តំណាង​ប្រជាពលរដ្ឋ​៥​រយ​គ្រួសារ​អះអាង​ថា​នឹង​ទៅ​តាំង​ទីលំនៅ​ជាថ្មី​លើ​ដី​ក្រុមហ៊ុន​សម្បទាន

តំណាង​ប្រជាពលរដ្ឋ​ចំណាកស្រុក​ជាង​៥​រយ​គ្រួសារ​អះអាង​ជាថ្មី​ថា នឹង​នាំគ្នា​ទៅ​សង់​រោង​ស្នាក់នៅ​បណ្ដោះអាសន្ន​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​កន្លែង ឋិត​ក្នុង​ភូមិ​រវាក់ ឃុំ​រយ៉ ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី បន្ទាប់ពី​អាជ្ញាធរ​ធ្លាប់​បណ្ដេញ​ពួកគេ​ច្រើន​លើក​ក្ដី។ ចំណែក​មន្ត្រី​អាជ្ញាធរ​ខេត្ត​អះអាង ថា​ការ​តាំង​ទីលំនៅ​របស់​អ្នកភូមិ​លើ​ដី​ក្រុមហ៊ុន​គឺ​ខុសច្បាប់។

ការ​អះអាង​នេះ​ធ្វើឡើង​បន្ទាប់ពី​តំណាង​ប្រជាពលរដ្ឋ​៥​រូប បាន​ដាក់​លិខិត​ជូនដំណឹង​ស្ដីពី​ការ​ចូល​ទៅ​តាំងទី​លំនៅ​នេះ ជូន​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​កាលពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ហើយ​រហូត​ពេលនេះ​អាជ្ញាធរ​ខេត្ត​មិនបាន​ឆ្លើយតប​នោះ​ទេ។

តំណាង​ម្នាក់​ក្នុងចំណោម​៥​នាក់​គឺ​អ្នកស្រី រ៉ិត វណ្ណី ថ្លែង​បញ្ជាក់​ថា ថ្ងៃ​ទី​២៧ មិថុនា គឺជា​ថ្ងៃ​កំណត់​ចូល​ទៅ​តាំងទី​លំនៅ​ជាថ្មី​នេះ ក៏ប៉ុន្តែ​អ្នកស្រី​មិនទាន់​ប្រាកដ​ថា តើ​មាន​ប្រជាពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​ទេ​ដែល​នឹង​ទៅ​សង់​លំនៅឋាន​ដូច​ការ​គ្រោងទុក។ អ្នកស្រី​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី មិន​បាន​យកចិត្តទុកដាក់​ដោះស្រាយ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​គ្មាន​ដី បើទោះបីជា ពួកគាត់​បាន​ធ្វើ​លិខិតស្នើ​សុំ​ច្រើន​លើក​កន្លង​ទៅ​ក្ដី៖ «ពី​ឆ្នាំ​២០១១ ពួក​ខ្ញុំ​បាន​ដាក់​លិខិត​សំណើ​ទៅ​ភូមិ​ឃុំ​ស្រុក​អស់ហើយ រហូត​ឃុំ​ស្រុក​ចេញ​លិខិត​ទទួលស្គាល់​ហើយ​ស្រុក​បាន​ទាំង​យក​លុយ​កាក់​យើង​ទៀត​ផង ។​បើ​និយាយ​ទៅ​មេខ្យល់​គឺ​ឃុំ ស្រុក​ហ្នឹងហើយ»

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​បាន​ដាក់​កងកម្លាំង​រារាំង និង​បណ្ដេញ​ប្រជាពលរដ្ឋ​ចំណាកស្រុក​ដែល​ព្យាយាម​សង់​រោង​ស្នាក់​នៅ លើ​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ប៉ាស៊ីហ្វិក ច្រើន​លើក​តាំងពី​ឆ្នាំ​២០១៥ រហូត​មក និង​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចំណាកស្រុក​ដែល​គ្មាន​ដី​រស់នៅ​ពិតប្រាកដ ឲ្យ​វិល​ទៅ​ស្រុកកំណើត​ហើយ​ស្នើសុំ តាមរយៈ​អាជ្ញាធរ​មូលដ្ឋាន​ដែល​គេ​រស់នៅ ដោយ​បញ្ជាក់​ពី​អត្តសញ្ញាណ និង​ការ​គ្មាន​ដី​រស់នៅ​ប្រកប​របរ​កសិកម្ម​ដើម្បី​អាជ្ញាធរ​ខេត្ត ធ្វើ​របាយការណ៍​ជូន​រាជរដ្ឋាភិបាល​ពិនិត្យ​សម្រេច។

