មនុស្ស​ចាស់​ជាង​ ១លាននាក់​នៅ​កម្ពុជា កំពុង​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់

នៅថ្ងៃទី ២៤មិថុនានេះ តំណាងសមាគម និងសហព័ន្ធមនុស្សចាស់ បាននាំគ្នាប្រារព្ធទិវាលើកកម្ពស់ការយល់ដឹង ប្រយុទ្ធប្រឆាំងការរើសអើងទៅលើមនុស្សចាស់ទូទាំងពិភពលោក នៅខេត្តបាត់ដំបង។ អ្នករៀបចំកម្មវិធី បានឲ្យដឹងថា មនុស្សចាស់នាពេលបច្ចុប្បន្ន កំពុងតែប្រឈមនឹងបញ្ហាជាច្រើន ហើយមនុស្សចាស់ជាង ១លាននាក់ ក្នុងប្រទេសកម្ពុជា កំពុងត្រូវការយកចិត្តទុកដាក់ ពីគ្រប់មជ្ឈដ្ឋាន។

បញ្ហាជាច្រើនដែលមនុស្សចាស់នៅកម្ពុជា កំពុងជួបប្រទះ រួមមាន បញ្ហាសុខភាព ទាំងរាងកាយ និងផ្លូវចិត្ត ប្រឈមនឹងកង្វះការយកចិត្តទុកដាក់ ព្រមទាំងការជួយជ្រោមជ្រែងពីស្ថាប័នរដ្ឋាភិបាល និងសូម្បីតែអង្គការក្រៅរដ្ឋាភិបាល ក៏នៅមានកម្រិតនៅឡើយ។ នេះគឺជាការឲ្យដឹងពីលោកទុំ វីរ៉ា នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជា។ តាមអង្គការមនុស្សចាស់កម្ពុជា ចំនួនមនុស្សចាស់ក្នុងប្រទេសក្នុងរយៈពេលនេះ គឺមាន ៩ភាគរយនៃចំនួនប្រជាជនកម្ពុជាសរុប ដែលបើតាមការប៉ាន់ស្មាន គឺមានប្រមាណជាង ១លាននាក់។

យ៉ាងណាក៏ដោយ លោកទុំ វីរ៉ា បញ្ជាក់ថា មនុស្សចាស់ ដែលគេបានចាត់អាយុពី ៦០ឆ្នាំឡើងទៅ នៅមិនទាន់ទទួលបានការថែទាំយ៉ាងត្រឹមត្រូវ ទាំងពីក្រុមគ្រួសារ និងពីសង្គម។ ដូច្នេះ ទិវាលើកកម្ពស់ការយល់ដឹង ប្រយុទ្ធប្រឆាំងនឹងការរើសអើងទៅលើមនុស្សចាស់ នាពេលនេះ មានបំណងចង់ឲ្យរដ្ឋាភិបាល និងមជ្ឈដ្ឋានពាក់ព័ន្ធ បង្កើតសន្ធិសញ្ញាអន្តរជាតិមួយ ស្តីពីមនុស្សចាស់ ដើម្បីជួយសម្រួលដល់គ្រប់ប្រជាជន ដែលបានវិវត្តវ័យទៅរកភាពចំណាស់។

ការធ្វើទិវាប្រយុទ្ធប្រឆាំងការរើសអើង ក្នុងខេត្តបាត់ដំបង នាពេលនេះ ក៏មានរួមបញ្ជូលជាមួយនឹងទិវាបរិស្ថាន និងការដាំកូនឈើផងដែរ។ អង្គការមនុស្សចាស់កម្ពុជា បង្ហាញថា កត្តាបរិស្ថាន ក៏ជាបញ្ហាប្រឈមដ៏ធំធេង របស់ក្រុមមនុស្សវ័យចំណាស់ផងដែរ។ មនុស្សចាស់ ដែលបានឡើងថ្លែងក្នុងទិវានោះ បានបង្ហាញថា គ្រោះធម្មជាតិ មានដូចជាទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ រន្ទះបាញ់ជាដើម ដែលតែងតែកើតឡើងរៀងរាល់ឆ្នាំ បានបំផ្លិចបំផ្លាញ ផលដំណាំកសិកម្ម ស្រែចម្ការ និងមុខរបររបស់មនុស្សចាស់ ដែលធ្វើឲ្យពួកគាត់ ងាយធ្លាក់ក្នុងភាពរងគ្រោះ និងភាពក្រីក្រ ដោយសារពួកគេមានការពិបាកក្នុងការបំលាស់ទី និងការរកដំណោះស្រាយ។

កន្លងមកសមាគមមនុស្សចាស់ បានចូលរួម ក្នុងសកម្មភាពកាត់បន្ថយផលប៉ះពាល់នានា ពីការប្រែប្រួលអាកាសអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិ តាមរយៈការបង្កើតឲ្យមានអនុគណៈកម្មាធិការទទួលបន្ទុកការងារគ្រោះមហន្តរាយ នៅតាមភូមិ ដើម្បីចុះផ្សព្វផ្សាយ ដល់សហគមន៍ពីវិធានការបង្ការ និងកាត់បន្ថយផលប៉ះពាល់នានា ពីគ្រោះមហន្តរាយធម្មជាតិដែលអាចកើតមានឡើង៕

ប្រភពៈ RFI