ប្រជាមតិ​ចេញពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស​ជា​ស្នូរ​ជួង​សម្រាប់​អាស៊ាន​ និពន្ធដោយ : សៅ ផលនិស្ស័យ       June-24-2016, 10:19 pm         1153

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប្រជាមតិ​ចេញពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស​ជា​ស្នូរ​ជួង​សម្រាប់​អាស៊ាន​​ ដោយសារប្រជាជន​អង់គ្លេស​ភាគច្រើន​ជ្រើស​រើសយក​ការចាកចេញ​ពី​សហភាព​អឺរ៉ុប គេ​សង្កេតឃើញ​មានការ​លើក​ឡើង​ពី​​ក្តីបារម្ភ​មួយចំនួន​ពាក់ព័ន្ធ​អនាគត​សហភាព​អឺរ៉ុប និង​ចក្រភព​អង់គ្លេស​។ ការចាកចេញ​នេះ​នឹង​បង្ក​ផលប៉ះពាល់​ច្រើន​ដល់​សេដ្ឋកិច្ច​អឺរ៉ុប និង​ទីផ្សារ​ហិរញ្ញវត្ថុ​ពិភពលោក​ទាំងមូល​ផង ហើយ​ចក្រភព​អង់គ្លេស​នេះ​ក៏ត្រូវ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច និង​នយោបាយ​ផ្ទៃក្នុង​ផងដែរ​។
ដូច​ឃើញស្រាប់​នាយករដ្ឋមន្ត្រី​អង់គ្លេស​ប្រកាស​ចេញពី​តំណែង​នៅ​ខែតុលា​ខាងមុខ​។  ក្រៅពី​ផលប៉ះពាល់​សម្រាប់​អឺរ៉ុប​និង​អង់គ្លេស វា​ក៏​ជា​ស្នូរ​ជួង​សម្រាប់​បណ្តា​សមាហរណកម្ម​តំបន់​ទូទាំង​ពិភពលោក​ជាពិសេស​សហគមន៍​អាស៊ាន​តែម្តង​។ ថ្វីបើ​គោលដៅ​អាស៊ាន​មិន​ដូច​សមាហរណកម្ម​អឺរ៉ុប​ក្តី  វា​ក៏​ជា​មេរៀន​មួយ​ដ៏​សំខាន់ ហើយ​វា​ក៏​តម្រូវ​ឲ្យ​អាស៊ាន​មានការ​បត់បែន​ជាមុន​ដើម្បី​ដោះស្រាយ​ឲ្យ​បាន​បញ្ហា​របៀបនេះ​នាពេល​នា​អនាគត​។​

​ខាងក្រោម​នេះ​ជា​បទសម្ភាសន៍​តាម​សារ​អេឡិចត្រូនិក​រវាង​លោក សៅ ផល​និស្ស័យ ជាមួយអ្នកជំនាញ​នយោបាយ​ថៃ​និង​ច្បាប់​វិនិយោគ​អន្តរជាតិ​លោក Pariwat Kanithasen ៖

​លោក សៅ ផល​និស្ស័យ​៖ ប្រជាជន​អង់គ្លេស​ភាគច្រើន​នាក់​គ្នា​បោះឆ្នោត​គាំទ្រ​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​។ តើ​លោក​យល់​បែបណា​ដែរ​ចំពោះ​ការបោះឆ្នោត​គាំទ្រ​ចាក​ចេញពី​សហភាព​អឺរ៉ុប​របស់​ចក្រភព​អង់គ្លេស​នេះ​?

លោក Pariwat Kanithasen: ខ្ញុំ​គិតថា ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​សោកសៅ​មួយ​សម្រាប់​សមាហរណកម្ម​តំបន់ ប៉ុន្តែ​វា​ក៏​ជាការ​ដាស់​ស្មារតី​មួយ​ដែរ​សម្រាប់​អាស៊ាន​។ សហភាព​អឺរ៉ុប​ប្រហែល​ជាមាន​លក្ខណៈ​ការិយាធិបតេយ្យ​ខ្លាំងពេក និង​នៅ​ដាច់​ឆ្ងាយ​ពី​ប្រជាជន​ខ្លួនឯង ទោះជា​មាន​សភា​មួយ​សម្រាប់​ប្រជាជន​ក្នុងការ​បញ្ចេញ​មតិយោបល់​និង​ក្តីកង្វល់​របស់ខ្លួន​ក៏ដោយចុះ​។​

​លោក សៅ ផល​និស្ស័យ​៖ ដោយសារ​ការរួបរួម​របស់​សហភាព​អឺរ៉ុប​វា​ជំរុញ​ការកសាង​សហគមន៍​អាស៊ាន​យើង​ដែរ ហើយ​លោក​ក៏បាន​លើកឡើង​ខាងលើ​ថា វា​ជាការ​ដាស់​ស្មារតី​សម្រាប់​អាស៊ាន​។ តើ សម្រាប់​លោក​ផ្ទាល់​លោក​គិតថា​អ្វី​ជា​មេរៀន​សម្រាប់​សហគមន៍​អាស៊ាន​យើង​ទៅ​បាទ​?

