“កម្ពុជា​រំលោភ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​នាំចេញ​ឈើ​ប្រណីត”

របាយការណ៍អន្តរជាតិមួយ​ទើប​ចេញផ្សាយ បង្ហាញថា អំពើ​ពុករលួយ និង​បទឧក្រិដ្ឋ ជា​កត្តា​នាំ​ឲ្យ​មាន​ការ​នាំចេញ​ឈើ​ប្រណីត​ជិត​ផុត​ពូជ ពី​ប្រទេស​កម្ពុជា។ ការ​នាំចេញ​ឈើ​ប្រណីត​ជិត​ផុត​ពូជនេះ បាន​រំលោភ​លើ​យុទ្ធការ​ការពារ​របស់​អង្គការ​សហប្រជាជាតិ ស្ដី​ពាណិជ្ជកម្ម​អន្តរជាតិ អម្បូរ​ធនធាន​ជិត​ផុត​ពូជ (CITES)។

របាយការណ៍​មាន​ចំណងជើង​ថា​កណ្ដឹង​ក្រហម (Red Alert) របស់​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថានអន្ដរជាតិ (EIA) បង្ហើប​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា បាន​ចេញ​លិខិត​អនុញ្ញាត​​ដោយ​មិន​ត្រឹមត្រូវ ឬ​ខុសច្បាប់ ដោយ​បំពាន​លើ​អនុសញ្ញា​ពាណិជ្ជកម្ម​អន្តរជាតិ ស្តីពីអម្បូរ​ធនធាន​ជិត​ផុត​ពូជ (CITES) ដើម្បី​នាំចេញ​ឈើប្រណិត​ ចំនួន​ប្រមាណ​ជាង​១​ម៉ឺន២ពាន់​ម៉ែត្រ​គូប ((12 202m3​) ក្នុង​រយៈពេល​ចន្លោះ​ពី​ខែ​មិថុនា ឆ្នាំ​២០១៣ ដល់​ខែ​ធ្នូ​ ឆ្នាំ​២០១៤។

របាយការណ៍​នេះ ក៏​រាប់​បញ្ជូល​ប្រទេស​ក្បែរ​កម្ពុជា គឺ​ប្រទេស​ឡាវ​ចូល​ផង​ដែរ។ ស្ថានភាព​ប្រទេសឡាវ កាន់​តែ​អាក្រក់​ និង​ធ្ងន់ធ្ងរ​ ដោយ​ក្នុង​ឆ្នាំ​២០១៣​ និង​២០១៤ ឡាវ​បាន​នាំចេញ​ឈើ​ប្រណីត​ជិត​៦ម៉ឺន​៤ពាន់​ម៉ែត្រ​គូប (63,530 m3)។

ឈើ​ប្រណីត​ដែល​ប្រទេស​ឡាវ​នាំ​ចេញ ត្រូវ​គេ​កាប់​មក​ពី​តំបន់​លាង​បាត​អាង​សំណង់​ទំនប់​វារី​អគ្គីសនី ហើយ​ឈើប្រណិត​ខ្លះ​ទៀត ត្រូវ​គេ​យក​ពីតំបន់​ផ្សេង តែ​យក​ដាក់​បន្លំ​ជា​ឈើ​លាង​បាត​អាង។

ការ​នាំ​ចេញ​នេះ កើតឡើង​ខណៈ​តម្រូវ​ការ​ផ្នែក​គ្រឿងសង្ហារឹម​ឈើ​ប្រណីត​នៅ​ប្រទេស​ចិន​ កើនឡើង ដែល​របាយការណ៍​នេះ​បាន​ហៅ ការ​វិវត្តន៍​នេះ​ថា ជា​គ្រោះថ្នាក់​ដល់​ប្រភេទឈើ​ប្រណីត​ដែល​កំពុង​ហិនហោច។ ឈើប្រណិត​ដែល​ហៀប​នឹង​ផុតពូជ​ទាំង​នេះ ត្រូវ​បាន​ការពារ​ដោយអនុសញ្ញា​​ពាណិជ្ជកម្ម​អន្តរជាតិ ស្តីពីអម្បូរធនធាន​ជិត​ផុត​ពូជ (CITES) ដែល​ប្រទេស​កម្ពុជាបាន​ចុះ​ហត្ថលេខាទទួលស្គាល់ នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​១៩៩៧

អនុសញ្ញា​នេះ​ចែងថា ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​អម្បូរធនធាន​ជិត​ផុត​ពូជ​​បាន​ លុះត្រាតែ​ផលិតផល​នោះ​ត្រូវ​បាន​អនុញ្ញាត​ជា​ផ្លូវការ តាម​រយៈ​លិខិត​នាំចេញ ឬ​លិខិត​នាំចេញ​ឡើងវិញ ឬ​មួយ​ក៏​អាជ្ញាធរ​ពាក់ព័ន្ធ ពិនិត្យ​ឃើញ​ថា ការ​ជួញដូរ​ប្រភេទ​នេះ នឹង​មិន​ប៉ះពាល់​ដល់​ការ​វិនាស ​នៃ​ធនធាន​ព្រៃ​ជិតផុតពូជ ហើយ​ឈើ​ដែល​នាំចេញ​នោះ គឺ​ត្រឹមត្រូវ​តាម​ច្បាប់។

