ទស្សនៈ៖ ក្នុងវិស័យយុត្ដាធិការ គួរមានផ្នែកពិសេស សម្រាប់ជម្រះក្ដីជនប្រព្រឹត្ដល្មើសជាអនីតិជន

ទស្សនៈ៖ ក្នុងវិស័យយុត្ដាធិការ គួរមានផ្នែកពិសេស សម្រាប់ជម្រះក្ដីជនប្រព្រឹត្ដល្មើសជាអនីតិជន



ជា​ប្រទេស​ដែល​ប្រកាន់យក​នីតិរដ្ឋ ព្រះរាជាណាចក្រ​កម្ពុជា មាន​ស្ថាប័ន​តុលាការ​ក្នុងការ​ពង្រឹង​ការពារ​ការគោរព​ច្បាប់ ការពារ​សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ និង​អាយុជីវិត និង​ចរិយា​សម្បត្ដិ​របស់​ពល​រដ្ឋ ដោយ​តុលាការ ដែល​សាលាជំនុំ​ជម្រះក្ដី មាន​សមត្ថកិច្ច​គ្របដ​ណ្ដ​ប់​ទៅលើ​រឿងក្ដី​ទាំងអស់ រួមទាំង​រឿងក្ដី​រដ្ឋបាល​ផងដែរ ដូច​មានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ១៩៩៣ រួចមកហើយ។ ជាទូទៅ​វិញ​តុលាការ ឬ​សាលាជំនុំ​ជម្រះក្ដី​តាម​ជាន់ថ្នាក់​មាន​ចែកចេញជា​ផ្នែក ឧទាហរណ៍ ៖ ផ្នែក​រដ្ឋប្បវេណី ផ្នែក​ព្រហ្មទណ្ឌ ជាដើម…។

តាម​ការសង្កេត​ជារួម​វិញ ផ្នែក​ទាំងឡាយ​របស់​តុលាការ ត្រូវបាន​ចែកចេញជា​ច្រើន​ថែមទៀត ដូចដែល​កន្លងទៅនេះ មានការ​លើកឡើង​ពី​គម្រោង​នៃ​ការបង្កើត ឲ្យ​មាន​តុលាការ​ការងារ​ជាអាទិ៍។ ដោយឡែក​សម្រាប់​យុ​ត្ដា​ធិ​ការ គួរតែបង្កើត​ឲ្យ​មាន​ផងដែរ​នូវ​ផ្នែក​ពិសេស​ដោយឡែក​មួយ​សម្រាប់​ជម្រះក្ដី ជន​ប្រ​ព្រឹ​ត្ដ​ល្មើស​ដែលជា​អនីតិជន។

ប្រទេសមួយ​ចំនួន​ដូចជា​នៅ​ទ្វីបអឺរ៉ុប និង​សហរដ្ឋអាមេរិក គេ​បាន​បង្កើត​ឲ្យ​មាន​សាលាក្ដី​កម្រិត​នេះ ដែល​ហៅថា “The Juvenile Court” ក្នុងការ​ជំនុំ​ជម្រះក្ដី ទៅលើ​ជនជាប់ចោទ​ដែលជា​អនីតិជន។

ចំពោះ​ករណី​ជនល្មើស ឬ​ជនជាប់ចោទ​ដែលជា​អនីតិជន​នេះ​អាច​ថា ជា​រឿង​រសើប​ក៏​ថា​បាន ប៉ុន្ដែ​សម្រាប់​អ្នកច្បាប់​វិញ គឺជា​ការ​អនុវត្ដ​ច្បាប់​ចំពោះ​អនីតិជន​ដែល​ប្រ​ព្រឹ​ត្ដ​លើស ដោយ​ផ្ដោតទៅលើ​ការអប់រំ​ជាជាង​ទណ្ឌកម្ម​ពន្ធនាគារ។ ប្រសិនបើ​មាន​ត្រឹមតែ​ការអប់រំ​ពី​សមត្ថកិច្ច​ពេលដែល​អនីតិជន​ប្រ​ព្រឹ​ត្ដ​ល្មើស ហើយ​ត្រូវបាន​ឪពុកម្ដាយ ឬ​អ្នកអាណាព្យាបាល​មក​ធានា ហើយ​ធ្វើការ​ប្រគល់​ក្មេង​នោះ​ទៅវិញ ហាក់ដូចជា​ធ្វើ​ឲ្យ​ក្មេង​ដែល​មិន​រាងចាល​នោះទេ និង​ប្រ​ព្រឹ​ត្ដ​នូវ​អំពើ​ល្មើស​ផ្គើន​លើ​ផ្គើន​ជា​ដដែល​វិញ ហើយ​ជនល្មើស​គឺជា​មុខសញ្ញាដដែល។

