ឌុច ថា​អ្នក​ទោស​ឆ្លើយ​ដាក់​លោក ហេង សំរិន ពាក់ព័ន្ធ​នឹង​ផែនការ​រដ្ឋ​ប្រហារ ប៉ុល ពត

សវនាការរបស់អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី២៣ មិថុនា បន្តស្ដាប់ការសួរដេញដោលសាក្សី កាំង ហ្កេកអ៊ាវ ហៅ ឌុច។ ការស្ដាប់សក្ខីកម្មដែលឈានចូលដល់ថ្ងៃទី១១ សាក្សី ឌុច ថ្លែងថា មានអ្នកទោសនៅគុកទួលស្លែងឆ្លើយដាក់លោក ហេង សំរិន ពាក់ព័ន្ធនឹងផែនការរដ្ឋប្រហារ ប៉ុល ពត។

ការថ្លែងរបស់សាក្សី ឌុច នៅថ្ងៃទី២៣ មិថុនា ទាក់ទងនឹងលោក ហេង សំរិន គឺនៅត្រង់ចំណុចដែលមេធាវីការពារក្ដីជនជាប់ចោទ នួន ជា សួរដេញដោលអំពីការចាប់កម្មាភិបាលកងទ័ពភូមិភាគឧត្ដរ បូព៌ា និងពាយ័ព្យ ក្នុងផែនការធ្វើរដ្ឋប្រហារផ្ដួលរំលំ ប៉ុល ពត។

លោកថា កម្មាភិបាលជាច្រើននាក់ត្រូវបានចាប់ខ្លួនតាមការតាមដានរបស់គណៈមជ្ឈិមជាយូរមកហើយ ហើយផ្សំជាមួយចម្លើយអ្នកទោសដែលចាប់មកមន្ទីរ «ស-២១» ឆ្លើយដាក់៖ «ខ្ញុំសុំនិយាយអំពីរឿងជាក់ស្ដែងដែលខ្ញុំជាអ្នកប្រតិបត្តិការជាក់ស្ដែង ជាប្រធាន ២១។ ចម្លើយអ្នកទោសដែលចាប់មកនៅ ២១ ពិតជាមានការឆ្លើយដាក់មនុស្សច្រើន ក្នុងនោះមានមិត្ត ចក្រី ឆ្លើយដាក់បង ឈូក ឆ្លើយដាក់ដូចបង ជ័យ សួន អីហ្នឹង ហើយមិត្ត អឿន សុទ្ធតែចាប់មកហើយ។ ដោយឡែកវាក៏ពិតជាមានឆ្លើយដាក់បង រិន ដែរ តែអត់បានចាប់មកទេ។ គាត់នៅរស់ទាល់តែសព្វថ្ងៃជាប្រធានសភាប្រជាជនកម្ពុជា។ ពិតជាមានការឆ្លើយដាក់»

លោក ហេង សំរិន អតីតជាមេបញ្ជាការកងពលនៅភូមិភាគនិរតី ដែលមានកម្មាភិបាលឈ្មោះ សោ ភឹម ជាប្រធានភូមិភាគ និងជាសមាជិកនៃគណៈអចិន្ត្រៃយ៍នៃបក្សកុម្មុយនិស្តកម្ពុជា។

សាក្សី ឌុច ថ្លែងថា លោកមិនបានដឹងអំពីផែនការរដ្ឋប្រហាររបស់កម្មាភិបាល ដែលមាននិន្នាការទៅរកវៀតណាម ទាំងនោះទេ ហើយថា ការសម្រេចចាប់ខ្លួនក៏មិនមែនលោកដែរ គឺគណៈអចិន្ត្រៃយ៍នៃបក្សកុម្មុយនិស្តកម្ពុជា ជាអ្នកសម្រេច។ លោកថា មន្ទីរសន្តិសុខ ស-២១ ដែលជាមន្ទីរប្រឆាំងចារកម្មមានតួនាទីតាមដាន និងប្រឆាំងរាល់ចារបុរស៖ «ក្នុងឋានៈ ស២១ នេះ វាជាស្ថាប័នប្រឆាំងចារកម្ម។ ដូច្នេះចារកម្មដែលស្រួចបំផុត មិនមែនថៃ ទេ គឺយួន។ ឯអាមេរិកាំង យើងនៅបោសសម្អាតបន្តិចបន្តួច។ នេះគឺខ្ញុំនិយាយអ៊ីចឹង»

នៅពេលដែលមេធាវីការពារក្ដីសួរដេញដោលអំពីឈ្មោះលោក ហ៊ុន សែន ថានៅក្នុងបក្ខពួកជាមួយកម្មាភិបាលឈ្មោះ អឿន ដែលត្រូវបានចាប់ខ្លួននោះ លោកឆ្លើយថា លោកមិនស្គាល់ឈ្មោះនេះពីមុនមកទេ៖ «ឈ្មោះដែលរៀបរាប់អម្បាញ់មិញជាឈ្មោះដែលខ្ញុំស្គាល់ភាគច្រើន ហើយដែលជាប់នៅ ស២១។ ដោយឡែកតែឈ្មោះ ហ៊ុន សែន ខ្ញុំសុំបញ្ជាក់ជាឱឡារិកថា ខ្ញុំអត់ដែលឮទេ។ ឈ្មោះ ហ៊ុន សែន នេះ ខ្ញុំឮក្រោយ ៧ មករា»

លោក ឌុច ឲ្យដឹងដែរថា ការងារសម្រិតសម្រាំងខ្មាំងផ្ទៃក្នុងបក្សកុម្មុយនិស្តកម្ពុជា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ មិនជាប់ពាក់ព័ន្ធនឹងលោក អៀង សារី លោក វន វ៉េត និងជនជាប់ចោទ ខៀវ សំផន ទេ។ លោកបដិសេធថា ជនជាតិចាម ដែលត្រូវគេចាប់មកមន្ទីរ ស-២១ ក៏មិនមែនដោយសាររឿងជាតិសាសន៍ដែរ៖ «គេចាប់ជនជាតិចាម មកឲ្យខ្ញុំក្នុងឋានៈជាចាម អត់មានទេ។ ប៉ុន្តែ សឹម ម៉េល ហៅ ម៉ាន គាត់ជាចាម គាត់មកធ្វើបដិវត្តន៍។ ប៉ុន្តែក្រោយមកគាត់ធ្វើខុស គេចាប់ពីស្រែកយកមកភ្នំពេញ ហើយកម្ទេចបាត់ហើយ។ ដូច្នេះគេមិនចាប់មនុស្សឲ្យតែឃើញចាម ដើម្បីប្រល័យពូជសាសន៍ចាម អត់ទេ។ ប៉ុន្តែចាម ធ្វើខុស ដូច សឹម ម៉េល ហៅ ម៉ាន ធ្វើម៉េចបើអ្នកឯងធ្វើខុស»

សក្ខីកម្មរបស់សាក្សី ឌុច នៅមិនទាន់ចប់ទេ ហើយលោកនឹងត្រូវមកផ្ដល់សក្ខីកម្មបញ្ចប់នៅថ្ងៃច័ន្ទ ទី២៧ មិថុនា សប្ដាហ៍ក្រោយ។ បន្ទាប់ពីសាក្សី ឌុច អង្គជំនុំជម្រះនឹងបន្តសវនាការស្ដាប់សក្ខីកម្មថ្មីរបស់ដើមបណ្ដឹងរដ្ឋប្បវេណីមួយរូបទៀត៕

ប្រភពៈ RFA