​លោក Pariwat Kanithasen៖ អ្វីដែល​អាស៊ាន​អាច​រៀន​ពី​បញ្ហា​នេះ​មាន​ច្រើន​។  ដំបូង​បំផុត អាស៊ាន​មិនចាំបាច់​បារម្ភ​ខ្លាំង​ទេ​ចំពោះ​ការដើរ​ចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប ព្រោះ​អាស៊ាន​ស្ថិតនៅ​ដំណាក់កាល​មួយ​ដែល​នៅ​ឆ្ងាយ​ណាស់​ពី​ការ​សមា​រណកម្ម​របស់​សហភាព​អឺរ៉ុប​បច្ចុប្បន្ន​។ តែ​អាស៊ាន​គួរតែ​ផ្តោត​ការចាប់អារម្មណ៍​លើ​អ្វីដែល​ជំរុញ​ឲ្យ​ប្រជាជន​ជឿជាក់​លើ​សមាហរណកម្ម​។ ខ្ញុំ​នេះ​ស្រាប់ ជា​អ្នក​ដែល​ជឿជាក់​លើ​សមាហរណកម្ម ហើយ​សមាហរណកម្ម​នេះ​ហើយ​ជា​មូលដ្ឋាន​នៃ​សន្តិភាព ស្ថិរភាព​និង​វិបុលភាព​។ ដូច្នេះ​ខ្ញុំ​សង្ឃឹមថា ទាំង​អឺរ៉ុប​ក្តី អាស៊ាន​ក្តី ក៏ដូចជា​ប្លុក​តំបន់​ផ្សេងទៀត​នៅលើ​ពិភពលោក​នឹង​រៀនសូត្រ​ច្រើន​ពី​បញ្ហា​ចក្រភព​អង់គ្លេស​នេះ​។ ហើយ​ពួកគេ​នឹង​ចាប់ផ្តើម​កំណត់​វិធានការ​និង​ធ្វើយ៉ាងណា​បង្កើន​ការបត់បែន​បាន​ច្រើនជាង​នេះ​ខណៈដែល​គេ​កំពុង​រក្សា​បូរណភាព​ដែន​និង​ស្មារតី​រួមគ្នា​។​

​លោក សៅ ផល​និស្ស័យ​៖ គេ​ប្រមើល​មើលឃើញថា ការចាកចេញ​របស់​អង់គ្លេស​នឹង​បង្កើត​បញ្ហា​ច្រើន​ជាពិសេស​ប៉ះពាល់​សេដ្ឋកិច្ច ចក្រភព​អង់គ្លេស​ខ្លួនឯង​ផង សហភាព​អឺរ៉ុប​ផង និង​អាច​ឈានដល់​ពិភពលោក​ទាំងមូល​ផង​។ ចុះ​សម្រាប់​លោក តើ​លោក​មើលឃើញថា​មាន​បញ្ហា​អ្វីខ្លះ​ទៅបាន​?

លោក Pariwat Kanithasen៖ ជារួម បញ្ហា​មាន​ច្រើន​ក្នុងនោះ​មានដូចជា​បញ្ហា​ក្នុង​រយៈពេល​ខ្លី​និង​រយៈពេល​វែង​។ ក្នុង​រយៈពេល​ខ្លី គឺ​អស្ថិរភាព​នៃ​ទីផ្សារ​ហិរញ្ញវត្ថុ​។ ដូច​យើង​បានឃើញ​ស្រាប់​ហើយ​គឺ តម្លៃ​លុយ​ផោន​របស់​អង់គ្លេស​ដាំ​ក្បាល​ចុះ​គួរ​ឲ្យ​បារម្ភ​។ ប៉ុន្តែ​វា​នឹង​ត្រលប់មក​ប្រក្រតី​វិញ​ក្នុងពេល ២​ឬ​៣ ថ្ងៃ​ខាងមុខនេះ​។ ចំណែក​បញ្ហា​ក្នុង​រយៈពេល​វែង​វិញ​នោះ​គឺ​កំណើនសេដ្ឋកិច្ច​របស់​ស​ហ​ភាព​អឺរ៉ុប​ទាំងមូល​តែម្តង​ដែល​វា​នឹង​កាន់តែ​យឺត​ទៅៗ​។ សេដ្ឋកិច្ច​សហភាព​អឺរ៉ុប​មិនទាន់​រួចផុត​ស្រួលបួល​ពី​វិបត្តិ​ឡើយ ហើយ​បញ្ហា​ថ្មី​នេះ​នឹងធ្វើ​ឲ្យ​ដំណើរការ​ងើប​ចេញពី​វិបត្តិ​របស់​អឺរ៉ុប​កាន់តែ​ចំណាយពេល​យូរ​ថែមទៀត​។​

