ស្រាវជ្រាវ​ជាង​១​ខែ សមត្ថកិច្ច​ចាប់ខ្លួន​បាន​ទាំង​២​នាក់

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ស្រាវជ្រាវ និង​ចាប់​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​ករណី​លួច​រថយន្ត​នៅ​ចំណុច​ចំណុច​ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ  ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ម្នាក់​ឈ្មោះ ប៊ុ​ន រ៉ុ​ង ហៅ ចាន់ វិច្ឆិកា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ និង​ម្នាក់​ទៀត​ឈ្មោះ ពុំ រស្មី ហៅ ស្រី​ទាល់ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​រថយន្ត​១​គ្រឿង​ម៉ាក​តូ​យ៉ូ​តា កាម​រី ឆ្លាម ពណ៌​ស្លែ ផលិត​ឆ្នាំ​១៩៩៩ ពាក់​ស្លាក​លេខ ភ្នំពេញ 2J-4158 លេខ​តួ​4T1BG22KXXU868746 លេខ​ម៉ាស៊ីន 5S6691, ប័ណ្ណ​សម្គាល់​យានយន្ត​របស់​ឈ្មោះ ឈឿ​ន ប៉ មួយ​សន្លឹក និង​ឯកសារ​ពាក់ព័ន្ធ​រថយន្ត​មួយ​ចំនួន ព្រមទាំង​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា (​ម៉ា​ទឹកកក​) ចំនួន​១​ថង់​តូច ។

សមត្ថកិច្ច​បញ្ជាក់​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ដកហូត​បាន​គឺជា​រថយន្ត​ដែល​ជន​រង​គ្រោះ​ឈ្មោះ សាយ ផា​រិ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ បាន​បាត់​កាល​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​បាន​សារ​ភាព​ថា​ខ្លួន​ពិត​ជា​បាន​លួច​រថយន្ត​នោះ​ពិត​ប្រាកដមែន ហើយ​​ត្រូវ​បាន​បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ ចំណែក​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ ៕