ខឹង​គូ​ដណ្ដឹង​រត់ចោល ប្តឹង​ទារ​ថ្លៃទឹកដោះ​វិញ​

6 Videos


កំលោះអភ័ព្វស្នេហ៍ម្នាក់បានធ្វើដំណើរមកប្តឹងនគរបាលប៉ុស្តិ៍ទួលសង្កែទាំងទឹកមុខស្រងូតស្រងាត់ បន្ទាប់ពីគូដណ្ដឹងរបស់ខ្លួនដែលគ្រោងនឹងរៀបការដើម្បីសាងគ្រួសារជាមួយគ្នា បានរត់គេចខ្លួនបាត់ ធ្វើឲ្យបេះដូងរបស់គេនៅកំព្រាតែឯង ។

P9

កំលោះអភ័ព្វស្នេហ៍រូបនេះបានមកប្តឹងសមត្ថកិច្ចដើម្បីទាមទារប្រាក់ថ្លៃទឹកដោះចំនួន ២ពាន់ដុល្លារពីម្តាយរបស់គូដណ្ដឹងវិញ កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៦ កំលោះម្នាក់នោះ ហាក់ដូចជាព្យាយាមលាក់រឿងរ៉ាវរបស់ខ្លួនមិនឲ្យប៉ូលិសដឹងក្បោះក្បាយឡើយ ។

កំលោះអភ័ព្វស្នេហ៍នោះមានឈ្មោះ អ៊ុត ឆែត អាយុ ២៦ ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលតាមបណ្ដោយផ្លូវលេខ៥ ៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និង មានស្រុកកំណើតនៅភូមិអូលុង ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ ចំណែកនារីជាគូដណ្តឹងនោះត្រូវបានគេអះអាងថា មានឈ្មោះ មិត សុខឃឿន អាយុ ៣១ ឆ្នាំ មានមុខរបរលក់សាច់គោអាំង ស្នាក់នៅបន្ទប់ជួលជាមួយគ្នា និងមានស្រុកកំណើតនៅភូមិព្រៃភ្ងាម ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ។

ខឹង​គូ​ដណ្ដឹង​រត់ចោល ប្តឹង​ទារ​ថ្លៃទឹកដោះ​វិញ​

កំលោះ អ៊ុត ឆែត បានរៀបរាប់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែដឹងថា ខ្លួនមានទំនាក់ទំនងជាមួយឈ្មោះ មិត សុខឃឿន តាមរយៈបងប្អូនណែនាំឲ្យជួបគ្នា និង បានចាប់ចិត្តស្រឡាញ់នាងរហូតនាំម្តាយ និង បងប្អូនទៅចូលស្តីដណ្តឹងនាងកាលពីអំឡុងខែមីនា ឆ្នាំ ២០១៦ ដោយសន្យាថានឹងរៀបការនៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៦ នេះ តែអ្វីៗត្រូវបានរលាយអស់ទៅហើយ ។

បន្ទាប់ពីចូលដណ្តឹង ម្តាយខាងស្រីក៏បានយល់ព្រមដោយទារថ្លៃទឹកដោះចំនួន ២ ពាន់ដុល្លារ ហើយខាងប្រុសបានយកទៅប្រគល់ឲ្យខាងស្រីកាលពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៦ ។ បន្ទាប់ពីចូលដណ្តឹង និង បានប្រគល់ប្រាក់ថ្លៃទឹកដោះរួចមក ពួកគេទាំង ២ នាក់ក៏បាននាំគ្នាមកជួលផ្ទះនៅទួលសង្កែ និង សាងស្នេហ៍យ៉ាងល្អូកល្អិនជាមួយគ្នា ។

នៅពេលជិតដល់ថ្ងៃរៀបការ ខាងប្រុសចេះតែសួរគូដណ្តឹងរបស់ខ្លួនថា ថ្ងៃណារៀបការ ? នៅពេលសួរយូរៗទៅ ស្រាប់តែគូដណ្តឹធុញទ្រាន់ និង បានរត់គេចខ្លួនបាត់កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៦ ដោយបន្សល់ទុកម៉ូតូហុងដា ឌ្រីម សេ-១២៥ មួយគ្រឿង ។

ខឹង​គូ​ដណ្ដឹង​រត់ចោល ប្តឹង​ទារ​ថ្លៃទឹកដោះ​វិញ​

បន្ទាប់ពីនាងរត់គេចខ្លួនបាត់ ខាងប្រុសក៏បានទាក់ទងតាមទូរស័ព្ទទៅនាងដែរ តែត្រូវនាងប្រាប់ឲ្យដឹងថា នាងមិនវិលត្រឡប់មកវិញនោះទេ ចំណែកលុយថ្លៃទឹកដោះ ចាំនាងសងវិញ។ ម្យ៉ាងទៀត ដោយប្រាក់ថ្លៃទឹកដោះក៏មិនឃើញសង និង ម៉ូតូរបស់នាងនៅផ្ទះអាចក្លាយជាមានបញ្ហា ក៏បានមកប្តឹងនគរបាលសូមឲ្យជួយអន្តរាគមន៍ ដើម្បីទាមទារប្រាក់ថ្លៃទឹកដោះនោះមកវិញ ប៉ុន្តែត្រូវបាននគរបាលណែនាំឲ្យទៅប្តឹងនៅឯស្រុកវិញ ព្រោះជាអាជ្ញាធរមូលដ្ឋានអចិន្ត្រៃយ៍របស់អ្នកទាំងពីរ៕

                                                                                                              សុថាត់