​សម្រាប់ ចក្រភព​អង់គ្លេស នៅពេល​សម្រេច​ដើរចេញ​បែបនេះ រាល់​កិច្ច​ព្រម​ពៀង​ពាណិជ្ជកម្ម​ដែល​បង្កើតឡើង​រវាង​ចក្រភព​អង់គ្លេស​ជាមួយ​សហភាព​អឺរ៉ុប​នេះ​នឹងត្រូវ​ចរចា​ឡើងវិញ​។ ហើយ​អង់គ្លេស​ក៏ត្រូវ​ចរចា​ឡើងវិញលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​នានា​ដែលជា​ភាគី​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហភាព​អឺរ៉ុប​ផងដែរ​។ ដូច្នេះហើយ​ប៉ះពាល់​ខ្លាំង​ដល់​ទំនាក់ទំនង​សេដ្ឋកិច្ច​របស់​ចក្រភព​អង់គ្លេស​ជាមួយ​ពិភព​ខាងក្រៅ​។​

​ចំពោះ​អាស៊ាន​យើង​វិញ ខ្ញុំ​គិតថា វា​មិនមាន​ផលប៉ះពាល់​ខ្លាំង​ឡើយ​។ នេះ​ក៏ដោយ​សារ​ចក្រភព​អង់គ្លេស​មិនមែនជា​ដៃគូ​សំខាន់​របស់​អាស៊ាន​យើង​ទេ​។ តែ​ផ្ទុយទៅវិញ​បើសិនជា​អឺរ៉ុប​ទាំងមូល​ប្រឈម​បញ្ហា​សេដ្ឋកិច្ច​នោះ វា​នឹង​ប៉ះពាល់​យើង​ប្រាកដ​ណាស់​។

 លោក សៅ ផល​និស្ស័យ​៖ ចុះ​បញ្ហានយោបាយ​វិញ​?

 លោក​Pariwat Kanithasen ៖​ត្រលប់​ទៅ​មើល​រឿង​នយោបាយ​វិញ វា​ប្រាកដជា​មានការ​ផ្លាស់ប្តូ​រ​ក្នុង​រដ្ឋាភិបាល​អង់គ្លេស ហើយ​ស្កុ​តឡែ​ន​នោះ​ប្រហែលជា​នឹង​ទាមទារ​រៀបចំ​ប្រជាមតិ​ថ្មី​មួយទៀត​សម្រាប់​ប្រកាស​ឯករាជ្យ​ពី​អង់គ្លេស ហើយ​ត្រលប់​ទៅ​រួមរស់​ជាមួយ​សហភាព​អឺរ៉ុប​វិញ​។​

.​លោក សៅ ផល​និស្ស័យ​៖ ជា​សំណួរ​ចុងក្រោយ​របស់ខ្ញុំ​។ សហភាព​អឺរ៉ុប​មាន​សុបិន​ចង់​បង្កើត​សហរដ្ឋ​អឺរ៉ុប តែ​ការចាកចេញ​របស់​អង់គ្លេស​ពេលនេះ​ដូចជា​បំផ្លាញ​សុ​បិ​ន​នេះ​បាត់ទៅហើយ​។ ចុះ​លោក​យល់​យ៉ាងម៉េច​ដែរ​?

​លោក Pariwat Kanithasen៖ ខ្ញុំ​យល់ថា ប្រទេស​អឺរ៉ុប​នៅតែមាន​សុបិន​ដ៏​ធំ​នេះ​ដដែល​ទោះបីជា​ចក្រភព​អង់គ្លេស​មិន​នៅលើ​ទូក​ជាមួយគ្នា​ទៀត​ក៏ដោយ​។ ប៉ុន្តែ​បញ្ហា​នៅត្រង់ថា សុបិន​នេះ​​ស្ថិត​កាន់តែ​ឆ្ងាយ​ពី​ការពិត​បន្តិច​ហើយ​៕