ទីភ្នាក់ងារ​ស៊ើបអង្កេតបរិស្ថាន​អន្ដរជាតិ (EIA) ដែល​ជា​អ្នកផលិត​របាយការណ៍ អំពាវនាវ​ឲ្យ​ភាគី​ដែល​ពាក់ព័ន្ធ បញ្ឈប់​ជា​បន្ទាន់​រាល់​ការ​ជួញដូរ​ឈើប្រណិត​ ពី​ប្រទេស​កម្ពុជា និង​ឡាវ រហូត​ដល់​មាន​ការ​ធានា​ថា រាល់​ឈើ​ដែល​នាំ​ចេញ មិន​ប៉ះពាល់​ដល់​ការ​វិនាស​ហិចហោច​ដល់​ព្រៃឈើ និង​ធានា​ថា​ជា​ឈើ​ស្របច្បាប់។

ឡាន​ដឹក​ឈើ ត្បូងឃ្មុំ ៨៥៥
រថយន្ត​ដឹក​ឈើ​បម្រុង​ឆ្លង​ដែន​ទៅ​វៀតណាម ក្រឡាប់​នៅ​ឃុំ​ទ្រៀក ក្បែរ​ច្រក​ព្រំដែន​ដូនរ័ត្ន ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ឆ្នាំ​២០១៥។ RFA/Saut Sokprathna

មន្ត្រី​ជាន់ខ្ពស់​ផ្នែក​យុទ្ធនាការ​ព្រៃឈើ ​នៃ​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន​អន្ដរជាតិ (EIA) លោក ចាហ្គូ វ៉ាដ្លី (Jago Wadley) បញ្ជាក់ថា ភស្តុតាង ឬ​សុចនាករ​ទាំងឡាយ បង្ហាញ​ថា វប្បធម៌​អភិបាល​កិច្ច​ល្អ និងនីតិរដ្ឋ ត្រូវ​បាន​ជំនួស​ដោយ​អំពើឧក្រិដ្ឋ​ ដែល​មាន​រដ្ឋាភិបាល​នៅ​ពី​ក្រោយ​ខ្នង គឺ​ពី​ក្រសួង​សំខាន់ៗ​ដែល​មាន​ឥទ្ធិពល​ក្នុង​ការ​អនុវត្ត​អនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ ដូចជា​អនុសញ្ញា​ពាណិជ្ជកម្ម​អន្តរជាតិ អម្បូរធនធាន​ជិត​ផុត​ពូជ (CITES) នេះ ជាដើម។

ក្រសួង​កសិកម្ម ដែល​ជា​ក្រសួង​មួយ​ដែល​ទទួល​ភារៈ​អនុវត្ត​អនុសញ្ញា​នេះ មិនអាចទាក់ទង​បាន​ទេនៅ​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​មិថុនា។

ទោះបីជាយ៉ាងណា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព ច្រានចោល​រាល់​ការ​ចោល​របាយការណ៍​របស់EIA​នេះ។ លោក​ថា ក្រសួង​បរិស្ថាន​ ធ្វើ​ការងារ​យ៉ាង​សកម្ម​លើ​ការងារ​អភិរក្ស​ព្រៃឈើ ទាំង​ឈើ​ប្រណីត​ផង«រដ្ឋាភិបាល​ បាន​កាត់បន្ថយ​ចំនួន​រយៈ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ពី​៩០​ឆ្នាំ មក​ត្រឹម​៥០​ឆ្នាំ។ ការ​នេះ​គឺ​ធ្វើ​យ៉ាងណា ដើម្បី​ធានា​ប្រសិទ្ធភាព​វិនិយោគ​អភិវឌ្ឍពី​ផ្នែក​ឯកជន និង​ជួយ​ដោះស្រាយ​បទល្មើស និង​ទំនាស់​ផ្សេងៗ​រវាង​ប្រជាពល​រដ្ឋ និង​ប្រជាសហគមន៍»

លោក អះអាងបន្ដ​ថា ករណី​កាប់​ឈើ​ខុស​ច្បាប់ បាន​ថយ​ចុះ ក្នុង​រយៈពេល​ចុងក្រោយ បន្ទាប់​ពី​មាន​ក្រុម​កំចាត់​បទល្មើស​ព្រៃឈើ និង​អនុក្រឹត​ដាក់​តំបន់​ព្រៃឈើ​មួយ​ចំនួន ជា​ព្រៃ​ការពារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។