មន្ត្រី​អប់រំ​​​ដែល​​បៀត​បៀន​កេរ្តិ៍​ភេទ​​អ្នក​បក​ប្រែស្រី​​ត្រូវ​​ក្រសួង​​​​​អប់រំ​​ និង​សាធារណជន​​រិះគន់​

ក្រសួងអប់រំបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីម្សិលមិញថា មន្ត្រីក្រសួងអប់រំជាន់ខ្ពស់ម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទបៀតបៀនកេរ្តិ៍ភេទអំឡុងដំណើរទស្សនកិច្ចបំពេញការងារទៅកាន់ប្រទេសកូរ៉េខាងត្បូងកាលពីខែឧសភា ត្រូវបានដកចេញពីតំណែងហើយ និងត្រូវបានបង្ខំឲ្យសងថវិកាប្រមាណ១២.០០០ដុល្លារដែលប្រើប្រាស់សម្រាប់ធានាដោះលែងគាត់។ មន្ត្រីកម្ពុជា និងកូរ៉េបាននិយាយកាលពីថ្ងៃអង្គារថា លោក គ្រី ស៊ាងឡុង ប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈនៃក្រសួងអប់រំ ត្រូវបានចាប់ខ្លួននៅទីក្រុងសេអ៊ូលកាលពីថ្ងៃទី២៦ ខែឧសភា ពីបទបៀតបៀនកេរ្តិ៍ភេទអ្នកបកប្រែស្រីរបស់ខ្លួន បន្ទាប់ពីតំណាងឲ្យកម្ពុជាទៅចូលរួមវេទិកាអភិវឌ្ឍន៍ធនធានមនុស្សអាស៊ានបូក៣ ឆ្នាំ២០១៦ (2016 Asean+3 HRD Forum)។ យោងតាមលិខិតមួយចុះថ្ងៃទី៩ ខែមិថុនា ដែលលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូងផ្ញើមកលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានឲ្យដឹងថា ក្រសួងអប់រំបានចំណាយថវិកាចំនួន១៤,១លានវ៉ុន ឬប្រហែល១២.៣០០ដុល្លារ ដើម្បីធានាដោះលែងគាត់ពីការឃុំឃាំង។ ទោះជាយ៉ាងណា ទើបតែម្សិលមិញនេះប៉ុណ្ណោះដែលក្រសួងអប់រំបានលើកឡើងពីរឿងអាស្រូវនេះជាសាធារណៈយោងតាមអត្ថបទមួយស្ដីពីការចាប់ខ្លួនលោក គ្រី ស៊ាងឡុង ចុះផ្សាយក្នុងកាសែត ខេមបូឌា ដេលី កាលពីថ្ងៃពុធ។ ក្រសួងនេះបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយថា “ឆ្លើយតបនឹងអត្ថបទនេះ ក្រសួងមានកិត្តិយសសូមជម្រាបជូនថា លោក គ្រី ស៊ាងឡុង ប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈត្រូវបានចាត់តាំងឲ្យទៅចូលរួមក្នុងសិក្ខាសាលានៅសាធារណរដ្ឋកូរ៉េ ហើយនៅថ្ងៃបិទបញ្ចប់សិក្ខាសាលា លោកបានបៀតបៀនរាងកាយរបស់នារីអ្នកបកប្រែជាជនជាតិកូរ៉េម្នាក់។ ក្នុងការដោះស្រាយបាតុភាពនោះ សាមីខ្លួនបានខ្ចីថវិកាមួយចំនួនដែលបានមកពីសហការី និងរបស់អង្គភាពនៃនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ដើម្បីបង់ពិន័យទៅតាមការសម្រេចរបស់តុលាការ ជាសំណងរដ្ឋប្បវេណី។ ប៉ុន្តែជាគោលការណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនអនុញ្ញាតឲ្យយកថវិការបស់រដ្ឋទៅដោះស្រាយរឿងផ្ទាល់ខ្លួនរបស់បុគ្គលឡើយ” ហើយថា លោក គ្រី ស៊ាងឡុង បានសងថវិកាទាំងនោះវិញហើយ និងត្រូវបានដកចេញពីមុខតំណែង។ សេចក្ដីថ្លែងការណ៍ដដែលបន្តថា ”ក្រុមប្រឹក្សាវិន័យរបស់ក្រសួងបានចាត់វិធានការរដ្ឋបាល ដោយបានដកតួនាទីរបស់គាត់ហើយ”។ […]

The post មន្ត្រី​អប់រំ​​​ដែល​​បៀត​បៀន​កេរ្តិ៍​ភេទ​​អ្នក​បក​ប្រែស្រី​​ត្រូវ​​ក្រសួង​​​​​អប់រំ​​ និង​សាធារណជន​​រិះគន់​ appeared first on The Cambodia Daily.