កូន​ព្យុះ TS អាច​នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​និង​ខ្យល់​ខ្លាំង​នៅ​តំបន់​មាត់សមុទ្រ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​ជ្រលង​សម្ពាធ​ទាប​បាន​និង​កំពុង​គ្របដណ្តប់​លើ​ព្រះរាជាណាចក្រ​កម្ពុជា ទន្ទឹម​នឹង​នេះ​ក៍​មាន​វិ​សម្ពាធ​ទាប​មួយ​កើតឡើង​នៅ​សមុទ្រ​ចិន​ខាងត្បូង ហើយ​វិ​សម្ពាធ​នេះ អាច​វិវត្តន៍​ទៅ​ជា​កូន​ព្យុះ​(TS) នៅ​ថ្ងៃ​ទី​២៥ មិថុនា ២០១៦ នឹង​អាច​ធ្វើ​ឲ្យ​តំបន់​មាត់សមុទ្រ​នៅ​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ពិសេស​ចាប់ពី​ថ្ងៃ​ទី​២៧​មិថុនា​ដល់​ថ្ងៃ​ទី​០៣ កក្កដា ២០១៦ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន​លាយឡំ​នឹង​ខ្យល់​បក់​បោក​ខ្លាំង ។

នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​បន្ថែម ស្តី​ពី​ស្ថានភាព​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​របស់​ប្រទេស​កម្ពុជា ដែល​ចេញផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​២៤ មិថុនា​នេះ ។ សេចក្តីជូនដំណឹង​ដដែល​ក៍បាន​បង្ហាញ​ទៀត​ថា ក្រៅពី​តំបន់​មាត់សមុទ្រ តំបន់​វាលទំនាប​និង​ខ្ពស់​រាប ក៍​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​ផង​ដែរ ៕