នាយក​រដ្ឋបាល​សាលាខេត្ត​មណ្ឌលគិរី លោក សុខ សេរ៉ា បញ្ជាក់​ថា លិខិត​ជូនដំណឹង​របស់​តំណាង​ប្រជាពលរដ្ឋ មន្ត្រី​ការិយាល័យ​របៀប​បាន​ទទួល​រួចហើយ ប៉ុន្តែ​អភិបាលខេត្ត​មិនបាន​ឆ្លើយតប​លិខិត​នោះ​នៅឡើយ។ លោក ថា អាជ្ញាធរ​ខេត្ត​បាន​ធ្វើ​លិខិតបញ្ជាក់​ទៅ​រដ្ឋសភា ក្រសួងមហាផ្ទៃ និង​ប្រជាពលរដ្ឋ​រួចហើយ​ថា ដី​ដែល​ប្រជាពលរដ្ឋ​ចូល​ទៅ​តាំង​លំនៅ​គឺជា​ដី​សម្បទាន ហេតុនេះ​ប្រជាពលរដ្ឋ​គ្មាន​ដី​ពិតប្រាកដ ត្រូវ​បំពេញ​ឯកសារ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​ដើម្បី​អាជ្ញាធរ​ខេត្ត​ពិនិត្យ និង​ចាត់វិធានការ​តាម​នីតិវិធី៖ «រឿង​ហ្នឹង​ជា​រឿង​ដដែល​ទេ មិន​អាច​ឲ្យ​នៅ​បាន​ទេ សុំ​អញ្ជើញ​គាត់​ចេញ​ទៀតហើយ។ ម៉េច​ក៏​គាត់​ចេះ​តែ​ដដែល​អ៊ីចឹង ប្រាប់​ថា​កន្លែង​ហ្នឹង​មិន​បាន​ទេ ព្រោះ​រដ្ឋាភិបាល​ផ្ដល់​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ហើយ»

ចំណែក​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី លោក វង សុក សិរី បញ្ជាក់​ដែរ​ថា សមត្ថកិច្ច​នឹង​រារាំង​គ្រប់​សកម្មភាព​ចូល​ទៅ​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់៖ «គេ​ចាប់​នាំ​មាន​បញ្ហា​ទៀត គាត់​ចំណាកស្រុក​មិន​ដឹង​នៅឯណា​ផង ចេះតែ​មក​ចាប់ដី​ក្បែរ​ៗ​ថ្នល់ នាំ​មាន​បញ្ហា​ព្រោះ​ដី​ហ្នឹង​ជា​ដី​រដ្ឋ​ដែរ»

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់​សំគាល់​ថា អាជ្ញាធរ​ខេត្ត​បាន បណ្ដេញ​និង​រុះរើ​ខ្ទម​ប្រជាពលរដ្ឋ​ចំនួន​បី​លើក​រួចហើយ ខណៈ​ប្រជាពលរដ្ឋ​នៅតែ​ព្យាយាម​មក​តាំង​លំនៅ​ក្រោម​ហេតុផល គ្មាន​ដី​ប្រកប​របរ​កសិកម្ម។ លោ​កថា​ប្រជាពលរដ្ឋ​គួរ​រៀបចំ​សំណើ​ដី​សម្បទាន​សង្គមកិច្ច ទៅ​ថ្នាក់​ជាតិ​ជួយ​ដោះស្រាយ ប្រសើរ​ជាង​ប្រឈម​ទៅ​នឹង​តាំង​លំនៅ​ខុសច្បាប់។ រីឯ​អាជ្ញាធរ​ក៏​ត្រូវ​បង្ហាញ​ជំហរ​ជាក់លាក់​ដោះស្រាយ​ដី​ជូន​ប្រជាពលរដ្ឋ ដែល​គ្មាន​ដី​ពិតប្រាកដ៖ «ខេត្ត​គួរ​ចេញ​ដីកា​បញ្ចប់​នីតិវិធី​ដោះស្រាយ​របស់​ខ្លួន​ទៅ ដើម្បី​ឲ្យ​ពលរដ្ឋ​យក​ដីកា​ហ្នឹង​ទៅ​តវ៉ា​ថ្នាក់​ជាតិ​ទៀត។ ប្រសិន​ប្រជាពលរដ្ឋ​គាត់​គោរព​គោលការណ៍​សម្បទាន​សង្គម​កិច្ច​ហើយ​គាត់​សុំ​ទៅ​ថ្នាក់​ជាតិ​វិញ ខ្ញុំ​ជឿ​ថា រឿង​នេះ​អាច​ទទួល​បាន​ដី​ហ្នឹង»

កាលពីដើម​ខែ​មីនា​កង​កម្លាំង និង​សមត្ថកិច្ច​ចម្រុះ​នៃ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​រារាំង និង​បណ្ដេញ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចំណាកស្រុក មួយ​ក្រុម​មាន​គ្នា​ប្រមាណ​១​រយ​នាក់ ដែល​មក​សង់​រោង​ស្នាក់នៅ លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ប៉ាស៊ីហ្វិក ឋិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៨​អារ ចន្លោះ​ព្រំប្រទល់​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។