ទូក​បុរាណ​អាយុ​ជាង​១២០០​ឆ្នាំ​​ ​រកឃើញ​នៅ​តំបន់​អង្គរ​ និពន្ធដោយ : អ៊ីសា រ៉ហានី       June-24-2016, 3:06 pm         508

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ទូក​បុរាណ​អាយុ​ជាង​១២០០​ឆ្នាំ​​ ​រកឃើញ​នៅ​តំបន់​អង្គរ​​សៀមរាប​៖ អ្នកជំនាញ​បាន​បញ្ជាក់ថា ទូក​បុរាណ​ដែល​អ្នកភូមិ​ប្រទះឃើញ​ក្នុង​ស្រះ​មួយកន្លែង កាលពីដើម​ខែមេសា​កន្ល​ង​ទៅ មាន​អាយុកាល ១២០៧​ឆ្នាំ​។ ការបញ្ជាក់​នេះ គឺ​ចេញ​ដោយ​មន្ទីរពិសោធន៍​នៃ​ប្រទេស ញូ​ហ្ស៊េ​ឡែ​ន​។​

​លទ្ធផល​នៃ​ការសិក្សា​បានបង្ហាញ​ថា ទូក​បុរាណ​ពលរដ្ឋ​រស់នៅ​ក្នុងស្រុក​អង្គរធំ​ប្រទះឃើញ​កាល​ដើមខែ​មេសា មាន​អាយុកាល​១២០៧​ឆ្នាំ គឺ​ស្ថិតក្នុង​រាជ្យ​កាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ។ មួយថ្ងៃ​ក្រោយពេល​រកឃើញ អាជ្ញាធរ​ជាតិ​អប្សរា បាន​យក​ទូក​បុរាណ​នោះ​ទៅ​រក្សាទុក​នៅ​កសិណ​ទឹកមុខ​ប្រាសាទ​អង្គរ និង​បាន​យក​ដំ​ណែ​កសាច់​ទូក​ទៅធ្វើ​ពិសោធន៍​។​

​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា ទូក​បុរាណ​ដែល​កប់​ក្នុង​ដី​ជម្រៅ​៧​ម៉ែត្រ​នេះ ជា​ប្រភេទ​ទូក​ឃ្លោង ធ្វើ​ពី​ឈើ​គគីរ​មួយ​ដើម​ទាំងមូល ដែលមាន​ប្រវែង ១២,៨៣​ម៉ែត្រ​។ ទីតាំង​ដែល​ប្រទះឃើញ​ទូក​បុរាណ​នេះ គឺជា​អតីត​ស្ទឹង​ពួក​ចាស់ ជាប់​នឹង​ស្ទឹង​សៀមរាប ហូរ​ទៅកាន់​ស្រុក​ពួក​។​

​ក្នុងន័យ​ដើម្បី​ឲ្យ​សាធារណជន ក៏ដូចជា​ភ្ញៀវទេសចរ​បានឃើញ​ទូក​បុរាណ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​គ្រោង​នឹង​រៀបចំ​តាំង​បង្ហាញ​នៅ​សារមន្ទីរ​ដែលមាន​ស្រាប់​នៅ​ខេត្តសៀមរាប ឫ​តាំង​ចល័ត​ពី​ទីតាំង​មួយ​ទីតាំង​មួយ​។​

​គួរ​បញ្ជាក់ថា ទូក​បុរាណ​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បំពេញរាជ្យ ឃុំ​លាងដៃ ស្រុក​អង្គរធំ ប្រទះឃើញ​កាលពី​ថ្ងៃទី​៨ មេសា ឆ្នាំ​២០១៦ នៅក្នុង​ការដ្ឋាន​ជីក​ស្រះ​មួយកន្លែង​៕