ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់ ដែល​ទន្ទ្រាន​ឈូស​ឆាយដី​ខុសច្បាប់

ខេត្តមណ្ឌលគិរី ៖ មន្ត្រី​របស់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ដឹកនាំ​ដោយ​លោក កែវ សុ​ភ័​ក្រ សហការ​ជាមួយ​ក្រុមការងារ​អនុវត្តន៍​ច្បាប់​របស់​អង្គការ WWF​កម្ពុជា បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់ កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៦ ដែល​មាន​បំណង​ទន្ទ្រាន ឈូស​ឆាយ ដី​ព្រៃ​ខុសច្បាប់​នៅ​ភូមិ​ណ​ង់​ប៊ួ ឃុំ​ណ​ង​ល​គី​លិ​ក ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី​។ លោក កែវ សុ​ភ័​ក្រ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទី​បរិស្ថាន​ខេត្ត​នៅ​ថ្ងៃ​ទី​២៣ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ជាមួយនឹង​ភស្តុ​តាង​ជាក់ស្តែង​ដែល​រឹបអូស​បាន​ពី​ជនសង្ស័យ រួម​មាន ត្រាក់ទ័រ​មួយ​គ្រឿង ម៉ាស៊ីន​អារឈើ​ចំនួន​២​គ្រឿង ធុងសាំង​ចំនួន​៤ ម៉ាស៊ីន​កាត់​ស្មៅ​ចំនួន​៥​គ្រឿង ម៉ាស៊ីន​ស្វាន​ចំនួន​មួយ​គ្រឿង កាំភ្លើង​កែ​ច្នៃ​មួយ​ដើម និង​ម៉ាស៊ីន​បាញ់ថ្នាំ​គីមី​ចំនួន​មួយ​គ្រឿង​ផង​ដែរ​៕