​​ពេលស្រវឹងខ្លាំង មិន​ដឹង​ខ្លួន​​កំពុង​ធ្វើអ្វី​ទេ​

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ពេល​ផឹកស្រា​ស្រវឹង​​ជោក​ខ្លួន បាន​ដើរទៅ​ចុះ​ទៅ​ដក​ព្រលឹត​ក្នុង​ស្រះ ដែល​មាន​ជម្រៅ​​៣​​ម៉ែត្រ បណ្ដាល​ឱ្យ​លង់​​ស្លាប់ បង្ក​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០១ និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​២៣ មិថុនា ២០១៦ ស្ថិត​ក្នុង​ស្រះ​ទឹក​មួយ​កន្លែង​ខាង​​ក្រោយ​ផ្ទះ​​ជន​រង​គ្រោះ ក្នុងភូមិ​ភ្នំ​ក្រិ​ញ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ឈិ​ន ព្រួញ អាយុ​៥៥​ឆ្នាំ ជា​កម្មករ មាន​ទីលំនៅ​ជិត​កន្លែង​កើតហេតុ មាន​ប្រពន្ធ​ឈ្មោះ​ប៉ាវ ហន អាយុ​៥១​ឆ្នាំ មានកូន​ប្រុស​-​ស្រី​៦​នាក់ ។

ប្រភព​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​​​ផឹកស្រា​​រហូត​ស្រវឹង​ជោក ក៏​ដើរទៅ​ក្បែរ​ស្រះ​ទឹក​ឃើញ​ព្រលឹត​​ច្រើន ស្រាប់តែ​ចុះ​ទៅ​ដក​ក៏​រអិល​ជើង​ចូល​កណ្ដាល​ស្រះ បណ្ដាល​ឱ្យ​លង់​ស្លាប់​ ។ ចំណែក​ប្រពន្ធ ក្រោយ​ពី​បាត់​ប្តី​យូរ​ពេក ក៏​បាន​ដើររក និងហៅ​ប្តី ស្រាប់តែ​ប្រទះ​ឃើញ​​ស្លាប់​ក្នុងទឹកស្រះ​បាត់​ទៅ​ហើយ ​។