ព្យុះ​យ៉ាង​សាហាវ​មួយ​វាយប្រហារ​លើ​ប្រទេស​ចិន​ស្លាប់​យ៉ាងតិច​98​នាក់

ខ្យល់ព្យុះ​ខ្លាំង​មួយ​មាន​ល្បឿន​ដល់​ទៅ​១២៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​បាន​វាយប្រហារ​កាលពី​រសៀល​ថ្ងៃ​ទី​២៣ មិថុនា លើ​ទីក្រុង YANCHENG និង​តំបន់​ជុំវិញ​ក្រុង​នេះ​នៃ​ខេត្ត​ជាំ​ង​ស៊ូ​ភាគ​ខាងកើត​ចិន បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៩៨​នាក់ ហើយ​មនុស្ស​ជា​ច្រើន​រយ​នាក់​រង​របួស ។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​ថា ភូមិឋាន​ទាំងឡាយ​រង​ការ​បំផ្លាញ​ខ្ទេច ។ ពួក​អ្នក​ជួយ​សង្គ្រោះ និង​បុគ្គលិក​សុខាភិបាល​នា​ថ្ងៃ​ទី​២៤ មិថុនា បាន​ធ្វើ​សកម្មភាព​ជួយ​សង្គ្រោះ​យ៉ាង​សកម្ម ក្រោយ​ពី​ព្យុះ​កំណាច​នេះ​អម​ដោយ​ភ្លៀង​យ៉ាង​ខ្លាំង ។ ដើមឈើ​ទាំងឡាយ​ត្រូវ​រលើង​ដួល រួច​អាជ្ញាធរ​ខេត្ត​រាយការណ៍​ពី​តុល្យការ​ចុង​ក្រោយ​ថា មនុស្ស​៩៨​នាក់​ស្លាប់ និង​៨០០​នាក់​រង​របួស ។

ប្រធានាធិបតី​ចិន លោក​ស៊ីជី​ន​ពីង ចេញ​បញ្ជា​ឱ្យធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ជួយ​សង្គ្រោះ ខណៈ​ស៊ី​ន​ហួ​បាន​ហៅ​ព្យុះ​នេះ​ថា ជា​ព្យុះ​យ៉ាង​អាក្រក់​បំផុត​វាយប្រហារ​លើ​ប្រទេស​ចិន ពុំ​ធ្លាប់​មាន​ចាប់តាំងពី​កន្លះ​សតវត្ស​មក​ហើយ ។

នៅ​ស្រុក​ហ្វូ​នី​ញ​ជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​រង​ការ​ប៉ះពាល់​ខ្លាំង​ប្រជាជន​នាំ​គ្នា​ដើរ​កាត់​គំនរ​បាក់បែក​នៃ​ផ្ទះសម្បែង​ពួក​គេ ហើយ​ផ្ទះ​ជា​ច្រើន​ទៀត​ប៉ើង​ដំបូល ឬ​បាក់​ជញ្ជាំង៕