មនោ​រម្យ បាន​ឲ្យ​ដឹង​ទៀតថា​ឈ្មោះ ផល្លី និង​ឈ្មោះ​មឿ​ន មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​ថ្ពង បានដឹង​យ៉ាងច្បាស់​ពី​រោង​ម៉ាស៊ីន​អារឈើ​ខុសច្បាប់​របស់​ចែ​ណា នៅ​ភូមិ​វាល​ពន្លឹក ប៉ុន្តែ​ប្រហែល​ដោយសារ​មន្ត្រី​ទាំង​២​នាក់​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍ ទើប​មិន​ចាត់វិធានការ​ទប់ស្កាត់​។ ម្យ៉ាងទៀត​ប្រហែល​មកពី​ចែ​ណា ដែលជា​ម្ចាស់​រោង​ម៉ាស៊ីន​អារឈើ​ខុសច្បាប់​នោះ មាន​ទំនាក់ទំនង​ល្អជា​មួយ​មេៗ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ស្ពឺ ទើប​អាច​ដំណើរការ​រោង​ម៉ាស៊ីន​អារឈើ​យ៉ាង​រលូន​គ្មាន​ឧបសគ្គ​រំខាន​។ រហូតមកដល់​ពេលនេះ​រោង​ម៉ាស៊ីន​អារឈើ​របស់​ចែ​ណា នៅតែ​ដំណើរការ​យ៉ាង​គគ្រឹកគគ្រេង គឺ​ធ្វើ​សកម្មភាព​អារឈើ​និង​ដឹកជញ្ជូន​ឈើ​ទាំងយប់​ទាំង​ថ្ងៃ​ដោយ​ពុំមាន​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ណា អើពើ​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​ស្របទៅតាម​បទបញ្ជា​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឡើយ​។

ប្រជាពលរដ្ឋ​នៅ​ឃុំ​មនោ​រម្យ ស្រុក​ថ្ពង បាន​ឲ្យ​ដឹងថា​មកពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត ប្រព្រឹត្ត​អំពើពុករលួយ​ទទួល​សំណូក​ពី​ចែ​ណា ដែលជា​ម្ចាស់​រោង​អារឈើ​ខុសច្បាប់​ទើប​បណ្ដោយ​ឲ្យ​រោង​អារឈើ​នោះ បន្ត​ដំណើរការ​យ៉ាងរ​លូន​។ ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឈ្មោះ ផល្លី និង​ឈ្មោះ មឿ​ន បានចេញ​ចូលទៅ​កាន់​រោង​ម៉ាស៊ីន​អារឈើ​របស់​ចែ​ណា ជា​ញឹកញាប់​ប៉ុន្តែ​ពួកគេ​មិន​បង្ក្រាប​រោង​ម៉ាស៊ីន​អារឈើ​ខុសច្បាប់​នេះឡើយ ប្រហែល​ខ្លាច​បាត់បង់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ បញ្ហា​នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរពិនិត្យមើល​ខ្លះ​ផង​ព្រោះ​រោង​ម៉ាស៊ីន​អារឈើ​របស់​ចែ​ណា ជា​កត្តា​ដែល​នាំ​ឲ្យ​កើតមាន​បទល្មើស​កាប់​ឈើ​នៅក្នុង​ស្រុក​ថ្ពង និង​ស្រុក​ឱ​រ៉ា​ល់ យ៉ាង​មហន្តរាយ​៕

13450803_1721817594751598_8780963783345849048_n 13422330_1721817631418261_1158668382202235764_o 13442380_1721817548084936_2388216294920461090_n 13418680_1721817561418268_2268856694484025935_n