កូរ៉េ​ខាង​ជើង​ ទាត់​ចោល​ការ​បន្ត​កិច្ច​ចរចា​នុយ​ក្លេអ៊ែរ​ឡើង​វិញ​ជា​មួយ​មហា​អំណាច

ក្រុងប៉េកាំងៈ មន្ត្រីកំពូលម្នាក់របស់ក្រុងព្យុងយ៉ាង នៅក្នុងក្រុងប៉េកាំងបាននិយាយថា កូរ៉េខាងជើង «មិនមានគំនិត» នៃការបន្តកិច្ចចរចា ៦ ភាគី ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួននោះទេ ថ្វីបើមាន ការជំរុញជាច្រើនលើកច្រើនសាពីចិន ជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួនក្តី។

កូរ៉េខាងជើង បោះបង់ការចរចាដែលពេលនេះជាប់គាំង ក្នុងបំណងទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនក្នុងឆ្នាំ ២០០៩ ហើយ ភ្លាមៗក្រោយមកបានធ្វើតេស្តបរមាណូលើកទីពីររបស់ខ្លួន។ ចិន បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សានោះ ដែលត្រូវបានចូលរួម ដោយកូរ៉េខាងត្បូង អាមេរិក រុស្ស៊ី និង ជប៉ុន។

ក្រុងប៉េកាំង ដែលជាអ្នកការពារការទូត និងជាអ្នកឧបត្ថម្ភសេដ្ឋកិច្ចដ៏សំខាន់របស់កូរ៉េខាងជើង ចង់ឲ្យស្តារការចរចាឡើងវិញ ថ្វីបើក្រុងវ៉ាស៊ីនតោន ក្រុងសេអ៊ូល និងក្រុងតូក្យូ សុទ្ធតែទទូច ឲ្យក្រុងព្យុងយ៉ាង ដែលបានបាញ់ មីស៊ីលពីរគ្រាប់ពីដើមសប្តាហ៍នេះ ត្រូវតែចាត់វិធានការជាក់ស្តែងខ្លះទៅកាន់ការគ្មាននុយក្លេអ៊ែរក្តី។

អគ្គនាយិការង នៃការិយាល័យកិច្ចការអាមេរិកខាងជើងនៃក្រសួងការបរទេសក្រុងព្យុងយ៉ាង លោកស្រី Choe Son-Hui បាននិយាយក្នុងក្រុងប៉េកាំង ថា៖ «សម្រាប់ពេលនេះ យើង អត់មានគំនិតអំពីការចូលរួមក្នុងកិច្ចចរចា ដើម្បីពិភាក្សាការគ្មាន នុយក្លេអ៊ែររបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េទេ»។

លោកស្រី ស្ថិតក្នុងរដ្ឋធានី ចិននោះ ដើម្បីចូលរួមវេទិកាសន្តិសុខប្រចាំឆ្នាំ ដែលក្នុងនោះ មានក្រុមអ្នកតំណាងមកភាគីទាំង ៦។លោកស្រីបានប្រាប់ក្រុមអ្នកកាសែតនៅខាងក្រៅស្ថានទូតរបស់កូរ៉េខាងជើងថា៖ «ក្រោមកាលៈទេសៈនេះដែលគោលនយោបាយ អរិភាពរបស់អាមេរិកនៅតែនៅទីនោះ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ មិនស្ថិតក្នុងជំហរដើម្បីពិភាក្សាអំពីការគ្មាននុយ ក្លេអ៊ែរនៅលើឧបទ្វីកូរ៉េទេ»។

ទំនាក់ទំនងរវាងចិននិងកូរ៉េខាងជើង បានក្លាយជាតានតឹងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈក្រុងព្យុងយ៉ាង ជំរុញទៅមុខជាមួយការ ធ្វើតេស្តនុយក្លេអ៊ែរដែលត្រូវគេថ្កោលទោសជាអន្តរជាតិជាច្រើន ហើយលោកគីម ជុងអ៊ុន មិនទាន់ ធ្វើទស្សនកិច្ចទៅក្រុងប៉េកាំងនៅ ឡើយ ចាប់តាំងពីស្នងអំណាចពី ឪពុកលោក ដែលបានស្លាប់ក្នុងឆ្នាំ ២០១១។

បន្ទាប់ពីការបរាជ័យជាច្រើន ក្នុងប៉ុន្មានខែថ្មីៗនេះ កូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលរយៈចម្ងាយមធ្យម Musudan ពីរគ្រាប់ ដែលមានកម្លាំងខ្លាំងដោយជោគជ័យពីថ្ងៃពុធ ដែលមួយគ្រាប់ បានហោះ ៤០០ គ.ម.ទៅក្នុងសមុទ្រជប៉ុន។

ជាមួយការធ្វើតេស្តនេះ លោកគីម បានគំរាមកំហែងមូលដ្ឋាន យោធាអាមេរិកជាច្រើននៅទូទាំង សមុទ្រប៉ាស៊ីហ្វិក ដោយធ្វើឲ្យក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ជួបពិភាក្សាគ្រាអាសន្នមួយពីរាត្រី ថ្ងៃអាទិត្យ ស្តីពីការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរក្រុងព្យុងយ៉ាង។

លោកគីម ដែលបានតាមដាន ដោយផ្ទាល់នូវការធ្វើតេស្តនោះ បានសរសើរ «ព្រឹត្តិការណ៍អស្ចារ្យ» ដែលគាំទ្រយ៉ាងសំខាន់ចំពោះ សមត្ថភាពវាយប្រហារនុយក្លេអ៊ែរ ជាមុនរបស់កូរ៉េខាងជើង សូម្បីតែពលរដ្ឋអាមេរិក ក្នុងមហាសមុទ្រប៉ាស៊ីហ្វិកផងដែរ៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