ប្រជាពលរដ្ឋ​ចំនួន​១៥​គ្រួសារ​ នៅ​ស្រុក​ប្រាសាទបាគង​បាន​ទទួល​អំណោយ​មនុស្សធម៌

ប្រជាពលរដ្ឋ​ចំនួន​១៥​គ្រួសារ​ នៅ​ស្រុក​ប្រាសាទបាគង​បាន​ទទួល​អំណោយ​មនុស្សធម៌



សៀមរាប​ ៖​ ​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៦ ​នៅ​បរិវេណ​សាលាស្រុក​ប្រាសាទបាគង​ សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ បាន​នាំ​អំណោយ​មនុស្សធម៌​ ផ្ដល់​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​ប៉ះ​មក​លើ​ឃុំ​ចំនួន​៥​ក្នុងស្រុក​ប្រាសាទបាគង​ខេត្ត​សៀមរាប​ ហើយ​បាន​ធ្វើ​ឲ្យ​ដួល​រលំ​ផ្ទះ​ និង​​ប៉ើង​ដំបូល​អស់​ចំនួន​១៥​ខ្នង ​ក្នុង​នោះ​ដួល​រលំ​ផ្ទះ​ខូចខាត​ទាំង​ស្រុង​ចំនួន​៦​ខ្នង និង​​ប៉ើង​ដំបូល​ចំនួន​៩​ខ្នង កាលពី​យប់​ថ្ងៃ​​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៦​កន្លងមក​ថ្មីៗ​នេះ។

លោក​ស៊ុំ សំអន នាយក​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត និង​ជា​តំណាង​របស់​លោក​ស្រី​គួ​យ​ណា​លីន អនុប្រធាន​សាខា ​​បាន​សម្តែង​នៅ​ការ​សោកស្ដាយ​អាណិតអាសូរ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទទួលរង​គ្រោះធម្មជាតិ ដែល​បាន​បំផ្លាញ​ផ្ទះ​សម្បែង​របស់​បងប្អូន។

លោក​ស៊ុំ សំអន ​​​​បញ្ជាក់​ទៀត​ថា សូម​បងប្អូន​កុំ​អស់សង្ឃឹម ត្រូវ​តស៊ូ​បន្ត​ទៀត​ដើម្បី​ជីវភាព​ក្រុម​គ្រួសារ ហើយ​លោក​ក៏បាន​ពាំនាំ​នូវ​ការ​សួរ​សុខ​ទុក្ខ​ ពី​សំណាក់​លោកស្រី​គួ​យ​ណា​លីន អនុ​ប្រធាន​សាខា កាកបាទ​ក្រហម​ខេត្ត ​ដោយ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ឲ្យ​ជាប់​ជានិច្ច នៅ​ពេល​មេឃ​មាន​ភ្លៀង និង​មា​ខ្យល់​លាយ​ឡំ​ផង​ដែរ​នោះ​ ត្រូវ​នាំ​កូន​រក​កន្លែង​មាន​សុវត្ថិភាព។

អំណោយ​មនុស្សធម៌ ​ដែល​យក​មក​ផ្តល់​ជូន​បងប្អូន​នា​ពេល​នេះ​រួមមាន គ្រួសារ រលំ​ផ្ទះ​ទទួល​បាន អង្ករ​ចំនួន​២៥​គីឡូក្រាម​ ស័ង្កសី​ចំនួន​១០​សន្លឹក និង​ថវិកា​១០​ម៉ឺន​រៀល​ចំពោះ​គ្រួសារ ដែល​ប៉ើង​ដំបូល ទទួល​បាន​អង្ករ​២៥ ​គីឡូក្រាម ​តង់​កៅស៊ូ​០១ និង​ថវិកា​​ចំនួន​៣​ម៉ឺន​រៀល៕

ប្រជាពលរដ្ឋ​ចំនួន​១៥​គ្រួសារ​ នៅ​ស្រុក​ប្រាសាទបាគង​បាន​ទទួល​អំណោយ​មនុស្សធម៌