អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់​អំពី​អាយុកាល​នៃ​ទូក​បុរាណ​ដែល​បាន​ប្រទះឃើញ​ក្នុង​ភូមិ​បំពេញរាជ្យ

អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់​អំពី​អាយុកាល​នៃ​ទូក​បុរាណ​ដែល​បាន​ប្រទះឃើញ​ក្នុង​ភូមិ​បំពេញរាជ្យ



សៀមរាប ៖ ក្នុង​ឱកាស​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​២៦​នៃ​គណៈកម្មាធិការ​អន្តរជាតិ​សម្រប​សម្រួលការ​គាំពារ​និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ (ICC-Angkor) នា​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ២០១៦​នេះ លោក​សាស្ត្រាចារ្យ Azedine Bechaouch លេខាធិការ​វិទ្យាសាស្ត្រ​នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​អង្គរ​បាន​ប្រកាស​ថា ​ទូក​បុរាណ​ដែល​បាន​ប្រទះឃើញ​នៅ​ក្នុង​ការដ្ឋាន​បូម​ខ្សាច់​ស្ថិត​ក្នុង​ភូមិ​បំពេញរាជ្យ​ឃុំ​លាងដៃ​ស្រុក​អង្គរធំ​ហើយ​ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា​យក​មក​រក្សាទុក​បណ្តោះ​អាសន្ន​នៅ​ក្នុង​កសិណ​អង្គរវត្ត​កាលពី​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០១៦​កន្លងមក មាន​កាលបរិច្ឆេទ​នៅ​ឆ្នាំ១២០៧​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧។

លទ្ធផល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​ត្រូវ​បាន​អ្នក​ជំនាញ​ជាតិ​និង​អន្តរជាតិ​សម្តែង​ការ​អបអរសាទរ​និង​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រទះឃើញ​នូវ​ទូក​បុរាណ​ដ៏​កម្រ​ដំបូង​បំផុត ដែល​មាន​អាយុកាល​ចាស់​ជាងគេ​ក្នុង​តំបន់​អង្គរ​។ លោក​សាស្ត្រាចារ្យ Azedine Bechaouch បញ្ជាក់​ថា អាយុកាល​នេះ បាន​មក​ពី​លទ្ធផល​នៃ​ការវិភាគ​នៅ​មន្ទីរ​ពិសោធន៍​ប្រទេស​ញូ​វ​ហ្សេ​ឡែ​ន​ដោយ​ប្រព័ន្ធ​វិទ្យាសាស្ត្រ​កាបូន​១៤​ដែល​មាន​ភាព​សុក្រឹត​និង​ច្បាស់​បំផុត​ហើយ​មានការ​ទទួលស្គាល់​ជា​លក្ខណៈ​សកល។

បើ​តាម​ទម្រង់​រូបរាង​ជាក់​ស្តែង​បាន​បញ្ជាក់​ថា​ ទូក​បុរាណ​ដែល​បាន​កប់​ក្នុង​ដី​ជម្រៅ​៧​ម៉ែត្រ​នេះ​ជា​ប្រភេទ​ទូក​ឃ្លោង​ធ្វើ​ពី​ដើម​គគីរ​មួយ​ដើម​ទាំងមូល​មាន​ប្រវែង​១២,៨៣​ម៉ែត្រ​។ ចំពោះ​ទីតាំង​ដែល​រក​ឃើញ​វិញ គឺជា​អតីត​ស្ទឹង​ពួក​ចាស់​ជាប់​នឹង​ស្ទឹង​សៀមរាប ហូរ​ទៅកាន់​ស្រុក​ពួក​។​

លោក​សុខ សង្វារ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់​បន្ថែម​ថា លទ្ធផល​ដែល​ទទួល​បាន​នេះ​ជា​ទិន្នន័យ​ដ៏​សំខាន់​ដែល​មាន​គុណ​តម្លៃ​យ៉ាង​ខ្ពស់​ចំពោះ​សាធារណជន​និង​អ្នកស្រាវជ្រាវ ដើម្បី​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​អាណាចក្រ​ខ្មែរ​ជាពិសេស​ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី៧​។

អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ​ជាតិ​និង​អន្តរជាតិ​ដើម្បី​ធ្វើ​យ៉ាងណា​រក​មធ្យោបាយ​តាំង​ពិព័រណ៍​ឲ្យ​សាធារណជន​ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​បាន​ទស្សនា​និង​ទទួល​ព័ត៌មាន​លម្អិត​អំពី​ទូក​បុរាណ​នេះ។

អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ពិចារណា​រក​ទីកន្លែង​ដើម្បី​តាំង​បង្ហាញ​នៅ​សារមន្ទីរ​ថ្មី​ដោយឡែក ឬ​សារមន្ទីរ​ដែល​មាន​ស្រាប់ ដូចជា​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ និង​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ឬ ​តាំង​ចល័ត​ឆ្លាស់គ្នា​ដើម្បី​ឲ្យ​ភ្ញៀវ​ទាំងអស់​បាន​ទស្សនា​ទូក​បុរាណ​ផង​បាន​ទស្សនា​ពិព័រណ៍​ផ្សេងៗ​ក្នុង​សារមន្ទីរ​ទាំងនោះ​ផង​។

ក្នុង​នោះ​ដែរ​ក៏​ត្រូវ​បង្ក​លក្ខណៈ​ងាយស្រួល​ក៏ដូចជា​កិច្ចការ​រក្សា​សុវត្ថិភាព​និង​សន្តិសុខ​ល្អ​ដើម្បី​អភិរក្ស​រក្សា​ទម្រង់​រូបរាង​ដើម​របស់​ទូក​ឲ្យ​បាន​យូរអង្វែង​ទុកជា​មត៌ក​បេតិកភណ្ឌ​ដ៏​មានតម្លៃ​របស់​ជាតិ​៕

អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់​អំពី​អាយុកាល​នៃ​ទូក​បុរាណ​ដែល​បាន​ប្រទះឃើញ​ក្នុង​ភូមិ​បំពេញរាជ្យ អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់​អំពី​អាយុកាល​នៃ​ទូក​បុរាណ​ដែល​បាន​ប្រទះឃើញ​ក្នុង​ភូមិ​បំពេញរាជ្យ អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់​អំពី​អាយុកាល​នៃ​ទូក​បុរាណ​ដែល​បាន​ប្រទះឃើញ​ក្នុង​ភូមិ​បំពេញរាជ្យ