លោក Duterte សន្យា​ប្រឈម​ជាមួយនឹង​ក្រុម​ឧទ្ទាម Abu Sayyaf និង​បញ្ឈប់​ការ​ជំរិត​ និពន្ធដោយ : ទេព អ៊ីវិសាល       June-24-2016, 9:39 pm         196

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក Duterte សន្យា​ប្រឈម​ជាមួយនឹង​ក្រុម​ឧទ្ទាម Abu Sayyaf និង​បញ្ឈប់​ការ​ជំរិត​​ចលនា​របស់​ក្រុម​ឧទ្ទាម​ផ្តាច់ខ្លួន​ហ្វីលីពីន បាននិងកំពុង​តែ​គំរាមកំហែង​ដល់​សុវត្ថិភាព និង​សន្តិសុខ​របស់​ប្រជាជន​មិន​ត្រឹមតែ​ក្នុងប្រទេស​ហ្វីលីពីន​នោះទេ តែ​ប្រជាជន​ជិតខាង និង​ភ្ញៀវ​បរទេស​ផងដែរ​។ ឆ្លើយតប​បញ្ហា​នេះ ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​ថ្មី លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​បញ្ជាក់ថា លោក នឹង​ប្រឈម​ជាមួយនឹង​ក្រុម​នេះ នៅពេលដែល​លោក​កាន់តំណែង​ផ្លូវការ​។​

« វា នឹងមាន​ពេលវេលា​មួយ​មកដល់ ដែល​ខ្ញុំ នឹង​ត្រូវតែ​ប្រឈម​ជាមួយនឹង​ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ Abu Sayyaf​។ ហើយ​ការចាប់​ជំរិត ត្រូវ​បញ្ឈប់​»​។ នេះ​គឺជា​សេចក្តីថ្លែងការណ៍​របស់​លោក​ប្រ​ធានា ធិបតី​ត្រៀម​កាន់តំណែង​ថ្មី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ នៅ​ថ្ងៃទី​២៤ ខែមិថុនា ក្នុងពេលដែល​លោក សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ហ្វីលីពីន​ម្នាក់​ដែល​ទើបតែ​ដោះលែង ក្រោយ​ក្រុម​ឧទ្ទាម ចាប់ជំរិត និង​ឃុំខ្លួន​អស់​រយៈពេល​ប្រាំបួន​ខែ​ហើយ​នោះ​។

​សូម​ជម្រាប​ផងដែរ​ថា  ក្រុម Abu Sayyaf គឺជា​ក្រុម​ឧទ្ទាម​ដ៏​មាន​ឥទ្ធិពល​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែលជា​បណ្តាញ​របស់​ក្រុម​អាល់​កៃ​ដា​(Al-Quaeda)​។ ក្រុម​នេះ ក៏​ធ្លាប់​ប្រកាស​គាំទ្រ​ក្រុម​រដ្ឋ​ឥស្លាម​ជ្រុលនិយម​ដែល​កំពុងតែ​បន្តសកម្មភាព​ប្រយុទ្ធ​នៅ​ម​ជ្ឈឹ​ម​បូព៌ា​ម​ផងដែរ​។ មូលដ្ឋាន​សំខាន់ និង ក៏​ជា​កន្លែង​លាក់ខ្លួន​របស់​ក្រុម នេះ គឺ​ស្ថិតនៅ​កោះ Jolo ដែល​ស្ថិតនៅ​ភាគខាងត្បូង​នៃ​ប្រទេស​ហ្វីលីពីន​។ រយៈពេល​ពេល​៤​ទសវត្សរ៍ មកហើយ​ដែល​ក្រុម​ឧ​ទា្ទ​ម​នេះ បាន​ប្រឆាំង និង ទាមទារ​យក​តំបន់​គ្រប់គ្រង​ស្វ័យភាព​ពី​រដ្ឋាភិបាល​ហ្វីលីពីន​។ 

​កន្លងមក សកម្មភាព​ដែល​ពួកគេ បានធ្វើ​ដើម្បី​ជាការ​ដាក់​សម្ពាធ ប្រឆាំង​រដ្ឋាភិបាល​មានដូចជា ការ​បំផ្ទុះ​គ្រាប់បែក អត្តឃាត ការចាប់រំលោភ​ក្មេង និង សកម្មភាព​ភេ​វរ​កម្ម​ផ្សេងទៀត​។ សម្រាប់​ប្រភព​សេដ្ឋកិច្ច​របស់​ពួកគេ​ភាគច្រើន គឺ​បានមកពី​ការចាប់​ជំរិត ដែល​ភាគច្រើន​នៃ​ចំណាប់ខ្មាំង គឺជា​ភ្ញៀវ​បរទេស​ហើយ​ពួកគេ​ភាគច្រើន ជា​អ្នក​ប្រកាន់​សាសនា​គ្រឹ​ស្ត​។​

​ថ្មីៗ​នេះ ក្រុម​ឧទ្ទាម​ទាំងនេះ បានសម្លាប់​ភ្ញៀវទេសចរ​កាណាដា​ដែល​បានមក​កម្សាន្ត​ក្នុងប្រទេស ហ្វីលីពីន បន្ទាប់ពី​មិនមាន​ការដោះដូរ​ប្រាក់​ដើម្បី​ជា​ថ្នូរ​នៃ​ការដោះលែង​។​

​តាមពិតទៅ​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​ទេ ក៏បាន​បញ្ជាក់ដែរថា​ក្នុង​រដ្ឋបាល​របស់លោក ការចរចា​ជាមួយនឹង​ក្រុម​ឧទ្ទាម ក៏​ជា​កិច្ចការ​អាទិភាព​មួយ​ដែរ​។ ក្នុងនោះ លោក កំពុងតែបន្ត​នីតិវិធី​ក្នុង​ការចរចា ជាមួយនឹង​ក្រុម​ឧទ្ទាម​ទាហាន​ឯករាជ្យ​ម៉ៅ​ដែល​ដឹកនាំ​ដោយ​រណសិរ្ស​រំដោះជាតិ តែ​សម្រាប់​ក្រុម​ឧទ្ទាម​Abu Sayyaf លោក មិនទាន់មាន​យន្តការ​អ្វី​នៅឡើយ​នោះទេ​៕