ក្រសួង​គំរាម​ចាត់​ការ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ម្នាក់​ទៀត រឿង​បន្លំ​ស្នាម​មេដៃ

ភ្នំពេញៈ ក្រសួងមហាផ្ទៃបានគំរាមចាត់ចំណាត់ការផ្លូវច្បាប់ទៅលើតំណាងរាស្រ្តគណបក្សប្រឆាំងដែលត្រូវបានចោទប្រកាន់ថាក្លែងបន្លំស្នាមមេដៃទៅលើញត្តិដាក់ទៅព្រះមហាក្សត្រ ប៉ុន្តែគណបក្សប្រឆាំងបាននិយាយថា ខ្លួនមិនចាប់អារម្មណ៍ចំពោះការគំរាមកំហែងនេះទេ។

នៅពេលទាក់ទងសុំអត្ថាធិប្បាយកាលពីម្សិលមិញ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ ខៀវ សុភ័គ បានបដិសេធមិនធ្វើអត្ថាធិប្បាយ ប៉ុន្តែ ឧត្តមសនីយ៍ ខៀវ សុភ័គ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ក្រសួងមហាផ្ទៃនឹងធ្វើរបាយការណ៍ពិសេសមួយទៅរដ្ឋាភិបាល បន្ទាប់ពីខ្លួនបានបញ្ចប់ការស្រាវជ្រាវលើស្នាមមេដៃទាំងនោះដើម្បីជម្រាបអំពីភាពមិនប្រក្រតីនៃស្នាមមេដៃនៅលើញត្តិ ហើយនឹងសុំចំណាត់ការផ្លូវច្បាប់ទៅលើតំណាងរាស្រ្តគណបក្សប្រឆាំង។

ប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃអង្គារ លោក ខៀវ សុភ័គ បានលើកឡើងនូវឈ្មោះតំណាងគណបក្សសង្គ្រោះជាតិ លោក យ៉ែម ប៉ុញ្ញាឫទ្ធិ ដែលជាអ្នកដឹកនាំញត្តិដាក់ទៅព្រះមហាក្សត្រនរោត្តម សីហមុនី ថាជាអ្នកទីមួយដែលនឹងប្រឈមមុខចំណាត់ការផ្លូវច្បាប់។

លោកបន្ថែមថា គណៈកម្មការស្រាវជ្រាវស្នាមមេដៃបានរកឃើញភាពមិនប្រក្រតីជាច្រើននៃស្នាមមេដៃទាំងនោះ។

លោកបានអះអាងថា វាជាភាពមិនប្រក្រតីធ្ងន់ធ្ងរដែលស្នាមមេដៃមួយផ្តិតនៅលើឈ្មោះ ៨៦ ឈ្មោះ។

លោក ខៀវ សុភ័គ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនោះថា៖ «យើងនឹងស្នើទៅរាជរដ្ឋាភិបាលឲ្យចាត់ចំណាត់ការផ្លូវច្បាប់ទៅលើបុគ្គលណាដែលប្រព្រឹត្តខុស។ នេះជាកំហុសធ្ងន់ធ្ងរណាស់។ តំណាងរាស្រ្តម្នាក់[របស់គណបក្សសង្គ្រោះជាតិ] លោក យ៉ែម ប៉ុញ្ញាឫទ្ធិ បានយកស្នាមមេដៃទាំងនោះទៅថ្វាយព្រះមហាក្សត្រ។ ខ្ញុំគិតថា គណៈកម្មាការនឹងសុំឲ្យរាជរដ្ឋាភិបាលចាត់ចំណាត់ការផ្លូវច្បាប់»។

ទន្ទឹមនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានព្រមានផងដែរកាលពីថ្ងៃអង្គារថា លោកនឹងមិនអត់ឱនចំពោះករណីស្នាមមេដៃដែលលោកបានលើកឡើងថា ស្នាមមេដៃក្លែងក្លាយគឺជាការបោកប្រាស់និងការប្រមាថធ្ងន់ធ្ងរចំពោះព្រះមហាក្សត្រ ហើយលោកកំពុងរង់ចាំលទ្ធផលពីគណៈកម្មាការជំនាញ ហើយលោកសុំឲ្យមន្រ្តីទូតនានាកុំចោទលោកថាប្រើប្រាស់តុលាការដោះស្រាយបញ្ហា ហើយលោកថា ប្រសិនបើលោកមិនប្រើច្បាប់ មានតែប្រើកាំភ្លើង។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម ប៉ុញ្ញាឫទ្ធិ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានឡើយកាលពីម្សិលមិញ។ ប៉ុន្តែតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានថ្លែងថា គណបក្សសង្គ្រោះជាតិមិនចាប់អារម្មណ៍ចំពោះការគំរាមកំហែងនេះទេ ដោយថ្លែងថា វាជារឿងដដែលៗចំពោះគណបក្សសង្គ្រោះជាតិ។

លោក អេង ឆៃអ៊ាង បានថ្លែងបន្តថា៖ «យើងមិនខ្វល់ និងមិនចាប់អារម្មណ៍ចំពោះការគំរាមកំហែងនេះ។ នៅពេលមានការដាក់ញត្តិ អាជ្ញាធរមិនដែលពិនិត្យស្នាមមេដៃទេ ពួកគេត្រូវតែពិនិត្យទៅលើអត្ថន័យ[នៃញត្តិ]។ វាចម្លែកនៅកម្ពុជាយើង [អាជ្ញាធរ] ពិនិត្យទៅលើស្នាមមេដៃត្រឹមត្រូវឬមិនត្រឹមត្រូវ»។

លោកបន្ថែមថា ញត្តិគឺគ្រាន់តែជាការប្រកាសរបស់ក្រុមមនុស្សដែលចង់បានអ្វីមួយ ហើយថា ការប្រកាសនិងអ្នកប្រកាសមិនដែលត្រូវដាក់ទោសទណ្ឌ ដោយលោកចង្អុលបង្ហាញថា ក្រសួងមួយចំនួនឬស្ថាប័នមួយចំនួន ដែលមេស្ថាប័នទាំងនោះបានចេញញត្តិគាំទ្រអ្វីមួយ បានយកឈ្មោះបុគ្គលិករបស់ខ្លួនប្រើនៅក្នុងញត្តិរបស់ខ្លួនដោយមិនប្រាប់បុគ្គលិករបស់ខ្លួន ហើយហេតុអ្វីមេដឹកនាំទាំងនោះមិនត្រូវបានដាក់ទោសទណ្ឌ។

លោក អ៊ាង បានថ្លែងបន្ថែមថា៖ «យើងសូមអាជ្ញាធរបញ្ឈប់ការប្រើវិធីសាស្រ្តគំរាមកំហែង។ យើងពិនិត្យទៅលើអត្ថន័យនៃញត្តិ ប្រសិនបើខ្លួនអាចដោះស្រាយបាន សូមបន្តទៅមុខ។ [អាជ្ញាធរ] មិនត្រូវយកហត្ថលេខា ឬ [ស្នាមមេដៃ] ទៅពិនិត្យថា តើវាខុសឬត្រូវនោះទេ។ វាផ្ទុយនឹងគោលការណ៍ វាផ្ទុយនឹងស្មារតីនៃម្ចាស់ញត្តិ»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