ចុកពោះ​ខ្លាំង​ចូល​គ្លីនិក​ស្រាប់តែ​ដួល​ស្លាប់​ក្នុង​បន្ទប់ទឹក

ចុកពោះ​ខ្លាំង​ចូល​គ្លីនិក​ស្រាប់តែ​ដួល​ស្លាប់​ក្នុង​បន្ទប់ទឹក



រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ជាង​៤០​ឆ្នាំ​ម្នាក់​ដោយសារ​ចុកពោះ​ខ្លាំង​ពេក ក៏​ចូល​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ ខណៈ​គ្រូពេទ្យ​មិន​ទាន់​បាន​ពិនិត្យ​ឱ្យ​ផង បុរស​នោះ​បាន​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់ទឹក​ក៏​បាន​ដួល​ស្លាប់​នៅ​ក្នុង​បន្ទប់ទឹក​នៃ​គ្លីនិក​នោះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៥​និង​៥៥​នាទី​ល្ងាច​ថ្ងៃ​ទី​២២ មិថុនា ។ គ្លីនិក​ខាងលើ​ឈ្មោះ គង់ ធី ព្រែក​ឯង ផ្ទះ​លេខ​២ ផ្លូវជាតិ​លេខ​១ ក្រុម​ទី​១ ភូមិ​ទួល​តា​បាន់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ ។ ជន​រង​គ្រោះ ឈ្មោះ ពុន រស្មី អាយុ​៤៧​ឆ្នាំ ប្រកប​របរ​រត់​តាក់ស៊ី ស្នាក់​នៅ​ភូមិ​អំពិលទឹក ឃុំ​កំពង់​ភ្នំ ស្រុកលើ​ដែក ខេត្តកណ្ដាល ។

តាម​សមត្ថកិច្ច បានឱ្យ​ដឹង​តាម​សម្តី​សាក្សី​ម្នាក់​និយាយ​ថា ដំបូង​ឃើញ​បុរស​ខាងលើ​បាន​ចុះ​ពី​រថយន្ត​តាក់ស៊ី​រួច​ដើរ​ចូល​ទៅ​ក្នុង​គ្លីនិក ដោយ​ប្រាប់​គ្រូពេទ្យ​ថា ចុកពោះ​ខ្លាំង​ណាស់​។ ពេល​នោះ​គ្រូពេទ្យ​កំពុង​តែ​រវល់​ពិនិត្យ​អ្នកជំងឺ​ផ្សេង​ទៀត មិន​ទាន់​បាន​ពិនិត្យ​ជន​រង​គ្រោះ​ភ្លាម​ៗ​ទេ ហើយ​ជន​រង​គ្រោះ​រូប​នោះ​ក៏​បាន​ដើរទៅ​អង្គុយ​លើ​គ្រែពេទ្យ បន្ទាប់​មក​បាន​សុំ​គ្រូពេទ្យ​ចូល​ទៅ​ក្នុង​បន្ទប់ទឹក ស្រាប់តែ​ចូល​ទៅ​បាត់​ឈឹង​តែ​ម្តង ។

បើ​តាម​សម្តី​គ្រូពេទ្យ​ប្រចាំ​នៅ​គ្លីនិក​ខាងលើ​វិញ​បាន​និយាយ​ថា ជន​រង​គ្រោះ​បាន​ដើរ​ចូល​មក​ក្នុង​គ្លីនិក​នេះ តែ​មិនដឹង​ថា គាត់​ជិះ​អ្វី​មក​នោះ​ទេ ។ នៅ​ពេល​ចូល​មក​ដល់​គាត់​បាន​ប្រាប់​ថា ចុកពោះ​ខ្លាំង​ណាស់ ពេល​រូប​គាត់​ជា​គ្រូពេទ្យ​កំពុង​ជាប់ដៃ​ពិនិត្យ​អ្នកជំងឺ​ដទៃ​ទៀត ក៏​បានឱ្យ​ជន​រង​គ្រោះ​ទៅ​អង្គុយ​លើ​គ្រែ​ចាំ​បន្តិច​សិន ពេល​នោះ​ជន​រង​គ្រោះ​បាន​ដើរ​ចូល​ទៅ​ខាងក្នុង រួច​បាន​សុំ​ចូល​បន្ទប់ទឹក​ក៏​បាត់​មាត់​ឈឹង ឮ​សូរ​តែ​សំឡេង​ទឹក​ហូរ ។ ដោយ​មានការ​សង្ស័យ គ្រូពេទ្យ​បាន​ដើរ​ចូល​ទៅ​មើល​ក្នុង​បន្ទប់ទឹក ក៏​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ ដួល​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ដោយ​ដួល​ទាំង​ស្រាតខោ​ជើងវែង​ចេញ​នៅ​សល់​តែ​ខោខ្លី ។

នៅ​ពេល​នោះ គ្រូពេទ្យ​បាន​ផ្តល់​ដំណឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​មក​ពិនិត្យ និង​បាន​ទំនាក់ទំនង​ទៅ​ខាង​ជំនាញ​មក​ធ្វើ​កោសល្យវិច័យ​លើ​សព​ថា​តើ​សព​នេះ​មាន​ស្នាម​ចាក់​ថ្នាំ​ដែរ​ឬ​អត់​។ លុះ​សមត្ថកិច្ច​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​រួច ឃើញ​ថា​គ្មាន​ស្នាម​ចាក់​ថ្នាំ​នៅ​លើ​សព​ជន​រង​គ្រោះ​នោះ​ទេ​។ ក្រោយមក​សមត្ថកិច្ច​ជំនាញ​បាន​សន្និដ្ឋាន​ថា បុរស​រង​គ្រោះ​នេះ​ស្លាប់​ដោយសារ​ខ្យល់គរ រួច​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត ៕