Moretz៖ ខ្ញុំស្រលាញ់ Brooklyn Beckham ព្រោះគាត់ជាមនុស្សម្នាក់ ដែលតែងផ្តល់កម្លាំងចិត្តដល់ខ្ញុំ

សហរដ្ឋអាមេរិក៖ គូស្នេហ៍វ័យក្មេងមួយគូ ដែលសាកសមគ្នាឥតខ្ចោះ គឺនាង Chloe Grace Moretz និង Brooklyn Beckham តែងទទួលបានការសរសើរ និងការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មនុស្សជាច្រើន ហើយកាលពីពេលថ្មីៗនេះ Mortez ក៏បានលើកឡើងអំពី ហេតុផលដែលធ្វើឲ្យនាង បាក់ចិត្តស្រលាញ់ Brooklyn Beckham ជាសាធារណៈផងដែរ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាសម្តែងស្រីវ័យ១៩ឆ្នាំ និងជាតួឯកស្រី នៅក្នុងរឿង “The 5th Wave” បានទម្លាយអំពីអារម្មណ៍ពិត និងក្តីស្នេហ៍របស់នាងចំពោះ មិត្តប្រុសជាទីស្រលាញ់របស់ខ្លួន គឺលោក Brooklyn Beckham តាមរយៈកម្មវិធី Elle ដោយបញ្ជាក់ថា មិត្តប្រុសរបស់នាង គឺជាមនុស្សប្រុសតែម្នាក់ ដែលតែងតែគាំទ្រ រូបនាងជានិច្ច ហើយគេក៏ជាមនុស្សដែល ធ្វើឲ្យនាងលែងមាន អារម្មណ៍ទើសទាល់ ចំពោះរាងកាយ និងសម្ផស្សរបស់ខ្លួនផងដែរ។

Moretz បានបញ្ជាក់ថា “មិត្តប្រុសខ្ញុំ គឺជាកម្លាំងចិត្តគាំទ្រដ៏ធំមួយ  តែមិនមែនមានន័យថាខ្ញុំត្រូវការបុរសគាំទ្រគ្រប់រឿងនោះទេ ប៉ុន្តែនៅពេលដែលខ្ញុំមានអារម្មណ៍មិនល្អចំពោះខ្លួនឯង  គាត់តែងតែប្រាប់ខ្ញុំថា ឈប់គិត និងឈប់បារម្ភ អំពីរឿងរ៉ាវទាំងនោះទៀតទៅ  គួរតែស្តាប់នូវអ្វីដែលជាពាក្យក្នុងចិត្តរបស់ខ្លួនឯង  ព្រោះថាអ្នកស្រស់ស្អាតបំផុតស្រាប់ទៅហើយ”។

តារាស្រីរូបនេះ បានបន្តទៀតថា “ជាញឹកញាប់ Brooklyn តែងនិយាយថា មនុស្សស្រីគឺ មានភាពស្រស់ស្អាតជាង អ្វីដែលពួកគេបានគិត ដែលពាក្យសម្តីទាំងនេះ ពិតជាល្អខ្លាំងណាស់ ជាពិសេសគឺនៅពេលដែលអ្នក អាចមានបុរសវ័យត្រឹម១៧ឆ្នាំ យល់ដឹងអំពីនារី នៅក្នុងផ្លូវបែបនេះ។ ខ្ញុំគិតថាពួកយើង ពិតជាដើរលើផ្លូវមួយដ៏ត្រឹមត្រូវ ជាមួយគ្នា”។ 

ស្របពេលគ្នានេះដែរ ក៏មានសេចក្តីរាយការណ៍មួយ បានលើកឡើងថា Victoria Beckham ដែលត្រូវជាម្តាយរបស់ Brooklyn ក៏មានការស្រលាញ់ពេញចិត្តចំពោះ Moretz ខ្លាំងផងដែរ ដោយនាងបានជួយជ្រោមជ្រែង ផ្នែកម៉ូដែលដល់ Moretz និងធ្លាប់បានដើរទៅណាមកណា ជាមួយគ្នាទៀតផង។

