រឿង​លោក ដុម ហាក់ កាត់​ដី​អង្គភាព​មណ្ឌល​៤​ចែក​ឲ្យ​បុគ្គល ត្រូវ​ប្រឈម​នឹង​ការតវ៉ា​យ៉ាងខ្លាំង​ក្លា​

​កាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ នាយទាហាន នាយទាហានរង និង​ពលទាហាន នៅ​អង្គភាព​មណ្ឌល​៤​ប្រចាំខេត្ត​សៀមរាប ចំណុះ​ឲ្យ​ការិយាល័យ​ទី​២​កងទ័ពជើងគោក​បាន​ធ្វើការ​តវ៉ា ដើម្បី​ទាមទារ​ដី​រួម​ដែល​ចៅហ្វាយនាយ​របស់​ពួកគេ​កាត់​ទៅ​ឲ្យ​បុគ្គល​មួយចំនួន​ជា​កម្មសិទ្ធិឯកជន​។ នាយទាហាន នាយទាហានរង និង​ពលទាហាន ដែល​តវ៉ា​នោះបាន​ធ្វើលិខិត​ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៦ ដើម្បី​សុំ​អន្តរាគមន៍​ពី​លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ផងដែរ​។ នៅក្នុង​លិខិត​សុំ​អន្តរាគមន៍​បានបញ្ជាក់​យ៉ាងច្បាស់​រឿង​លោក ដុម ហាក់ កាត់​ដី​អង្គភាព​មណ្ឌល​៤​ឲ្យ​បុគ្គល​មួយចំនួន​ជា​បក្ខពួក​របស់ខ្លួន​។

នៅក្នុង​លិខិត​សុំ​អន្តរាគមន៍​ដែលមាន​ស្នាម​មេដៃ​មន្ត្រី​យោធា​៨២​នាក់​បាន​ឲ្យ​ដឹងថាៈ ដី​ទីស្នាក់ការ​មណ្ឌល​៤​ប្រចាំការ​នៅ​ខេត្តសៀមរាប ទំហំ​៦១២៨​ម៉ែត្រការ៉េ ត្រូវបាន​អតីត​មេបញ្ជាការរង​នៃ​កងទ័ពជើងគោក គឺ​លោក ដុម ហាក់ ដែល​ទទួលបន្ទុក​ការិយាល័យ​ទី​២​យកទៅ​បែងចែក​ឲ្យ​បក្ខពួក​និង​សាច់ញាតិ​ខាង​ប្រពន្ធ​របស់គាត់​កាន់កាប់​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។ ទីតាំង​នោះ​ជា​អតីត​សា​លាម​ត្តេ​យ្យ ទៀ បាញ់ ដែល​ផ្ដល់​ឲ្យ​ដោយ​តំណាងរាស្ត្រ សៀង ណាំ សម្រាប់​កងទ័ពជើងគោក​ធ្វើ​ទីស្នាក់ការ​ជាង​១០​ឆ្នាំ​មកហើយ គឺ​នៅពេលនោះ​មាន​លោក​វរសេនីយ៍ឯក ប្រាក់ ហឿន ជា​នាយក​មណ្ឌល ឧ​ត្ត​ម​សេនីយ៍ ថោង ថាវ​រិន្ទ ជា​នាយរង​ការិយាល័យ​ទី​២​ទទួលបន្ទុក​មណ្ឌល​៤ ឧ​ត្ត​ម​សេនីយ៍ សំរិទ្ធ ហ៊ុន ជា​នាយការិយាល័យ​ទី​២ និង​ឧ​ត្ត​ម​សេនីយ៍ ដុម ហាក់ ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក​ទទួលបន្ទុក​ការិយាល័យ​ទី​២​។

នៅក្នុង​លិខិត​របស់​នាយទាហាន នាយទាហានរង និង​ពលទាហាន មាន​ស្នាម​មេដៃ​៨២​នាក់​បាន​បញ្ជាក់ថា លោក ដុម ហាក់ យក​ដី​មណ្ឌល​ទំហំ​៦១២៨​ម៉ែត្រការ៉េ ទៅ​បែងចែក​ឲ្យ​បក្ខពួក​មួយចំនួន​ដូចជា ឈ្មោះ ប្រាក់ ហឿន កាន់កាប់​ទំហំ​១២​ម​x៥៤​ម​, ឈ្មោះ ប៊ុត រម្យ កាន់កាប់​៥,៨០x៥៣,៣០​ម​, ឈ្មោះ ជា ម៉េង ត្រូវជា​ប្អូន​ប្រពន្ធ​លោក ដុម ហាក់ កាន់កាប់​ដី​៤២​ម​x២០​ម និង​ឈ្មោះ តាំង អៀង ត្រូវជា​ឪពុកមា​ប្រពន្ធ​លោក ដុម ហាក់ កាន់កាប់​ទំហំ​២០​ម​x៣០​ម​។ ការបែងចែក​ដីធ្លី​អង្គភាព​ទៅ​ឲ្យ​បក្ខពួក​របស់ខ្លួន​ធ្វើជា​កម្មសិទ្ធិឯកជន​បែបនេះហើយ ទើប​នាយទាហាន នាយទាហានរង និង​ពលទាហាន អង្គភាព​មណ្ឌល​៤​ខេត្តសៀមរាប ធ្វើការ​តវ៉ា​យ៉ាង​ខ្លាំងក្លា​។ បញ្ហា​នេះ​លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​លោក ដុម ហាក់ ប្រើ​អំណាច​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​តទៅទៀត​៕

10868149-1649-4d7c-a4d7-7a6a4ff2ddff​លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ army-SR1-500x316