ទីបំផុត​ចក្រភព​អង់គ្លេស​ក្នុង​ការ​បោះ​ប្រជាមតិ​ជ្រើសរើស​យក​ការ​ចាក​ចេញពី​សហភាព​អឺរ៉ុប

យោង​តាម​លទ្ធផល​ជា​ស្ថាពរ​នៃ​ការ​បោះ​ប្រជាមតិ​នៅ​ចក្រភព​អង់គ្លេស​លើ​ការ​ចាកចេញ ឬ​ការ​ស្ថិត​នៅ​ក្នុង​សហភាព​អឺរ៉ុប​បន្ត​ថា សំឡេង​ខាង​អ្នក​ចាកចេញ​ហៅ BREXIT ជា​អ្នក​ឈ្នះ​ក្នុង​សំឡេង​៥១,៩% ។

ដោយសារ​លទ្ធផល​បែប​នេះ​ញ៉ាំង​ឱ្យប្រាក់​ផោន​អង់គ្លេស​ធ្លាក់​ថ្លៃ​១០% ជា​តម្លៃ​ទាប​បំផុត​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​១៩៨៥​មក​រួច​សហភាព​អឺរ៉ុប​នា​ពេល​នេះ​ភ័យ​ខ្លាច​ការ​ឆ្លង​រាលដាល​នៃ​ទ​ង្វើ​បែប​នេះ​ដែរ ។ ផលវិបាក​នៃ BREXIT ក៏​ធ្វើ​ឱ្យ​តម្លៃ​ភាគហ៊ុន​នៅ​អាស៊ី​ធ្លាក់​ចុះ​ខ្លាំង​ដែរ ។ តម្លៃ​ភាគហ៊ុន​នៅ​ក្រុង​តូ​ក្យូ​ធ្លាក់​ចុះ​៨% ហើយ​ភាគហ៊ុន​នៅ​ហុងកុង​ធ្លាក់​៤% ។

ក្រោយ​លទ្ធផល​នេះ​សមាជិក​សភា​ប្រឆាំង​បារាំង​មួយ​រូប លោក BRUNO LE MAIRE និយាយ​ថា នេះ​ជា​ភ័ព្វវាសនា​ប្រវត្តិសាស្ត្រ​សម្រាប់​បារាំង ដើម្បី​ដណ្តើម​យក​ភាព​ជា​អ្នកដឹកនាំ​នៃ​ការ​កសាង​អឺរ៉ុប ។ តាម FRANCE INFO លោក​ថ្លែង​ថា ពេល​អឺរ៉ុប​ធ្វើ​មិនដឹងមិនឮ​ចំពោះ​ប្រជាជន នោះ​ប្រជាជន​សងសឹក​អឺរ៉ុប​វិញ ។

ក្រោយ​ជ័យជម្នះ​របស់ BREXIT លោកស្រី MARINE LE PEN ប្រមុខ​គណបក្ស​រណសិរ្ស​ជាតិ​បារាំង​បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​ការ​បោះ​ឆ្នោត​របស់​អង់គ្លេស​គាំទ្រ​ដល់​ការ​ចាក​ចេញពី​សហភាព​អឺរ៉ុប រួច​លោកស្រី​ស្នើ​ឱ្យ​មានការ​បោះ​ប្រជាមតិ​បែប​នេះ​នៅ​បារាំង និង​នៅ​ក្នុង​បណ្តា​ប្រទេស​ឯទៀត​ៗ​នៃ​សហភាព​អឺរ៉ុប ។

លោកស្រី​អះអាង​ថា នេះ​ជា​ជ័យជម្នះ​នៃ​សេរីភាព ។ ដូច​ខ្ញុំ​ធ្លាប់​បាន​ស្នើ​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ពេល​នេះ​គេ​ត្រូវធ្វើ​ការ​បោះ​ប្រជាមតិ​ដូច​គ្នា​នេះ​ដែរ នៅ​បារាំង ព្រមទាំង​ក្នុង​បណ្តា​ប្រទេស​នៃ​សហភាព​អឺរ៉ុប ។

ឆន្ទៈ​បែប​នេះ​ក៏​គាំទ្រ​ដោយ​ពួក​អ្នក​មិន​ពេញចិត្ត​ចំពោះ​សហភាព​អឺរ៉ុប​នៅ​អឺរ៉ុប​ដែរ ។ សមាជិក​សភា​ស្តាំ​និយម​ជ្រុល​ហូ​ឡង់ លោក GEERT WILDER ក៏​ទាមទារ​ឱ្យ​មានការ​បោះ​ប្រជាមតិ​មួយ​ស្តី​ពី​ការ​ចាកចេញ​ជាយថាហេតុ​របស់​ហូ​ឡង់​ដែរ ។ លោក​ថា ពលរដ្ឋ​ហូ​ឡង់​មាន​សិទ្ធិ​បោះ​ប្រជាមតិ​មួយ ។ ក្នុង​សេចក្តី​ប្រកាស​មួយ​លោក​ថ្លែង​ថា គណបក្ស​ដើម្បី​សេរីភាព​របស់​លោក​ស្នើ​ឱ្យ​មានការ​បោះ​ប្រជាមតិ​លើ NEXIT ជា​ការ​ចាកចេញ​របស់​ហូ​ឡង់​ពី​សហភាព​អឺរ៉ុប ។

