នារី​វ័យក្មេង​រូប​ស្រស់​​ម្នាក់​ត្រូវ​សមត្ថកិច្ច​តាម​ចាប់​ដល់​ក្នុង​បន្ទប់

ខេត្តព្រះវិហារ ៖ នារី​វ័យក្មេង​រូប​ស្រស់​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​តាម​ចាប់ខ្លួន​រហូត​ដល់​ក្នុង​បន្ទប់​​នៅ​ភូមិស្រ​ឯង​ខាងជើង ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៦ ពី​បទ​ចែកចាយ​សារធាតុ​ញៀន ។

លោក​វរសេនីយ៍ត្រី ជូ ប៊ុ​ន​សុង មេបញ្ជាការ​រង​អាវុធហត្ថ​ខេត្ត ទទួល​ទិស​ស្រុក​ជាំ​ក្សាន្ត បានឱ្យ​ដឹង​ថា នារី​សង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ឈ្មោះ ខឿន យ៉ា​រី ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​ពុំ​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង​ភូមិ​-​ឃុំ​ខាងលើ ដោយ​ដក​ហូត​បាន​វត្ថុ​តាង​​រួម​មាន ថ្នាំ​ញៀន​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​៨​កញ្ចប់​តូច​, ទូរ​សព្ទ័​ដៃ​ម៉ាក​ណូ​គា​អិន​ចុច​ពិល​ចំនួន​១​គ្រឿង​, ដែកកេះ​ចំនួន​៤, ថង់​សម្រាប់​ច្រក​ចំនួន​១៥​ថង់​, ទុយោ និង សម្ភារ​សេព​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។

ក្រោយ​ពេល​ចាប់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​នារី​សង្ស័យ​ទៅ​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បន្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី ៕