បុរស​ជនជាតិ​ចិន​បើកឡាន​បុក​គោយន្ត​ដឹក​ឈើ​ បណ្ដាល​ឲ្យ​របួសធ្ងន់​ស្រាល​០៧​នាក់​

បុរស​ជនជាតិ​ចិន​បើកឡាន​បុក​គោយន្ត​ដឹក​ឈើ​ បណ្ដាល​ឲ្យ​របួសធ្ងន់​ស្រាល​០៧​នាក់​



សៀមរាប​ ​៖ ​យ៉ាងហោចណាស់​មាន​មនុស្ស​ស្រី​ចំនួន​០៧​នាក់​ បាន​រង​របួស​ធ្ងន់​ និង​ស្រាល​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​រវាង​រថយន្ត​ហាយ​ឡែ​នឌ័រ ​ដែល​បើកបរ​ដោយ​ជនជាតិ​ចិន​ បាន​​បុក​ជាមួយ​គោយន្ត​កន្ត្រៃ​ដឹក​ឈើ​ធ្លាក់​ស្នាមភ្លោះ ​ក្នុង​​​​​ទិស​​ដៅ​ស្រប​គ្នា​ពី​ជើង​ទៅ​ត្បូង។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​និង​២០​នាទី​ ថ្ងៃ​ទី​២៣​ ខែ​មិថុនា ​ឆ្នាំ​២០១៦​ ស្ថិត​នៅត្រង់​ចំណុច​ផ្លូវ​កោង​ ក្នុង​ភូមិ​ឃុន​រាម​ ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប។

មន្ត្រី​នគរបាល​ស្រុក​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​ បង្កឡើង​ដោយ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AJ : 6958 បើកបរ​ដោយ​ជនជាតិ​ចិន​ឈ្មោះ HUANG SHUISHAN ក្នុងនោះ​មាន​អ្នករួមដំណើរ​០៣​ នាក់​ ស្រី​០១​ម្នាក់។

មន្ត្រី​ដដែល​បន្ត​ថា បុរស​ជនជាតិ​ចិន​បើកបរ​ក្នុង​ល្បឿន​លឿន​ លុះដល់​ចំ​ផ្លូវ​កោង ​ស្ថិត​ក្នុង​ភូមិ​ឃុន​រាម ​ដោយ​យក​ចង្កូត​មិន​ទាន់ ក៏​បាន​ជ្រុល​ទៅ​បុក​គោយន្ត​កន្ត្រៃ​ដឹក​ឈើ​បង្គោល​ក្រាក់​ពេញ​ទំហឹង ​ធ្វើ​ឲ្យ​រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង​ និង​បណ្ដាល​ឲ្យ​គោយន្ត​កន្ត្រៃ​ធ្លាក់​ពីលើ​ផ្លូវ ​ហើយ​បាន​បណ្ដាល​ឲ្យ​អ្នក​បើក​គោយន្ត​កន្ត្រៃ​និង​អ្នក​រួម​ដំណើរ​០២​នាក់​ទៀត​ រង​របួស​ធ្ងន់​និង​ស្រាល​។

កោយ​ពេល​កើតហេតុ​ ជនជាតិ​ចិន​ទាំង​០៤​នាក់ ​ត្រូវ​បាន​ដឹក​យក​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ត​សៀមរាប រីឯ​អ្នក​រង​របួស​០៣​នាក់​ទៀត​(​គោយន្ត​កន្ត្រៃ​)​ត្រូវ​បាន​ដឹក​យក​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​បន្ទាយស្រី។

បច្ចុប្បន្ន​រថយន្ត​និង​គោយន្ត​កន្ត្រៃ​ ត្រូវ​បាន​សមត្ថកិច្ច​អូស​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយស្រី​រង់ចាំ​ភាគី​ទាំង​០២​ចូលខ្លួន​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់៕
បុរស​ជនជាតិ​ចិន​បើកឡាន​បុក​គោយន្ត​ដឹក​ឈើ​ បណ្ដាល​ឲ្យ​របួសធ្ងន់​ស្រាល​០៧​នាក់​

បុរស​ជនជាតិ​ចិន​បើកឡាន​បុក​គោយន្ត​ដឹក​ឈើ​ បណ្ដាល​ឲ្យ​របួសធ្ងន់​ស្រាល​០៧​នាក់​