អគ្គនាយក​ដា្ឋ​ន​ពន្ធដារ​ និង​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​ចុះហត្ថលេខារួមគ្នា

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធដារ និង​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន ភេរវកម្ម កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​នៅ​សាល​ប្រជុំ​អគ្គនាយកដ្ឋាន​ពន្ធដារ​ដែល​មានការ​ចូលរួម​ពី​លោក​គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​លោក​ជំទាវ សាយ សំអាត អគ្គលេខាធិការ​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​នៃ​ធនាគារជាតិ នៃ​កម្ពុជា​។

អគ្គនាយកដ្ឋាន​ពន្ធដារ ទទួល​បានការ​ផ្តល់​ការ​ឯកភាព​ជា​គោលការណ៍​ពី​លោក​បណ្ឌិត​ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា រវាង​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ កម្ពុជា​នៃ​ធនាគារជាតិ​នៃ​កម្ពុ​ជាតិ ស្តី​ពី​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម គឺ​ក្នុង​គោលបំណង​ធ្វើការ​ផ្លាស់​ប្តូរ​ព័ត៌មាន រវាង​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​នៃ​ធនាគារជាតិ​កម្ពុជា និង​អគ្គនាយកដ្ឋាន​ពន្ធដារ សំដៅ​រួម​គ្នា​បង្កើន​ប្រសិទ្ធភាព​ស៊ើបអង្កេត​លើ​ករណី​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ដែល​អាច​កើត​ចេញពី​បទល្មើស​នៃ​ការ​គេចវេះ​ពន្ធ និង​ក្នុង​គោលដៅ​ទទួល​បាន​នូវ​លទ្ធផល​ជា​វិជ្ជមាន អំពី​ការ​វាយតម្លៃ​ពី​សំណាក់​ក្រុម​ប្រទេស​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក (Asia Pacific Group) មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា​។

ម្យ៉ាងទៀត អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ គឺ​ពិតជា​មាន​សារសំខាន់​សម្រាប់​អគ្គនាយកដ្ឋាន​ពន្ធដារ​ដែល​ជា​អង្គភាព​មួយ​មាន​តួនាទី​ប្រមូល​ចំណូល​ពន្ធ​ផ្ទៃក្នុង​ជូន​ជាតិ ព្រោះថា អគ្គនាយកដ្ឋាន​ពន្ធដារ​ត្រូវការ​ជា​ចាំបាច់​នូវ​ព័ត៌មាន​ហិរញ្ញវត្ថុ​របស់​អ្នក​ជាប់ពន្ធ​សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការ​គាំទ្រ​ដល់​កិច្ចការ​សវន​កម្ម ក៏​ដូច​ជា​យន្តការ​ក្នុង​ការ​អនុវត្ត​វិធានការ​ទារបំណុល​ពន្ធ ពោល​គឺ​ការ​ពង្រឹង​ការ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ ប្រកបដោយ​តម្លាភាព ប្រសិទ្ធភាព និង​សមភាព ។

អគ្គនាយកដ្ឋាន​ពន្ធដារ សង្ឃឹម​យ៉ាង​មុតមាំ​ថា អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ នឹង​ជា​យន្តការ​ដ៏​មាន​សារសំខាន់ និង​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​ផ្ទៃក្នុង ស្តី​ពី​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ហិរញ្ញវត្ថុ ព័ត៌មាន​របស់​បុគ្គល ឬ​អង្គភាព និង​ស្ថានភាព​ពាក់ព័ន្ធ​នឹង​សកម្មភាព​សម្អាត​ប្រាក់ ឬ​ហិរញ្ញប្បទាន ភេរវកម្ម​ពាក់ព័ន្ធ​នឹង​បទល្មើស​គេចពន្ធ កេង​បន្លំ​ពន្ធ ដែល​ផល​នៃ​បទល្មើស​នេះ​អាច​ត្រូវ​បាន​ប្រើប្រាស់​តាម​រយៈ​ប្រព័ន្ធ​ហិរញ្ញវត្ថុ ៕