ខណ្ឌ​រដ្ឋបាល​ជលផល​ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​រដូវ​បិទ​នេសាទ

ខណ្ឌ​រដ្ឋបាល​ជលផល​ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​រដូវ​បិទ​នេសាទ



ស្ទឹងត្រែង ​៖ ​កម្លាំង​រដ្ឋបាល​ជលផល​សហការ​ជាមួយ​ឆ្មាំ​ទន្លេ​ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​រដូវ​បិទ​នេសាទ​រយៈពេល​ពីរ​ថ្ងៃ ​ចាប់ពី​ថ្ងៃ​ទី​២២-២៣​ខែ​មិថុនា ​ឆ្នាំ​២០១៦​ នៅ​ចំណុច​អន្លង់​អភិរក្ស​ពូជ​ត្រី​កោះ​ជ្រឹម និង​អន្លង់​អភិរក្ស​ត្រី​ផ្សោត​ត្បូង​ខ្លា ស្រុក​សៀម​បូក ក្នុង​ពេល​ជនសង្ស័យ​លួច​ប្រើ​ឧបករណ៍​ខុសច្បាប់​នៅ​តំបន់​ហាមឃាត់។

លោក​ឌៀប បូរ៉ា​នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​បាន​អះអាង​ថា ​ច្បាប់​ជលផល​ ត្រូវ​បាន​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តាម​ឃុំ​នីមួយៗ ​និង​ឆ្មាំ​ទន្លេ​​ ​ធ្វើ​ការ​ផ្សព្វផ្សាយ ​​ទូលំទូលាយ​រួច​មក​ហើយ តែ​ជនសង្ស័យ​មួយ​ចំនួន​នៅតែ​លួចលាក់​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ​ជាពិសេស​លួច​ដាក់មង​ នៅ​តាម​អន្លុង​អភិរក្ស​ពូជ​ត្រី​នៅ​ពេល​យប់​ជាដើម។

លោក​នាយ​ខណ្ឌ​បញ្ជាក់​​ថា ​ករណី​លួចលាក់​នេះ ​សមត្ថកិច្ច​ចុះ​ល្បាត​មិន​អត់​ឱន​ឲ្យ​ទេ ត្រូវតែ​ធ្វើការ​រឹបអូស និង​ឃាត់ខ្លួន​យក​មក​អនុវត្ត​តាមច្បាប់ ទោះបី​ក្នុង​រូបភាព​បែប​ណា​ក៏ដោយ។ លោក​ថា​ ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ចាប់​ពី​ថ្ងៃ​២២-២៣​ ខែ​មិថុនា​នេះ ​កម្លាំង​សមត្ថកិច្ច​បានធ្វើការ​រឹបអូស​បាន​មង​ចំនួន​៤៨​ត្បូង ស្មើ​នឹង​ប្រវែង​២៣១៥​ម៉ែត្រ​ និង​បាន​ធ្វើ​ការ​អប់រំ​ដល់​អ្នកនេសាទ​ចំនួន​១៥​នាក់។

ប្រជាពលរដ្ឋ​នៅ​ឃុំ​កោះ​សំពាយ​បាន​សាទរ​ដល់​សកម្មភាព​បង្ក្រាប​បទល្មើស​នេះ ពីព្រោះ​វា​អាច​ការពារ​ពូជ​ត្រី​សំខាន់ៗ​ឲ្យ​សម្បូរ​បែប​ឡើងវិញ ​ដោយសារ​​​នេះ​ជា​រដូវ​បិទ​នេសាទ ហើយ​ការ​បង្ក្រាប​នេះ​ធ្វើឲ្យ​ជនសង្ស័យ​មានការ​ខ្លាចរអា​ខ្លះ​ដែរ ទោះបី​ចាប់ខ្លួន​មិនបាន​ក៏ដោយ។

សូមបញ្ជាក់ថា​នៅក្នុង​ឆមាស​ទីមួយ​ឆ្នាំ​២០១៥​នេះ ខណ្ឌ​រដ្ឋបាល​ជលផល​ធ្វើ​សកម្មភាព​បង្ក្រាប​បទល្មើស​បាន​ចំនួន​៣​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​ បញ្ជូន​ទៅ​តុលាការ ជាមួយ​នឹង​វត្ថុ​តាង​​ មង​ប្រវែង​ជាង​២​ម៉ឺន​ម៉ែត្រ ក្បាល​ឆក់​២​គ្រឿង អាគុយ​២ ថ្នង​១ ទូក​ម៉ាស៊ីន​១​គ្រឿង ថ្នាំ​បំពុល និង​ឧបករណ៍​ប្រើប្រាស់​ខុសច្បាប់​ផ្សេងៗ​មួយ​ចំនួន​ទៀត​ត្រៀម​នឹង​ដុត​កម្ទេច​​ចោល៕
ខណ្ឌ​រដ្ឋបាល​ជលផល​ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​រដូវ​បិទ​នេសាទ

ខណ្ឌ​រដ្ឋបាល​ជលផល​ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​រដូវ​បិទ​នេសាទ