អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ត្រៀម​ចាត់វិធានការ​ក្ដៅ​ចំពោះ​ពលរដ្ឋ​ប្រើ​ប្រាស់​ចិញ្ចើម​ផ្លូវ

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ព្រមាន​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់ ទៅលើ​ប្រជាពលរដ្ឋ ដែល​យក​ចិញ្ចើម​ផ្លូវថ្នល់ តំបន់​ទំនប់រលក យក​ដាក់​សម្ភារៈ​សម្រាប់​ធ្វើ​អាជីវកម្ម និង​បោះចោល​កាកសំណល់​គ្រប់​ប្រភេទ នាំ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​សាធារណៈ។

បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា ភាព​អនាធិបតេយ្យ​នៃ​ការ​យក​ចិញ្ចើម​ផ្លូវ​សម្រាប់​ធ្វើ​អាជីវកម្ម និង​ចត​រថយន្ត បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សោភ័ណភាព និង​ធ្វើ​អោយ​កកស្ទះ​ចរាចរ​ស្ទើរ​ជា​រៀងរាល់ថ្ងៃ។

អភិបាល​ក្រុងព្រះសីហនុ លោក អ៊ី សុខឡេង មានប្រសាសន៍​ថា អាជ្ញាធរ​នឹង​ចុះ​ចាប់​សម្ភារៈ​របស់​ប្រជាពលរដ្ឋ ឬ​អាជីវករ​ទាំងឡាយ​ណា ដែល​ល្មើស​យក​ចិញ្ចើម​ផ្លូវ​សាធារណៈ​ទាំងនោះ ឈាន​ដល់​ផាក​ពិន័យ​ម្ចាស់ផ្ទះ ឬ​ម្ចាស់​ធ្វើ​អាជីវកម្ម​ល្មើស​ទាំងនោះ ឲ្យ​បាន​ធ្ងន់ធ្ងរ ឬ​ឈាន​ដល់​បញ្ជូន​ទៅ​ចាត់ការ​តាម​នីតិវិធី​ច្បាប់។

លោក​ថា កន្លង​មក​អាជ្ញាធរ បាន​ចុះ​ណែនាំ មិន​ឲ្យ​ពលរដ្ឋ​ទាំងនោះ យក​ចំណី​ផ្លូវ​សាធារណៈ​ទាំងនេះ ដើម្បី ដាក់​តាំង​សម្ភារៈ​ផ្សេងៗ យក​ធ្វើ​ចំណតរថយន្ត និង​បោះចោល​សំណល់​សល់​ចាស់ៗ​សល់​ពី​អាជីវកម្ម របស់​ខ្លួន​ជាដើម ប៉ុន្តែ​ពលរដ្ឋ​ទាំងនោះ មិនទាន់​គោរព​តាម​ទេ។

ទន្ទឹម​គ្នា​នេះ លោក អ៊ី សុខឡេង អភិបាល​ក្រុង​ព្រះសីហនុ បាន​រំលឹក​ជា​ថ្មី​ទៀត ដល់​ប្រជាពលរដ្ឋ ត្រូវ​បញ្ឈប់​យក​ទីតាំង​ដី​ចិញ្ចើម​ផ្លូវ​សាធារណៈ សម្រាប់​ធ្វើ​អាជីវកម្ម​តទៅទៀត ព្រោះ​បាន​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ បង្ក​ការ​កកស្ទះ និង​សោភ័ណភាព​ក្រុង​ទាំងមូល៖ «យក​ចិញ្ចើម​ផ្លូវ​សម្រាប់​ចត​រថយន្ត ដាក់​គ្រឿងចក្រ គ្រឿង​ដែក អេតចាយ និង​សម្ភារៈ​ចាស់ សម្រាប់​ការ​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ក្រុងព្រះសីហនុ ពិសេស​នៅ​តាម​ផ្លូវ​តំបន់​ទំនប់រលក គឺ​នៅ​ចំពោះ​មុខ​យើង​នឹង​មាន​វិធានការ​ឲ្យ​បាន​តឹង​រឹង។ យើង​មិន​ទុក​ឲ្យ​ផ្លូវ​តូច​ចង្អៀត​ស្រាប់ បង្ក​ឲ្យ​មានការ​កកស្ទះ​ទៀត​ទេ»

ស្រដៀង​គ្នា​ដែរ អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ថា នឹង​បញ្ជូន​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ភាព​អនាធិបតេយ្យ នៃ​ការ​យក​ចិញ្ចើម​ផ្លូវ​សាធារណៈ នៅ​តំបន់​ទំនប់រលក សម្រាប់​ប្រកប​អាជីវកម្ម នាំ​ឲ្យ​កកស្ទះ​ការ​ធ្វើ​ដំណើរ និង​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ។