ក្រោយ​ការ​សម្រេច​របស់​ប្រជាជន​អង់គ្លេស​ជ្រើសរើស​យក​ការ​ចាក​ចេញពី​សហភាព​អឺរ៉ុប រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ជប៉ុន លោកតា​រ៉ូ អាសូ ថ្លែង​ថា លោក​នឹង​មិន​នៅ​ស្ងៀម​ឡើយ ក្នុង​ករណី​ចាំបាច់​ដើម្បី​ធ្វើ​ឱ្យ​ទីផ្សារ​មាន​ភាព​ស្ងប់ស្ងាត់ ។ ធនាគារ​ជប៉ុន​ថ្លែង​ថា ត្រៀម​បញ្ចេញ​ប្រាក់​ដោយ​ព្រមព្រៀង​គ្នា​ជាមួយ​ធនាគារកណ្តាល​ឯទៀត​ៗ ។

ទេសាភិបាល​ធនាគារ​ជប៉ុន លោក​ហា​រូ​ហ៊ី​កូ គូ​រ៉ូ​ដា ក្នុង​ប្រតិកម្ម​មួយ​ផ្សាយ​តាម AFP ថ្លែង​ថា ធនាគារ​ជប៉ុន​ដោយ​រួម​សហការ​ជិត​ស្និទ្ធ​ជាមួយ​អាជ្ញាធរ​ជាតិ និង​អន្តរជាតិ​នឹង​បន្ត​តាមដាន​យ៉ាង​ប្រកិត​ចំពោះ​ផល​ប៉ះពាល់​នៃ​លទ្ធផល​ការ​បោះ​ប្រជាមតិ​នេះ​លើ​បណ្តា​ទីផ្សារ​ហិរញ្ញវត្ថុ ។ ធនាគារ​ត្រៀម​ផ្តល់​ប្រាក់សុទ្ធ​គ្រប់គ្រាន់​ធ្វើ​ឱ្យ​ទីផ្សារ​មាន​ស្ថេ​រ​ភាព ។

ចំណែក​ប្រជាជន​នៃ​បណ្តា​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប ក្រោយ​លទ្ធផល​នៃ​ការ​បោះ​ប្រជាមតិ​នៅ​អង់គ្លេស​ផ្អើល​នាំ​គ្នា​ប្រមូលប្រាក់​អឺ​រ៉ូ​មក​ទិញ​មាស​ទុក​វិញ ។

អតីត​អភិបាលក្រុង​ឡុ​ង​ដ៍ លោក BORIS JOHNSON ជា​មេខ្លោង​គាំទ្រ BREXIT ថ្លែង​ថា ជ័យជម្នះ​នេះ​នាំ​ឱ្យ​ពលរដ្ឋ​អង់គ្លេស​ត្រឡប់​មក​គ្រប់គ្រង​ភ័ព្វវាសនា​របស់​ខ្លួន​វិញ​។ ភ័ព្វវាសនា​នៅ​ក្រៅ​សហភាព​អឺរ៉ុប​ត្រូវ​បាន​លោក​ចាត់​ទុក​ថា ជា​ជ័យជម្នះ​នៃ​លទ្ធិប្រជាធិបតេយ្យ ។ វា​នឹង​ធ្វើ​ឱ្យ​ចក្រភព​អង់គ្លេស​រុងរឿង ហើយ​អាច​ទប់ស្កាត់​រលក​ជនអន្តោប្រវេសន៍​ច្រើន​លាន​នាក់ ដែល​ត្រៀម​លុកលុយ​ឆ្នេរសមុទ្រ​អង់គ្លេស ។

ជា​ផលវិបាក​ភ្លាម​ៗ​ប្រាក់​ផោន​អង់គ្លេស​ធ្លាក់​ថ្លៃ​ទាប​បំផុត​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​១៩៨៥​មក ហើយ​ប្រាក់​យេ​ន​ជប៉ុន​ឡើងថ្លៃ រួច​តម្លៃ​ភាគហ៊ុន​ធ្លាក់​ចុះ ។ ទីផ្សារ​ហិរញ្ញវត្ថុ​នា​ថ្ងៃ​ទី​២៤ មិថុនា ធ្លាក់​ខ្មៅ​ក្រោយ​ការ​ប្រកាស​ពី​ជ័យជម្នះ​របស់ BREXIT ។ ក្រោយ​ឡើង​លើស​ពី​១,៥០​ដុល្លារ​១​ផោន ពេល​បិទ​ការិយាល័យ​បោះ​ឆ្នោត ប្រាក់​ផោន​ធ្លាក់​ដំបូង​១​ផោន ក្រោម​១,៤៥​ដុល្លារ បន្ទាប់​មក​១,៤០​ដុល្លារ​រួច​បន្ត​ធ្លាក់​ដល់​១,៣២២៩​ដុល្លារ ពោល​ធ្លាក់​ថ្លៃ​ជាង​១០% តែ​មួយ​ថ្លៃ ។ ចំណែក​ប្រាក់​យេ​ន​ជប៉ុន​បែរជា​ឡើងថ្លៃ​១​ដុល្លារ​ទល់​នឹង​៩៩,០៤​យេ​ន ដែល​មុន​នេះ​មាន​ដល់​១០៦,៨៤​យេ​ន ៕