ប្រមុខរដ្ឋាភិបាល ស្នើឲ្យអ្នកកាន់សាសនាទាំងអស់នៅកម្ពុជា ចូលរួមការពារសន្តិភាព និពន្ធដោយ : ម៉ៅ សុផា       June-24-2016, 9:58 pm         53

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប្រមុខរដ្ឋាភិបាល ស្នើឲ្យអ្នកកាន់សាសនាទាំងអស់នៅកម្ពុជា ចូលរួមការពារសន្តិភាពសម្តេច ហ៊ុន សែន បានអំពាវនាវដល់ថ្នាក់ដឹកនាំនិងអ្នកកាន់សាសនាទាំងឡាយនៅក្នុងប្រទេសកម្ពុជា ឲ្យបង្រួបបង្រួមគ្នា ដើម្បីរក្សាសុខសន្តិភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ នាយករដ្ឋមន្រ្តីរូបនេះ​ សង្កត់ធ្ងន់ថា ដើម្បីរស់នៅប្រកបដោយសុខដុមរមនាជាមួយគ្នា អ្នកកាន់សាសនាទាំងអស់ ជាពិសេស ព្រះពុទ្ធសាសនា គ្រិស្តសាសនា និងអ៊ិស្លាមសាសនា ត្រូវចៀសវាងការទាស់ទែង ឬការប្រេះឆាណាមួយ ដោយសារតែជំនឿផ្សេងគ្នា។


សម្តេច ហ៊ុន សែន បានលើកឡើងថា កន្លងមក គ្រប់ជនជាតិនិងសាសនាទាំងអស់ ដែលមានវត្តមានក្នុងប្រទេសកម្ពុជា តែងខិតខំកសាងសេដ្ឋកិច្ច និងការពារសន្តិភាព និងឯកភាពទឹកដី។ ប្រមុខរដ្ឋាភិបាលរូបនេះ បានបន្តទៀតថា សេដ្ឋកិច្ចជាតិ មិនអាចលូតលាស់បាននោះទេ ប្រសិនបើគ្មានការចូលរួមពីគ្រប់តួអង្គ ដែលពាក់ព័ន្ធ តែផ្ទុយទៅវិញ វានឹងអាចបង្កឲ្យមានជម្លោះឬការបែកបាក់ណាមួយជាមិនខាន។

នាយករដ្ឋមន្រ្តីបានបញ្ជាក់ដូច្នេះថា៖«ទាំងអស់គ្នា ទោះបីកាន់សាសនាណាក៏ដោយ ទាំងគ្រិស្ត ទាំងអ៊ិស្លាម ទាំងព្រះពុទ្ធ ឬអ្នកមានជំនឿដទៃទៀត ត្រូវដឹងថា​ ប្រទេសនេះត្រូវការសន្តិភាព ប្រទេសនេះត្រូវការស្ថេរភាពនយោបាយ ប្រទេសនេះត្រូវការកំណើតសេដ្ឋកិច្ច ប្រទេសនេះត្រូវការការកាត់បន្ថយភាពក្រីក្រ​ ប្រទេសនេះនិងការលើកកម្ពស់ជីវភាពប្រជាជន។ ដូច្នេះស្រុះគ្នាឡើង ដើម្បីរួមគ្នាការពារសន្តិភាព ការពារស្ថេរភាពនយោបាយ និងខិតខំជំរុញសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចសហគមន៍ និងសេដ្ឋកិច្ចជាតិរបស់យើង​ ឲ្យរីកលូតលាស់ទាំងអស់គ្នា»។
 
ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំនិងអ្នកកាន់សាសនាគ្រិស្ត នៅមជ្ឈមណ្ឌលកោះពេជ្រ នាថ្ងៃទី២៤ ខែមិថុនា៕