យន្ដ​ហោះ​សូឡា​បញ្ចប់​ការ​ហោះ​ហើរ​ឆ្លង​មហា​សមុទ្រ​លើក​ដំបូង​

ក្រុងសេវីល: យន្ដហោះសូឡា Impulse 2 បានចុះចតក្នុងប្រទេសអេស្ប៉ាញកាលពីព្រឹកថ្ងៃព្រហស្បតិ៍ក្រោយពីបញ្ចប់ដំណើរហោះហើរ ៧០ ម៉ោងពីទីក្រុងញូវយ៉ក ជាយន្ដហោះបំពាក់ថាមពលពន្លឺព្រះអាទិត្យដំបូងឆ្លងកាត់មហាសមុទ្រអាត្លង់ទិក។

ភ្នាក់ងារ AFP បានផ្ដល់ព័ត៌មានថា ការអបអរសាទរត្រូវបានធ្វើខណៈយន្ដហោះសូឡាពិសោធនេះបានចុះចតនៅអាកាសយានដ្ឋានក្រុងសេវីល ភាគខាងត្បូងប្រទេសអេស្ប៉ាញ នៅម៉ោង ៧:៤០ ព្រឹក ដោយក្រុមការងារនំាគ្នាមកស្វាគមន៍ដំណើរមកដល់របស់ពីឡុតស្វ៊ីស និងអ្នកផ្សងព្រេង ប៊េរត្រាដ ពិកកាដ។

លោក ពិកកាដ បានប្រាប់ថា៖ «វាពិតជាអស្ចារ្យណាស់»។ ក្រុមការងារសាទរ ខណៈយន្ដហោះបានហោះហើរចម្ងាយផ្លូវ ៦២៧២ គីឡូម៉ែត្រថា៖ «សុបិនក្លាយជាការពិតហើយ!»។

Solar Impulse ផ្ដើមដំណើរនៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០១៥ ក្នុងទីក្រុងអាប៊ូដាប៊ី និងហោះឆ្លងកាត់តំបន់អាស៊ី ប៉ាស៊ីហ្វិក អាមេរិក ប្រើតែថាមពលព្រះអាទិត្យ៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