ឯកឧត្តម​សម រង្ស៊ី​៖ ខ្ញុំ​ហ៊ាន​ជាប់ពន្ធនាគារ ឫ​ស្លាប់​បើ​កម្ពុជា​អាច​រួចផុត​ពី​ក្រញាំ​វៀតណាម

ក្នុងសុន្ទរកថា នៅទីក្រុងឡូវែល សហរដ្ឋអាមេរិក អ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់បានស្នើឱ្យ ឯកឧត្តមសម រង្ស៊ី ដែលជាប្រធានគណបក្ស កុំរត់ចេញពីប្រទេសកម្ពុជា ដោយហ៊ានប្រឈមនឹងការ ជាប់ពន្ធនាគារ នៅពេលមានបញ្ហាចោទប្រកាន់ផ្សេងៗ ដូចអ្នកស្រីអ៊ុង សានស៊ូជី ដែលជាអ្នកតស៊ូនយោបាយ នៅប្រទេសភូមា។

ជាការឆ្លើយតប ឯកឧត្តម សម រង្ស៊ី បានអះអាងថា ខ្លួនមិនដែលខ្លាច ការជាប់ពន្ធនាគារ ឫខ្លាចការស្លាប់ឡើយ។ ឯកឧត្តមហ៊ាននៅប្រទេសកម្ពុជាជាប់ពន្ធនាគារ ឫព្រមឱ្យគេសម្លាប់ ប្រសិនបើប្រទេសកម្ពុជា អាចរួចផុតពីក្រញាំរបស់វៀតណាមបាន…………

សំឡេង ឯកឧត្តមសម រង្ស៊ី៖

ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានអំពាវនាវ កុំឱ្យប្រៀបធៀបប្រទេសកម្ពុជា ជាមួយនឹងប្រទេសភូមា ព្រោះថានៅភូមាគេដោះស្រាយបញ្ហាដោយសន្ដិវិធី ដែលទាហានភូមាមិន មានបំណងសម្លាប់អ្នកស្រី អ៊ុង សានស៊ូជីឡើយ។ ជម្លោះនយោបាយនៅភូមាជាបញ្ហាផ្ទៃក្នុងរវាងភូមា នឹងភូមា ដែលខុសពី បញ្ហានយោបាយនៅស្រុកខ្មែរ គឺជាបញ្ហារវាងកម្ពុជា នឹងវៀតណាម។

សូមជម្រាបថា បច្ចុប្បន្ន ឯកឧត្តម សម រង្ស៊ីកំពុងភៀសខ្លួននៅក្រៅប្រទេស គេចពីការប្តឹងរបស់មន្ត្រីគណបក្សប្រជាជន ខណៈដែលមន្ត្រី និងសកម្មជន របស់ខ្លួនមួយចំនួនកំពុងជាប់ពន្ធនាគារ ដូចជា លោកមាជ សុវណ្ណរ៉ា លោកហុង សុខហួរ និងលោកអ៊ុំ សំអាន…ជាដើម៕

ប្រភពៈ វេយោ