អ្នក​​​ជិត​​​ខាង​​​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​អំពើ​​​ឃាត​​​កម្ម​​​លើ​​​មន្ត្រី​​​យោធា​​​

យោងតាមនគរបាលបានឲ្យដឹងថា  និស្សិតអាយុ២១ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធអំពើឃាតកម្មទាំងកណ្តាលថ្ងៃចែសលើអ្នកស្រី លី ដាវី ជាវរសេនីយ៍ត្រីនៅក្រសួងការពារជាតិក្នុងរាជធានីភ្នំពេញកាលពីថ្ងៃ អង្គារ ហើយកាលពីម្សិលមិញ និស្សិតរូបនេះបានប្រាប់ក្រុមអ្នកសើុបអង្កេតថា ខ្លួនបានសម្លាប់មន្ត្រីរូបនេះព្រោះគាត់តែងតែស្ដោះទឹកមាត់ដៀមដាមខ្លួន។ លោក អេង សោភា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានី បានលើកឡើងថា ម៉ី គឹមហេង និសិ្សតឆ្នាំទី១នៅសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដែលរស់នៅជាមួយគ្រួសាររបស់ខ្លួនជាប់ផ្ទះរបស់ជនរងគ្រោះក្នុងខណ្ឌទួលគោកត្រូវបានចាប់ខ្លួននៅផ្ទះនៅម៉ោងប្រហែល៩យប់ថ្ងៃពុធ។ អ្នកស្រី លី ដាវី អាយុ៣៦ឆ្នាំជាវរសេនីយ៍ត្រីនៅនាយកដ្ឋានយោធសេវានៃក្រសួងការពារជាតិ កំពុងដើរតែម្នាក់ឯងក្បែរផ្សារដេប៉ូក្នុងខណ្ឌទួលគោកនៅម៉ោងប្រហែល៩ និង៤៥នាទីព្រឹកកាលពីថ្ងៃអង្គារ ស្រាប់តែបុរសម្នាក់មានពាក់មួកសុវត្ថិភាពបានមកចាក់គាត់ចំទ្រូងជាច្រើនកាំបិតមុនពេលជិះម៉ូតូគេចខ្លួនបាត់ស្រមោល។ លោក អេង សោភា បានមានប្រសាសន៍កាលពីម្សិលមិញថា “យើងបានចាប់ខ្លួនជនសង្ស័យនៅផ្ទះរបស់ជននេះកាលពីយប់មិញ។ ផ្ទះរបស់ពួកគេនៅជាប់គ្នា ហើយយើងកំពុងរៀបចំឯកសារបញ្ជូនជននេះទៅតុលាការនៅព្រឹកស្អែក”។ លោកបានលើកឡើងទៀតថា និស្សិត ម៉ី គឹមហេង បានសារភាពថា ពិតជាបានប្រព្រឹត្តអំពើឃាតកម្មនេះមែន ពេលសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ។ លោកបានថ្លែងថា “ជនរងគ្រោះបានស្តោះទឹកមាត់ដៀមដាមជនសង្ស័យជាង២ឆ្នាំមកហើយ។ ពេលណាឃើញជនសង្ស័យ ជនរងគ្រោះតែងតែស្តោះទឹកមាត់។ នេះគេហៅថា ជាការរើសអើង ដែលជាហេតុនាំឲ្យជនសង្ស័យខឹងរួចក៏សងសឹកគាត់វិញ”។ លោក អេង សោភា បានលើកឡើងបន្តទៀតថា ទោះជាយ៉ាងណា លោកមិនដឹងទេថា តើហេតុអ្វីបានជាអ្នកស្រី លី ដាវី ប្រហែលជាស្អប់ ម៉ី គឹមហេង នោះ ហើយថា នគរបាលមិនបានសួរជនសង្ស័យទេ។លោកបានបន្ថែមថា រូបភាពវីដេអូស្តីពីហេតុការណ៍ធ្វើឃាត ថតបានដោយកាមេរ៉ាសុវត្ថិភាពដែលអ្នករកស៊ីក្បែរផ្សារដេប៉ូម្នាក់បានដំឡើងនោះ បានជួយនគរបាលក្នុងការភ្ជាប់ ម៉ី គឹមហេង ទៅនឹងអំពើឃាតកម្មនេះ។ […]

The post អ្នក​​​ជិត​​​ខាង​​​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​អំពើ​​​ឃាត​​​កម្ម​​​លើ​​​មន្ត្រី​​​យោធា​​​ appeared first on The Cambodia Daily.