បុរស​សតិ​មិន​គ្រប់​ម្នាក់​ លួច​រថយន្ត​ ១​គ្រឿង​ ត្រូវ​នគរបាល​ឃាត់ខ្លួន​

បុរស​សតិ​មិន​គ្រប់​ម្នាក់​ លួច​រថយន្ត​ ១​គ្រឿង​ ត្រូវ​នគរបាល​ឃាត់ខ្លួន​



ព្រះវិហារ ​ ៖ ​កម្លាំង​នគរបាល​ក្រុង​ព្រះវិហារ ​បាន​​ឃាត់​ខ្លួន​បុរស​ម្នាក់ ​ករណី​​​លួច​យក​រថយន្ត​ម៉ាក​តូយ៉ូតា​ប្រភេទ​១​បាំង​កន្លះ​ ស៊េរី​ចាស់​១​គ្រឿង​ច្នៃ​ត​ទ្រុង​ខាងក្រោយ​ ខណៈ​ម្ចាស់​ចត​ទុកចោល​ក្រៅរបង​ផ្ទះ​ ហើយ​បើក​រត់​ទៅ​ធ្លាក់​ផ្លូវ​បណ្ដាល​ឲ្យ​ជាប់​ផុង​ទៅ​មុខ​មិន​រួច​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៣​ ខែ​មិថុនា ​ឆ្នាំ​២០១៦​ ស្ថិត​នៅ​ភូមិ​ពោធិ៍​ខឿន ​ឃុំ​ពោធិ៍​ ស្រុក​ត្បែងមានជ័យ។

រថយន្ត​តូយ៉ូតា​កញ្ចាស់​នេះ​ពណ៌​ស​ ពាក់​ស្លាក​លេខ​ក្រុងប៉ៃលិន​២A០៣៩៥​ជា​កម្មសិទ្ធិ​របស់​ខ្មែរឥស្លាម​ម្នាក់។

បុរស​ជា​ជនសង្ស័យ ​និង​វត្ថុ​តាង​រថយន្ត​១​គ្រឿង​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​នាំ​យក​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះវិហារ​ដើម្បី​សាកសួរ​​ ​និង​​​កសាង​សំណុំរឿង​ទៅតាម​នីតិ​វិធី​ច្បាប់ ​ដោយ​មន្ត្រី​នគរបាល​យុត្តិធម៌​បាន​រាយការណ៍​ជូន​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ជាមុន​ផង​ដែរ។

លោក​គង់គារ ​អធិការ​នគរបាល​ក្រុង​ព្រះវិហារ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​មិថុនា​ថា ​បុរស​ជា​ជនសង្ស័យ​ម្នាក់​នេះ​ឈ្មោះ​ណាំ​ការ​ អាយុ​ប្រមាណ​៣៥​ឆ្នាំ​ រស់នៅ​ខេត្ត​កំពង់ធំ​ ជា​មនុស្ស​មាន​សតិ​មិន​គ្រប់​ ដើរ​ពនេចរ​គ្មាន​ទីលំនៅ​ពិតប្រាកដ​នោះ​ទេ។ រីឯ​ម្ចាស់​រថយន្ត​ឈ្មោះ​មី​ស៊ី​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​រកស៊ី​ដឹក​ត្រី​ពី​ខេត្តសៀមរាប​មក​ខេត្តព្រះវិហារ​ មាន​ទីលំនៅ​ភូមិ​កណ្តាល​សង្កាត់​កំពង់​ប្រណាក ​ក្រុង​ព្រះវិហារ។

ម្ចាស់​រថយន្ត​បាន​ចត​ទុក​រថយន្ត​របស់​ខ្លួន​មុខ​ផ្ទះ​ ហើយ​ភ្លេច​យក​សោ​រថយន្ត​ចេញ​ ក៏​ត្រូវ​បុរស​សតិ​មិន​គ្រប់​ម្នាក់​នេះ​លួច​ឡើង​បើក​រថយន្ត​រត់គេច​តែ​ម្តង។

លោក​អធិការ​នគរបាល​បន្ត​ថា ​សមត្ថកិច្ច​បាន​ជូនដំណឹង​ដល់​គ្រួសារ​ជនសង្ស័យ​នៅ​ឯ​ខេត្ត​កំពង់ធំ​ឲ្យ​ឡើង​មក​ដោះស្រាយ​ជាមួយ​សមត្ថកិច្ច​ ប៉ុន្តែ​ខាង​សាច់ញាតិ​ប្រាប់​មកវិញ​ថា ​គ្មាន​អ្នកណា​មក​ជួប​ទេ ពី​ព្រោះ​ប្រពន្ធ​របស់​ជនសង្ស័យ​ ក៏​មាន​សតិ​មិន​គ្រប់​ដែរ។

លោក​គង់គារ​ថ្លែង​ដូច្នេះ​ថា ​មកដល់​ថ្ងៃ​ទី​២៤ ខែ​​មិថុនា​នេះ​ សមត្ថកិច្ច​រង់ចាំ​ដំណឹង​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ និង​ពី​លោក​ស្នងការ​រង​នគរបាល​ខេត្ត​ព្រះវិហារ​ទទួលបន្ទុក​ការិយាល័យ​កណ្ដាល​យុត្តិធម៌​ បើ​ឲ្យ​ដោះលែង​ជនសង្ស័យ​នោះ​ លោក​នឹង​អនុវត្ត​តាម​ថ្នាក់លើ​ភ្លាម​ហើយ​បើ​ឲ្យ​លោក​បញ្ជូន​បន្ត​នោះ​លោក​នឹង​បញ្ជូន​ភ្លាម​ផង​ដែរ៕

បុរស​សតិ​មិន​គ្រប់​ម្នាក់​ លួច​រថយន្ត​ ១​គ្រឿង​ ត្រូវ​នគរបាល​ឃាត់ខ្លួន​