លោក​ថា អ្នក​ជាប់​ពាក់ព័ន្ធ​ការ​យក​ចំណី​ផ្លូវ​យក​ធ្វើ​អាជីវកម្ម មាន​ដូចជា៖ អាជីវកម្ម​ផ្សារ​ដែក ឬ​អាជីវកម្ម​លក់​ឈើ ឬ​បោះចោល​កាកសំណល់​ផ្សេង នឹង​ត្រូវ​រង​ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ។ ដូច្នេះ​លោក​ស្នើ ឲ្យ​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន ដែល​យក​ចិញ្ចើម​ផ្លូវ​សាធារណៈ ទៅ​ទាំង​ក្រុងព្រះសីហនុ ឲ្យ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ឲ្យ​បាន​ទាំងអស់​គ្នា៖ «បញ្ហា​នេះ​កាលពី​មីនា ឆ្នាំ​២០១៦ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​ចុះ​ធ្វើការ​ងារ​នេះ​ម្ដង​រួចហើយ ដោយ​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ ឬ​អាជីវករ​នៅ​តាម​តំបន់​នានា​ពិសេស​នៅ​តាម​ផ្លូវ​ទំនប់រលក មិន​ត្រូវ​យក​ចិញ្ចើម​ផ្លូវ​សាធារណៈ ដាក់​តាំង​សម្ភារៈ​បម្រើ​ដល់​ការ​ធ្វើ​អាជីវកម្ម​របស់​ខ្លួន នាំ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ និង​បង្ក​ការ​កកស្ទះ​ទៀត​ទេ។ ប៉ុន្តែ​បញ្ហា​នេះ​អាជ្ញាធរ​នឹង​មាន​វិធានការ​បន្ត​ទៀត ចំពោះ​អ្នក​ល្មើស​ទាំងនោះ»

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ ថ្លែង​ថា បើ​អាជ្ញាធរ​មិន​ដាក់​ពិន័យ ឬ​ឈាន​ដល់​ចាត់វិធានការ​តាមច្បាប់ ទៅលើ​ម្ចាស់​អាជីវកម្ម ដែល​យក​ចិញ្ចើម​ផ្លូវ​សាធារណៈ​សម្រាប់​ស្តុក​សម្ភារៈ ឬ​ទំនិញ ពួកគេ​ឲ្យ​បាន​ធ្ងន់ធ្ងរ​ទេ ពលរដ្ឋ​ល្មើស​ទាំងនោះ​មិន​រាងចាល​ឡើយ។

មន្ត្រី​សង្គម​ស៊ីវិល លើកទឹកចិត្ត​ឲ្យ​អាជ្ញាធរ​ជំនាញ ខេត្ត​ព្រះសីហនុ មាន​វិធានការ​ក្ដៅ​ទៅលើ​បុគ្គល​ទាំងឡាយ​ណា ដែល​យក​ចំណី​ផ្លូវ​សាធារណៈ​សម្រាប់​ធ្វើ​ចំណតរថយន្ត ឬ​ដាក់​តាំង​សម្ភារៈ​ធ្វើ​អាជីវកម្ម បម្រើ​ឲ្យ​ប្រយោជន៍​ផ្ទាល់ខ្លួន នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ និង​សោភ័ណភាព​ក្រុង​ទេសចរណ៍​មួយ​នេះ ឲ្យ​បាន​ធ្ងន់ធ្ងរ​នា​ថ្ងៃ​អនាគត។

ទាក់ទង​ការងារ​ថែរក្សា​បរិស្ថាន​ឆ្នេរ​នេះ​ដែរ រដ្ឋបាល​ខេត្ត​ព្រះសីហនុ អះអាង​ថា បាន​ត្រៀម​ផាក​ពិន័យ​អ្នក​បោះចោល​កាកសំណល់​រឹង​រាវ​គ្មាន​សណ្ដាប់ធ្នាប់​នៅ​តាម ផ្លូវ​សាធារណៈ និង​ការ​បង្ហូរ​ទឹក ស្អុយ​ចូល​សមុទ្រ បើ​ប្រជាពលរដ្ឋ​ទាំងនោះ​នៅ​បន្ត​ចោល​សំរាម​អនាធិបតេយ្យ ឬ​បន្ត​បង្ហូរទឹក​ស្អុយ​ចេញពី​ទីតាំង​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​ចូល​ទៅ​ក្នុង​សមុទ្រ ដោយ​មិន​ឆ្លងកាត់​អាង​ច្រោះ​ទឹក​ស្អាត​ជាមុន បន្ត​កើតមាន​ទៀត​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។