អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ត្រៀម​ចាត់វិធានការ​ក្ដៅ​ចំពោះ​ពលរដ្ឋ​ប្រើ​ប្រាស់​ចិញ្ចើម​ផ្លូវ

អាជ្ញាធរខេត្តព្រះសីហនុ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ទៅលើប្រជាពលរដ្ឋ ដែលយកចិញ្ចើមផ្លូវថ្នល់ តំបន់ទំនប់រលក យកដាក់សម្ភារៈសម្រាប់ធ្វើអាជីវកម្ម និងបោះចោលកាកសំណល់គ្រប់ប្រភេទ នាំឲ្យប៉ះពាល់ដល់ផ្លូវសាធារណៈ។

បញ្ហានេះ មន្ត្រីសង្គមស៊ីវិលរិះគន់ថា ភាពអនាធិបតេយ្យនៃការយកចិញ្ចើមផ្លូវសម្រាប់ធ្វើអាជីវកម្ម និងចតរថយន្ត បានប៉ះពាល់ធ្ងន់ធ្ងរដល់សោភ័ណភាព និងធ្វើអោយកកស្ទះចរាចរស្ទើរជារៀងរាល់ថ្ងៃ។

អភិបាលក្រុងព្រះសីហនុ លោក អ៊ី សុខឡេង មានប្រសាសន៍ថា អាជ្ញាធរនឹងចុះចាប់សម្ភារៈរបស់ប្រជាពលរដ្ឋ ឬអាជីវករទាំងឡាយណា ដែលល្មើសយកចិញ្ចើមផ្លូវសាធារណៈទាំងនោះ ឈានដល់ផាកពិន័យម្ចាស់ផ្ទះ ឬម្ចាស់ធ្វើអាជីវកម្មល្មើសទាំងនោះ ឲ្យបានធ្ងន់ធ្ងរ ឬឈានដល់បញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់។

លោកថា កន្លងមកអាជ្ញាធរ បានចុះណែនាំ មិនឲ្យពលរដ្ឋទាំងនោះ យកចំណីផ្លូវសាធារណៈទាំងនេះ ដើម្បី ដាក់តាំងសម្ភារៈផ្សេងៗ យកធ្វើចំណតរថយន្ត និងបោះចោលសំណល់សល់ចាស់ៗសល់ពីអាជីវកម្ម របស់ខ្លួនជាដើម ប៉ុន្តែពលរដ្ឋទាំងនោះ មិនទាន់គោរពតាមទេ។

ទន្ទឹមគ្នានេះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានរំលឹកជាថ្មីទៀត ដល់ប្រជាពលរដ្ឋ ត្រូវបញ្ឈប់យកទីតាំងដីចិញ្ចើមផ្លូវសាធារណៈ សម្រាប់ធ្វើអាជីវកម្មតទៅទៀត ព្រោះបានប៉ះពាល់ដល់ការធ្វើដំណើរ បង្កការកកស្ទះ និងសោភ័ណភាពក្រុងទាំងមូល៖ «យកចិញ្ចើមផ្លូវសម្រាប់ចតរថយន្ត ដាក់គ្រឿងចក្រ គ្រឿងដែក អេតចាយ និងសម្ភារៈចាស់ សម្រាប់ការធ្វើអាជីវកម្មនៅក្នុងក្រុងព្រះសីហនុ ពិសេសនៅតាមផ្លូវតំបន់ទំនប់រលក គឺនៅចំពោះមុខយើងនឹងមានវិធានការឲ្យបានតឹងរឹង។ យើងមិនទុកឲ្យផ្លូវតូចចង្អៀតស្រាប់ បង្កឲ្យមានការកកស្ទះទៀតទេ»។

ស្រដៀងគ្នាដែរ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ថា នឹងបញ្ជូនមន្ត្រីពាក់ព័ន្ធចុះពិនិត្យភាពអនាធិបតេយ្យ នៃការយកចិញ្ចើមផ្លូវសាធារណៈ នៅតំបន់ទំនប់រលក សម្រាប់ប្រកបអាជីវកម្ម នាំឲ្យកកស្ទះការធ្វើដំណើរ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។