នេះគឺជាការលើកឡើង របស់តារាសម្តែងស្រី Chloe Grace Moretz អំពីមូលហេតុដែល ធ្វើឲ្យនាងចាប់ផ្តើម បង្កើតក្តីស្នេហ៍ជាមួយ Brooklyn Beckham ដែលត្រូវជាកូនប្រុស របស់អតីតតារាបាល់ទាត់ដ៏ល្បី គឺលោក David Bekcham។ ជាងនេះទៅទៀត ក៏មានមនុស្សជាច្រើន កំពុងរង់ចាំមើលថា តើក្តីស្នេហ៍របស់ពួកគេ អាចឈានដល់ តំណាក់កាលដឹកដៃគ្នា ចូលរោងការ ឬយ៉ាងណា៕ 

រូបភាពមួយចំនួនរបស់តារាសម្តែងស្រី Chloe Grace Moretz៖

ប្រភព ៖
lollipop

កំណត់ហេតុខ្មែរឡូត៖

គេអាចនៅចាំបានថា កាលពីពេលកន្លងទៅនេះ កូនប្រុសច្បង របស់កំពូលកីឡាករបាល់ទាត់ សញ្ជាតិអង់គ្លេស David Beckham គឺ Brooklyn Beckham បានបញ្ជាក់ថា ខ្លួនមានមិត្តស្រីហើយ ដោយគ្រាន់តែសរសេរអក្សរ ៣តួប៉ុណ្ណោះ គឺពាក្យ «Bae» នៅលើបណ្តាញសង្គម។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កូនប្រុសច្បង របស់កីឡាករ David Beckham វ័យ ១៧ឆ្នាំ Brooklyn Beckham បានបង្ហោះរូបថត របស់តារាសម្តែងស្រី វ័យ ១៩ឆ្នាំ នាង Chloë Grace Moretz នៅលើគណនី Instagram របស់ខ្លួន កាលពីថ្ងៃសុក្រ ទី០៦ ខែឧសភា ម្សិលមិញនេះ ដោយសរសេរថា «ចេញមកខាងក្រៅ នៅយប់ជ្រៅ ជាមួយ Bae (នាង Chloë)» ដែលធ្វើឲ្យពាក្យចចាមអារាមទាំងអស់ បានក្លាយជាការពិត។ នៅក្នុងរូបថតដែល Brooklyn បានបង្ហោះនោះ បង្ហាញឲ្យឃើញ នាង Chloë អង្គុយញញឹម នៅលើផ្លូវដើរ ដោយនៅជុំវិញខ្លួននាង មានសុទ្ធតែកញ្ចប់អាហារ និងភេសជ្ជៈ។

ទោះបីជាយ៉ាងណាក៏ដោយ គូស្នេហ៍វ័យក្មេងមួយគូនេះ ត្រូវបានគេសង្ស័យថា មានទំនាក់ទំនងជាមួយគ្នា តាំងពីឆ្នាំ២០១៤ មកម្ល៉េះ នៅពេលដែល Brooklyn បានចូលរួម ក្នុងកម្មវិធី ប្រគល់ពានរង្វាន់ «Teen Choice Awards» ជាមួយនឹងនាង Chloë ដែលជាតួស្រីក្នុងរឿង «The 5th Wave» នេះ។ ពួកគេបានលាក់បាំង ទំនាក់ទំនងមួយនេះ យ៉ាងជិតឈឹង រហូតដល់ពេលថ្មីៗនេះ ទើបបើកចំហ នៅលើបណ្តាញសង្គម ជាផ្លូវការតែម្តង។

គួរបញ្ជាក់ផងដែរថា នៅដើមសប្តាហ៍កន្លងទៅនេះ មុនពេលដែលទំនាក់ទំនងមួយនេះ ត្រូវបានបញ្ជាក់ជាសាធារណៈ Brooklyn បានធ្វើឲ្យអ្នកគាំទ្រ របស់ខ្លួនជាច្រើន មានការងឿងឆ្ងល់ និងទស្សន៍ទាយថាតើខាងស្រី គឺជានរណាឲ្យប្រាកដ បន្ទាប់ពី Brooklyn បានបង្ហោះរូបថតស្បែកជើង (ជាមួយនឹង Chloë) នៅលើបណ្តាញសង្គម Instagram ដោយសរសើរថា «គូនឹងគ្នា... នឹកម្នាក់នេះណាស់»។

ជាងនេះទៅទៀត កាលពីសប្តាហ៍មុន Brooklyn ថែមទាំងបានធ្វើឲ្យ អ្នកនិយមលេងបណ្តាញសង្គម Instagram មានការភ្ញាក់ផ្អើលផងដែរ បន្ទាប់ពីបានបង្ហោះរូបថត ជាមួយនាង Chloë ដោយមិនបានសរសេរអ្វីទាំងអស់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload