សេដ្ឋី​នៅ​អាស៊ី​គឺ​ជា​អ្នក​មាន​បំផុត​នៅ​លើ​ពិភពលោក

សេដ្ឋីក្នុងទ្វីបអាស៊ី មានទ្រព្យសម្បត្តិជាងសមភាគីរបស់ខ្លួនក្នុងតំបន់ផ្សេងទៀតរបស់ពិភពលោក រួមទាំងប្រទេសកូរ៉េខាងជើងនិងទ្វីបអឺរ៉ុប នេះតាមសេចក្តីរាយការណ៍ពីក្រុមហ៊ុនពិគ្រោះយោបល់ Capgemini។

យោងទៅតាមរបាយការណ៍នោះ ទ្រព្យសម្បត្តិរបស់សេដ្ឋីអាស៊ី មានតម្លៃ១៧,៤លាន លានដុល្លាររនៅឆ្នាំ២០១៥ មានចំនួនទ្វេដងច្រើនជាងឆ្នាំ២០០៦ដែលមានចំនួន៨,៤លានលានដុល្លាររ។ នៅតំបន់អាមេរិកខាងជើង សេដ្ឋី បានមើលឃើញថា ទ្រព្យសម្បត្តិរបស់ខ្លួនកើនឡើងពី១១,២លានលានដុល្លារទៅ១៦,៦លានលានដុល្លារនៅក្នុងរយៈពេលដូចគ្នា។

ចំនួនសេដ្ឋីក្នុងទ្វីបអាស៊ី បានកើនឡើងចំនួន៩,៤ភាគរយនៅឆ្នាំនេះ។ របាយការណ៍នោះ បានប្រាប់ឲ្យដឹងថា មានសេដ្ឋីអាស៊ីចំនួន៥លាន១សែននាក់នៅឆ្នាំ២០១៥ ចំនួន២លាន៧សែននាក់មកពីប្រទេសជប៉ុនហើយជាង១លាននាក់មកពីប្រទេសចិន។ តែផ្ទុយទៅវិញ សហរដ្ឋអាមេរិកមានតែ៤លាន៥សែននាក់។

របាយការណ៍នោះបានរកឃើញថា សេដ្ឋីអាស៊ី បានកើនទ្រព្យសម្បត្តិរបស់ខ្លួនជិត១០ភាគរយនៅឆ្នាំ២០១៥ដោយប្រៀបធៀបមានតែជាង២ភាគរយនៅក្នុងសហរដ្ឋអាមេរិកនិងប្រទេសកាណាដា។

របាយការណ៍នោះ បានប្រាប់ឲ្យដឹងទៀតថា សេដ្ឋីតំបន់អាមេរិកឡាទីន មានភាពកាន់តែអាក្រក់ឡើង ដោយឃើញទ្រព្យសម្បត្តិរបស់ពួកគេបានចុះថយ៣,៧ភាគរយ ដែលបានបណ្តាលមកពីការធ្លាក់ចុះភាគហ៊ុននៅក្នុងប្រទេសប្រេស៊ីល។ ក្នុងខណៈនោះដែរ សេដ្ឋីនៅតំបន់អឺរ៉ុប បានឃើញកើនឡើងនូវទ្រព្យសម្បត្តិចំនួន៤,៨ភាគរយ។

ទ្រព្យសម្បត្តិរបស់សេដ្ឋីអាស៊ី ភាគច្រើនស្ថិតនៅក្នុងសេវាកម្មហិរញ្ញវត្ថុ បច្ចេកវិទ្យានិងការថែទាំសុខភាព៕

ប្រភពៈ VOA