លោកថា អ្នកជាប់ពាក់ព័ន្ធការយកចំណីផ្លូវយកធ្វើអាជីវកម្ម មានដូចជា៖ អាជីវកម្មផ្សារដែក ឬអាជីវកម្មលក់ឈើ ឬបោះចោលកាកសំណល់ផ្សេង នឹងត្រូវរងការផាកពិន័យធ្ងន់ធ្ងរ។ ដូច្នេះលោកស្នើ ឲ្យម្ចាស់អាជីវកម្មមួយចំនួន ដែលយកចិញ្ចើមផ្លូវសាធារណៈ ទៅទាំងក្រុងព្រះសីហនុ ឲ្យចូលរួមសហការជាមួយអាជ្ញាធរ ឲ្យបានទាំងអស់គ្នា៖ «បញ្ហានេះកាលពីមីនា ឆ្នាំ២០១៦ អាជ្ញាធរខេត្តព្រះសីហនុបានចុះធ្វើការងារនេះម្ដងរួចហើយ ដោយបានណែនាំដល់ប្រជាពលរដ្ឋ ឬអាជីវករនៅតាមតំបន់នានាពិសេសនៅតាមផ្លូវទំនប់រលក មិនត្រូវយកចិញ្ចើមផ្លូវសាធារណៈ ដាក់តាំងសម្ភារៈបម្រើដល់ការធ្វើអាជីវកម្មរបស់ខ្លួន នាំឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងបង្កការកកស្ទះទៀតទេ។ ប៉ុន្តែបញ្ហានេះអាជ្ញាធរនឹងមានវិធានការបន្តទៀត ចំពោះអ្នកល្មើសទាំងនោះ»។

ទាក់ទិនបញ្ហានេះ មន្ត្រីសង្គមស៊ីវិលមួយចំនួននាខេត្តព្រះសីហនុ ថ្លែងថា បើអាជ្ញាធរមិនដាក់ពិន័យ ឬឈានដល់ចាត់វិធានការតាមច្បាប់ ទៅលើម្ចាស់អាជីវកម្ម ដែលយកចិញ្ចើមផ្លូវសាធារណៈសម្រាប់ស្តុកសម្ភារៈ ឬទំនិញ ពួកគេឲ្យបានធ្ងន់ធ្ងរទេ ពលរដ្ឋល្មើសទាំងនោះមិនរាងចាលឡើយ។

មន្ត្រីសង្គមស៊ីវិល លើកទឹកចិត្តឲ្យអាជ្ញាធរជំនាញ ខេត្តព្រះសីហនុ មានវិធានការក្ដៅទៅលើបុគ្គលទាំងឡាយណា ដែលយកចំណីផ្លូវសាធារណៈសម្រាប់ធ្វើចំណតរថយន្ត ឬដាក់តាំងសម្ភារៈធ្វើអាជីវកម្ម បម្រើឲ្យប្រយោជន៍ផ្ទាល់ខ្លួន នាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរ និងសោភ័ណភាពក្រុងទេសចរណ៍មួយនេះ ឲ្យបានធ្ងន់ធ្ងរនាថ្ងៃអនាគត។

ទាក់ទងការងារថែរក្សាបរិស្ថានឆ្នេរនេះដែរ រដ្ឋបាលខេត្តព្រះសីហនុ អះអាងថា បានត្រៀមផាកពិន័យអ្នកបោះចោលកាកសំណល់រឹងរាវគ្មានសណ្ដាប់ធ្នាប់នៅតាម ផ្លូវសាធារណៈ និងការបង្ហូរទឹក ស្អុយចូលសមុទ្រ បើប្រជាពលរដ្ឋទាំងនោះនៅបន្តចោលសំរាមអនាធិបតេយ្យ ឬបន្តបង្ហូរទឹកស្អុយចេញពីទីតាំងធ្វើអាជីវកម្មរបស់ខ្លួនចូលទៅក្នុងសមុទ្រ ដោយមិនឆ្លងកាត់អាងច្រោះទឹកស្អាតជាមុន បន្តកើតមានទៀតនោះ៕

ប្រភពៈ freshnewsasia