រថយន្ត​ហា​យ​ឡែ​ន​ដឺ បុក​គោ​យន្ត​កន្ត្រៃ​លាន់​ដូច​រន្ទះ

ខេត្តសៀមរាប ៖ រថយន្ត​ហា​យ​ឡែ​ន​ដឺ​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ ២AJ-៦៩៥៨ បើក​លឿន​ដូច​ហោះ ខណៈ​មក​ដល់​ចំណុច​ផ្លូវ​កោង ជាន់​ហ្វ្រាំង​ទាញ​ច​ង្កូ​ច​មិន​ទាន់ បាន​ទៅ​បុក​ជាមួយនឹង​គោ​យន្ត​កន្ត្រៃ​ដឹក​បង្គោលគ្រាក់ ដែល​បើកបរ​ស្រប​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង​លាន់​ដូច​រន្ទះ បណ្តាល​ឱ្យ​មាន​មនុស្ស​ប្រុស ស្រី​ចំនួន​០៧​នាក់​រង​របួសធ្ងន់ និង​ស្រាល ។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយស្រី​បានឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​និង​២០​នាទី​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៦​ស្ថិត​នៅ​ត្រង់​ចំណុច​ផ្លូវ​កោង​ក្នុងភូមិ​ឃុន​រាម ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប រវាង​រថយន្ត​ហា​យ​ឡែ​ន​ដឺ​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ ភ្នំពេញ​២AJ-៦៩៥៨ និង​គោ​យន្ត​កន្ត្រៃ​ដឹក​បង្គោលគ្រាក់ ដែល​បើកបរ​ស្រប​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង​បណ្តាល​ឱ្យ​មាន​មនុស្ស ប្រុស ស្រី​ចំនួន​០៧​នាក់​រង​របួសធ្ងន់ ស្រាល​។ ប្រភព​បាន​បន្ត​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ដឺ បើកបរ​ដោយ​ជនជាតិ​ចិន​ឈ្មោះ HUANG SHUISHAN ក្នុង​នោះ​មាន​អ្នក​រួម​ដំណើរ​០៣​នាក់ ស្រី​០១​នាក់ ។

ចំណែក​រថយន្ត ខូចខាត​ផ្នែក​ខាង​មុខ​ទាំងស្រុង និង​បណ្ដាល​ឱ្យ​គោ​យន្ត​កន្ត្រៃ​ធ្លាក់​ពីលើ​ផ្លូវ ហើយ​បាន​បណ្ដាល​ឱ្យ​អ្នក​បើក​គោ​យន្ត​កន្ត្រៃ​និង​អ្នក​រួម​ដំណើ​០២​នាក់​ទៀត​រង​របួសស្រាល​។ ក្រោយ​ពេល​កើតហេតុ​ជនជាតិ​ចិន​ទាំង​០៤​នាក់​ដែល​ត្រូវ​របួសធ្ងន់​បាន​ដឹក​យក​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្តសៀមរាប​។ រីឯ​អ្នកបើកបរ​គោ​យន្ត​កន្ត្រៃ និង​អ្នក​រង​របួសស្រាល​ទាំង​៣​នាក់ ត្រូវ​បាន​ដឹក​យក​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​បន្ទាយស្រី​ផង​ដែរ​។ បច្ចុប្បន្ន​រថយន្ត​បង្ក និង​គោ​យន្ត​ន្ត្រៃ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយស្រី រង់ចាំ​ភាគី​ទាំង​២​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​ទៅ​តាម​នីតិវិធី​ច្បាប់​៕