ភាគច្រើន​ណាស់​ដែល​ជនល្មើស​ជា​អនីតិជន​ស្ថិតនៅក្នុង​យុវភាព បោះបង់ចោល​ការសិក្សា​ប្រ​ព្រឹ​ត្ដ​នូវ​បទល្មើស​មាន​ចរិត​ព្រហ្មទណ្ឌ​តែម្ដង ដែល​អាចជា​ឃាតកម្ម ការបង្ក​របួសស្នាម ការជួញដូរ​ថ្នាំញៀន ឬ​អាចមាន​ទាំង​បទល្មើស​សេពសន្ថវៈ​ទៀតផង។ ប្រសិនបើ​និយាយ​អំពី​ការ​ប្រ​ព្រឹ​ត្ដ​ល្មើស​វិញ ភាគច្រើន​ណាស់​ដែល​ក្រមព្រហ្មទណ្ឌ​បច្ចុប្បន្ន ពិបាក​ក្នុងការ​ប្រៀបធៀប​គ្នា​រវាង​ជនល្មើស​ដែល​នៅ​មិនទាន់មាន​អាយុ ត្រូវ​ទទួលខុសត្រូវ​ផ្នែក​ព្រហ្មទណ្ឌ និង​ជន​ដែលមាន​អាយុ​ត្រូវ​ទទួលខុសត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​នោះ។

ប្រសិនបើ​និយាយ​ដល់​ការការពារ​ក្ដី​ឲ្យ​ជនជាប់ចោទ​វិញ មេធាវី​អាច​លើកឡើង​យ៉ាង​ងាយ​អំពី​ករណី​ដែល​ជនល្មើស​ស្ថិតនៅ​ជា​អនីតិជន​នៅឡើយ។

ប្រសិនបើ​នោះ​ជា​បទឧក្រិដ្ឋ​ដែល​មិនអាច​លើកលែង​បាន​ទៅទៀត ជនល្មើស​ដែលជា​អនីតិជន​កាន់តែ​បង្ក​ការលំបាក​យ៉ាងខ្លាំង នៅក្នុង​នីតិវិធី​របស់​តុលាការ ព្រោះតែ​ត្រូវ​ឡើងមក​ឈរ​នៅ​ពីមុខ​ក្រចកសេះ ដូចជា​ជនជាប់ចោទ ដែលមាន​អាយុ​គ្រប់គ្រាន់​ក្នុងការ​ទទួលខុសត្រូវ តាមផ្លូវ​ច្បាប់​អ៊ីចឹង​ដែរ។

ប្រសិនបើ​និយាយ​ដល់​ការតម្រូវ​ឲ្យ​ជាប់ទោស​វិញ គឺអាច​នៅពេលនេះ​អ្នកទោស ឬ​ទណ្ឌិត ដែលជា​អនីតិជន ត្រូវ​ស្ថិតនៅក្រោម​ការឃុំ​ឃាំង​ឯ​ពន្ធនាគារ តែមួយ​ដូចគ្នា​នឹង​អ្នកទោស​ពេញវ័យ​នោះ​ទៅទៀត ហាក់ដូចជា​ហុច​ដង​ដាវ​ឲ្យ​ទៅ​ក្រុម​សិទ្ធិមនុស្ស ហើយ​ផ្លែដាវ​ចង្អុល​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទៅវិញ។

ការបង្កើតបាន​នូវ​ផ្នែក​ពិសេស​ដោយឡែក នៃ​តុលាការ​សម្រាប់​ជម្រះក្ដី​ជន​ប្រ​ព្រឹ​ត្ដ​ល្មើស ដែលជា​អនីតិជន​នោះ ប្រៀបដូចជា​នាំយក​ក្មេង​ដែល​ប្រ​ព្រឹ​ត្ដ​ល្មើស ឲ្យ​ទៅកាន់​ទីកន្លែង​មួយ​ជា​មណ្ឌល​កែប្រែ​ដោយឡែក​សម្រាប់តែ​ក្មេង ដែលមាន​អាយុ​មិនទាន់​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់ គឺជា​ប្រការ​ដ៏​ល្អ​ក្រៃលែង។

សង្ឃឹមថា ការលើក​យកមក​ជម្រាប​ជូន​នេះ ជា​បំណងល្អ​មួយ​ដើម្បី​ជាការ​រួមចំណែក លើកស្ទួយ​នីតិរដ្ឋ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នៃ​យើង៕