ប្រជាពលរដ្ឋ​នាំគ្នា​ព្រួត​វាយ​ និង​កាត់​ម្រាមដៃ​ចោរ​គាស់​ផ្ទះ​ម្នាក់

ប្រជាពលរដ្ឋ​នាំគ្នា​ព្រួត​វាយ​ និង​កាត់​ម្រាមដៃ​ចោរ​គាស់​ផ្ទះ​ម្នាក់



ភ្នំពេញ ​៖​ យុវជន​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ព្រួត​គ្នា​វាយ​រហូត​ទ្រម​ខ្លួន ​ព្រមទាំង​កាត់​ម្រាមដៃ​ចោល​ផង​ដែរ ក្នុង​ខណៈ​ពេល​ដែល​យុវជន​ម្នាក់​នេះ ​និង​បក្ខពួក​២​នាក់​ទៀត ​ធ្វើ​សកម្មភាព​គាស់​ទម្លុះទម្លាយ​ផ្ទះ​គេ​លួច​យក​ទ្រព្យសម្បត្តិ ហើយ​នៅ​ពេល​ម្ចាស់​គេ​ទាន់ ស្រែក​ចោរ​ៗ ទើប​ព័ទ្ធ​ចាប់​បាន​រហូត​វាយ​ និង​កាត់​ម្រាមដៃ​ចោល​តែ​ម្ដង។

ហេតុការណ៍​ចាប់​ចោរ​គាស់​ផ្ទះ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ​លេខ​២៣០ ​នៅ​ចំណុច​ហាង​លក់​ទូរស័ព្ទ​ដៃ​យីហោ ដា​នី ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក។

ជន​សង្ស័យ ​ដែល​ឃាត់​ខ្លួន​មាន​ឈ្មោះ​ទេព វុទ្ធី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់នៅ​មិន​ពិត​ប្រាកដ។ ចំណែក​ជនរងគ្រោះ​មាន​ឈ្មោះ ​ព្រហ្ម សារិន ​ភេទ​ប្រុស ​អាយុ​៥៥​ឆ្នាំ ស្នាក់នៅ​ផ្ទះ​ជួល​គ្មាន​លេខ ​ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក។

មន្ត្រី​ប៉ូលិស​ខណ្ឌ​ទួលគោក​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​​​​​ ជនរងគ្រោះ​បាន​រៀបចំ​អន្ទាក់​ចាំ​ចាប់​ជនសង្ស័យ​ ដោយសារតែ​កាលពី​១​ឆ្នាំមុន​ជនរងគ្រោះ​ត្រូវ​បាន​ជនសង្ស័យ​ចូល​គាស់​ផ្ទះ​របស់​គាត់ ហើយ​លួច​ទូរស័ព្ទ​ដៃ​ដែល​កូន​គាត់​ទុក​សម្រាប់​លក់​អស់​១​ទូ។ លុះ​មក​ដល់​យប់​កើតហេតុ ​មាន​ជន​សង្ស័យ​ទាំង​អស់​៣​នាក់ ក្នុង​នោះ​មាន​ជនសង្ស័យ​ម្នាក់ ​កំពុងតែ​ធ្វើ​សកម្មភាព​ចូល​គាស់​សោ​ផ្ទះ​ជនរងគ្រោះ។ ភ្លាមៗ​នោះ ​កូន​ជនរងគ្រោះ ​និង​បងប្អូន​ដទៃ​ទៀត​បាន​ឃើញ ហើយ​ស្រែក​ថា ​ចោរ​ៗ ធ្វើ​ឲ្យ​ជនសង្ស័យ​ទាំង​៣​នាក់​ភ័យ​ស្លន់ស្លោ នាំគ្នា​រត់​ចែក​ជើង​គ្នា តែ​ត្រូវ​ម្ចាស់ផ្ទះ​ចាប់​បាន​ម្នាក់ នាំគ្នា​វាយ​ និង​កាប់​ចំ​ដៃ​ខាងឆ្វេង​បណ្ដាល​ឲ្យ​ដាច់​ម្រាមដៃ​២។ ចំណែក​បក្សពួក​២​នាក់​ទៀត​រត់​គេច​ខ្លួន​បាត់ស្រមោល។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​មកដល់​ឃាត់ខ្លួន​ជនសង្ស័យ តែ​ដោយ​មាន​របួស​ធ្ងន់ធ្ងរ​ពេក​ សមត្ថកិច្ច​បាន​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ ព្រះកុសុមៈ​ដើម្បី​ព្យាបាល។ រីឯ​ជនរងគ្រោះ​វិញ​ក៏បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល នគរបាល​បឹង​សាឡាង​ចាត់ការ​តាមច្បាប់​ផង​ដែរ៕
ប្រជាពលរដ្ឋ​នាំគ្នា​ព្រួត​វាយ​ និង​កាត់​ម្រាមដៃ​ចោរ​គាស់​ផ្ទះ​ម្នាក់