ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​នៅ​ម៉ាឡេស៊ី​ជួយ​អន្តរាគមន៍​ពលករ ពល​ការិនី​ខ្មែរ​ចំនួន​០៤​នាក់

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​នៅ​ម៉ាឡេស៊ី​ជួយ​អន្តរាគមន៍​ពលករ ពល​ការិនី​ខ្មែរ​ចំនួន​០៤​នាក់



ភ្នំពេញ ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី​២៤ ខែមិថុនា ថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍​ជួយ​ពលករ ពល​ការិនី​ខ្មែរ ចំនួន​០៤​នាក់ ដែល​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​ជួបប្រទះ​នឹង​ការ​លំបាក​ក្នុង​ការងារ ឲ្យ​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​។

លោក ជុំ សុន្ទរី បញ្ជាក់​ថា ពលករ​ពលការិនី​ខ្មែរ​ទាំង​០៤ នាក់​នោះ មានឈ្មោះ ១-​ពល​ការិនី ស៊ីវ សារឿន អាយុ​៣៤ ឆ្នាំ នៅ​ភូមិ​មេមត់ ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ទៅធ្វើ​ការ​តាម​ផ្ទះ​នៅ​ម៉ាឡេស៊ី តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៥ តាមរយៈ​មេខ្យល់ ដោយ​ធ្វើដំណើរ​តាម រថយន្ត​កាត់​តាម​ប្រទេស​ថៃ​។ ដោយ​សាមីខ្លួន​ពុំមាន​លទ្ធភាព​ដោះស្រាយ​ដោយ​ខ្លួនឯង ស្ថានទូត​បាន ចេញថ្លៃ​បង់ពិន័យ​ឲ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី ព្រមទាំង​ទិញ​សំបុត្រ​យន្តហោះ​ឲ្យ​ពល​ការិនី​រូបនេះ​។ ២-​ពល​ការិនី គ្រួច ស្រី​ពៅ អាយុ​២៤​ឆ្នាំ នៅ​ភូមិ​បល្ល័ង្ក​ខាងលិច ឃុំ​លេខ​១ ស្រុក​ទី​រួម ខេត្តកំពង់ធំ ខេត្តកំពង់ធំ បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ខាង​ផ្នែក​ជូត​សំអាត តាំងពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ ២០១៦ តាមរយៈ​ក្រុមហ៊ុន Century Cambodian នៅ​កម្ពុជា ដោយ​ធ្វើដំណើរ​តាម រថយន្ត​កាត់​តាម​ប្រទេស​ថៃ ។​
៣-​ពលករ សា​លីម អា​ទៀត​ម៉ី​ស៊ី អាយុ​២៨​ឆ្នាំ នៅ​ភូមិ​២ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ជា​ចុងភៅ ដោយ​ខ្លួនឯង តាំងពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ ២០១៦ ។ ៤-​ពលករ រ៉​សាត រ៉​ហ្វា​ត អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​ពពេល ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បាន​ទៅធ្វើ​ការ​ក្នុង​ចំការ​ដូងប្រេង នៅ​ប្រទេស​ម៉ាឡេស៊ី តាំងពី​ថ្ងៃទី ២០ ខែតុលា ឆ្នាំ​២០១៥ តាម រយៈ​មេខ្យល់ ដោយ​ធ្វើដំណើរ​តាម​រថយន្ត​កាត់​តាម​ប្រទេស​ថៃ​។

ក្នុងកំឡុងពេល​រង់ចាំ​ការវិល​ត្រឡប់មក​កម្ពុ​ជា​វិញ ស្ថានទូត​បានផ្ដល់​កន្លែង​ស្នាក់នៅ និង​ការហូបចុក​ដល់​ពលក​រ​-​ពល​ការិនី​ទាំង​០៤​នាក់​។ ពលករ ពល​ការិនី​ខ្មែរ​ទាំង​០៤ នាក់ នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៧ និង​៣៥ នាទី​ព្រឹក តាម​ជើងយន្តហោះ AK ៥៣៦៕