​មេធាវី​យក​ពង​មាន់​ទៅ​ផ្ញើ​ក្អែក

​រាជ​ធានីភ្នំពេញ ​៖ បុរស​​ម្នាក់​​ដែល​​គេ​ស្គាល់​ថា​ ជា​ស្មៀន​សង្កាត់​ច្រាំង​​ចំរេះទី​២ ខណ្ឌ​ប្ញ​​ស្សី​កែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​​២៤ មិថុនា ត្រូវ​​​សមត្ថ​​កិច្ច​​​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​​ស្រាល​ បាន​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​​តុលាការ ពាក់​ព័​ន្ធ​ពី​បទ​​​រំលោភ​លើ​​សេចក្តី​​ទុក​ចិត្ត ។

ជន​​ជាប់​សង្ស័យ​​ឈ្មោះ​ជិន សត្យា ភេទ​ប្រុស អាយុ​៤២​​ឆ្នាំ ​ជា​ស្នៀ​ន​សង្កាត់ចំរេះ២ ស្នាក់​នៅផ្ទះលេខ​៤៤​៧B ផ្លូវ​លំ ​ក្នុង​ភូមិ​ឡ​កំបោរ​ សង្កាត់​​ស្វាយប៉ាក ខណ្ឌ​ប្ញ​​ស្សី​កែវ រាជធានី​ភ្នំពេញ ។ ទាក់​ទិន​នឹង​ការ​ចាប់​ខ្លួន​​​ស្មៀន​សង្កាត់​ខាងលើ​នេះ ត្រូវ​​​សមត្ថ​​កិច្ច​នគរ​បាល​ព្រហ្មទណ្ឌ​ឱ្យ​​ដឹង​ថា ជា​ការ​អនុវត្ត​ន៍​តាម​ដីកា​​បង្គាប់​ឱ្យ​​ចូល​ខ្លួន​របស់​តំណាង​អយ្យការ​អម​​សាលាដំបូង​​ រា​ជ​ធានី​ភ្នំពេញ ។

ប្រភព​ឱ្យដឹង​​​ថា ដីកា​​បង្គាប់​ឱ្យ​ចូលខ្លួន​នោះ​ គឺ​យោង​ទៅ​លើ​ពាក្យ​បណ្តឹង​របស់​មេធាវី​​ម្នាក់​បាន​ប្តឹង​ចោទប្រកាន់​ស្មៀន​​ សង្កាត់​ច្រាំង​ចំរេះ​ពី​បទ​​​រំ​លោទ​លើ​ទំនុក​ចិត្ត ​លើ​ទឹកប្រាក់​ចំនួន​៤.៥០០​ដុល្លារ​​អា​មេ​​រិ​ក ។ ពាក្យបណ្តឹង​របស់​មេធាវី​​បាន​បញ្ជាក់​ថា កាល​ពី​អំឡុង​ចុងឆ្នាំ​​២០១៤ លោក​មេធាវី​បាន​ទទួល​ការពារ​រឿង​ក្តី​ព្រហ្មទណ្ឌ​ចំនួន​២​រឿង ដែល​មាន​កូនក្តី​៥នាក់ ។

តម្លៃ​សេវា​មេធាវី​ការពារ​ក្តី​រឿង​ព្រហ្មទណ្ឌ​នោះ​ ក្នុង​ម្នាក់​ចំនួន​១.១០០​ដុល្លារ​អា​មេ​រិ​ក សរុប​៥​នាក់​ (៥.៥០០​ដុល្លារ​)​។ នៅ​ពេល​កូនក្តី​ពឹងពាក់​ឱ្យ​​ជួយ​កា​ពារ​រឿង​ព្រហ្មទណ្ឌ​នោះ ហើយមាន​តំណាង​កូនក្តី​៥​នាក់​ បាន​សុំ​បង់​សេវា​មេធាវី​មុន​ត្រឹមតែ​១.០០០​ដុល្លារ​​សិន​​ទេ ប្រាក់​នៅ​សល់​៤.៥០០​ដុល្លារ​ទៀត និង​សន្យា​បង់​តាម​ក្រោយ​នៅ​ពេល​ដំណើរការ​ក្តី​មាន​ភាព​រលូន​ទៅ​មុខ ។

ក្រោយមក​រឿង​ក្តី​នោះ​ ក៏​សម្រេច​បាន​ដោយ​ជោគជ័យ មេធាវី​ជាប់រវល់​បេស​កកម្ម ទៅ​តាម​បណ្តា​ខេត្ត បាន​ពឹងពាក់​លោក​ជិន សត្យា ជា​ស្មៀន​​សង្កាត់​ច្រាំង​ចំរេះ​២ ដែល​ជា​អ្នក​រាប់អាន​គ្នា និង​ជា​អ្នកមាន​ផ្ទះ​ នៅ​ក្បែរ​កូនក្តី​ឱ្យ​ជួយ​ទទួលយក​ប្រាក់​ថ្លៃ​សេវា​ការ​ពារ​ក្តីពី​កូនក្តី ដែល​នៅ​សល់​ចំនួន​៤.៥០០​ដុល្លារ​ទុក​ឲ្យ​ផង ។ ក្រោយ​ពេល​លោក​ស្មៀន​សង្កាត់​បាន​ទទួល ប្រាក់​ពី​កូនក្តី​គ្រប់​ចំនួន​ហើយ លោកជិន សត្យា មិន​បាន​ប្រ​គាល់​ប្រាក់​នោះ​ទៅ​ឲ្យ​មេធាវី​ជា​ដើម​បណ្តឹង​ទេ ដួច​​​យក​ពង​មាន់​ទៅ​ផ្ញើ​ក្អែកស៊ី​ដាច់​តែម្តង ថែម​ទាំង​គេច​វេស​មិន​ព្រម​សង​ទៀត​ផង បាន​ជា​មេធាវី​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថ​​កិច្ច​ឲ្យ​ជួយ​ចាត់ការ​តាម​ផ្លូវច្បាប់ ទើប​បានជា​មានការ​ចាប់ខ្លួន​ប្រគល់​ជូន​តំណាង​អយ្យការ​អ​ម​សាលាដំបូង​ធ្វើ​តាម​និ​តិ​វិធី ។

នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​គេ​ដឹង​ថា លោក​ស្មៀ​ន​សង្កាត់​រូប​នោះ ​ពិតជា​គ្មាន​ប្រាក់​សង​ទៅ​ដើមបណ្តឹង ដើម្បី​ធានា​ខ្លួន​​ឱ្យ​​រួច​ផុត​​ពី​ការ​ចោទ​ប្រកាន់ ឬ​​ឱ្យ​រួច​​ផុត​ពី​​ការ​ឃុំខ្លួន​នោះ​ទេ ។