សំនុំ​រឿង​មួយ ក្រសួង​អប់រំ​ចេញ​លិខិត​បំភ្លឺ​ពីរ​ដង!

ក្រសួងរដ្ឋមួយទាំងមូល តែបានចេញលិខិតប្រកាសព័ត៌មាន និងលិខិតបំភ្លឺមួយទៀត ដែលមានលក្ខណៈ ជា​ការ​ប្រកាស​ព័ត៌មាន​ដូចគ្នា ដល់ទៅពីរដងខុសពេលគ្នា មិនដល់២៤ម៉ោងផង។ ដោយហេតុថា ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ បានផ្សាយ​​ពី​ករណី​​នេះ តាំង​ពី​ដំបូង​មក​នោះ ទស្សនាវដ្ដីសូមយកលិខិតទាំងអស់ ដែល​ទាក់​ទង​នៅក្នុង​សំនុំរឿង​របស់​លោក គ្រី ស៊ាងឡុង មក​ផ្សាយ​ជូន ដោយមានការពន្យល់ ពីភាពខុសគ្នានៃ​លិខិតទាំងនោះ និងពីមន្ត្រី​​ជំនាញ​​ផង។
សំនុំ​រឿង​មួយ ក្រសួង​អប់រំ​ចេញ​លិខិត​បំភ្លឺ​ពីរ​ដង!

លោក គ្រី ស៊ាងឡុង និងលិខិតរដ្ឋបាល ដែលត្រូវបានធ្វើឡើង ទាក់ទងនឹងសំនុំរឿងអាស្រូវ​បៀតបៀនផ្លូវភេទ ទៅលើស្ត្រីអ្នកបកប្រែជាតិកូរ៉េខាងត្បូង។

សំនុំរឿងបៀនបៀនផ្លូវភេទ ទៅលើស្ត្រីអ្នកបកប្រែភាសា ជនជាតិកូរ៉េខាងត្បូង ពីសំណាក់លោក គ្រី ស៊ាងឡុង មន្ត្រីជាន់ខ្ពស់របស់ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ទំនងជាស្ថិតនៅឆ្ងាយពី«ទីបញ្ចប់» ដោយសារ​រឿងរ៉ាវ វាបានដើរចេញពី ករណីត្រឹមតែ«បុគ្គល»។ ក្រសួងអប់រំ យុវជន និងកីឡាខ្លួនឯង បានចេញលិខិត​ប្រកាស​ព័ត៌មាន និងបំភ្លឺដល់ទៅពីរដង៖ ម្ដងនៅរសៀលថ្ងៃទី២៣ និងម្ដងទៀត នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ពោល គឺចេញផ្សាយរវាងគ្នា ចន្លោះ​មិនដល់២៤ម៉ោងផង។

» អានរឿងអាស្រូវបៀតបៀនផ្លូវភេទ ទាក់ទងលោក គ្រី ស៊ាងឡុង នៅទីនេះ និងទីនេះមួយទៀត

ភាពខុសគ្នា... តើត្រូវជឿ​លើលិខិតណាមួយ?

បើទោះជា«សេចក្ដីបំភ្លឺ»លើកទីពីរ មានភាពលំអិត ជាង«សេចក្ដីប្រកាសព័ត៌មាន»​​លើកទីមួយក៏ដោយ តែ​រវាង​លិខិតទាំងពីរលើកនេះ នៅតែបង្កភាពមន្ទិល ជុំវិញភាពខុសគ្នា នៃការបញ្ជាក់​ទាក់ទងនឹងការខ្ចីប្រាក់ ដែល​បាន​​កើត​​ឡើង នៅក្នុងស្ថាប័នរដ្ឋដ៏ធំមួយនេះ ខណៈឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង បាន​អះអាង​​ថា ជា​​ប្រាក់​​បង់​​ពិន័យ ដែលផ្ដល់ពីក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងលិខិតទីមួយ បានសរសេរថា៖ «ក្នុងការ​ដោះស្រាយ​បាតុភាព​នោះ សាមីខ្លួនបានខ្ចីថវិកាមួយចំនួន ដែល​បាន​មក​ពីសហការី និងរបស់អង្គភាព នៃ​នាយកដ្ឋាន​តម្រង់ ទិសវិជ្ជាជីវៈ ដើម្បីបង់ពិន័យទៅតាម ការ​សម្រេច​របស់​តុលាការ ជាសំណងរដ្ឋប្បវេណី។» និងបន្ទាប់មក មានសរសេរទៀតថា៖ «ដោយ​ឡែក​ថវិកា​ដែល ខ្ចីពីអង្គភាព ត្រូវបានសាម៉ីជនបង្វែរសងអង្គភាព រួចរាល់​ហើយ»។

សំណេរក្នុងលិខិត ដោយអក្សរ«ខ្មៅក្រាស់»ខាងលើ បានបញ្ជាក់យ៉ាងច្បាស់ថា អ្នកវាយលិខិតនេះ​មិន​បាន​ច្រឡំដៃ រីឯអ្នកអានវិញ ក៏មិនបាន«ខ្វាក់ភ្នែក»ដែរ (រួមទាំងអ្នកសារព័ត៌មានផង) ថាប្រាក់សំណង​ទាក់ទង​នឹង​ករណី របស់លោក គ្រី ស៊ាងឡុង ជាប្រាក់កម្ចីពីសហការី និងជាពិសេស ពីអង្គភាព នៃនាយកដ្ឋាន​តម្រង់​ទិស​វិជ្ជាជីវៈ ដែលជាសេនាធិការមួយ របស់ក្រសួង។

ផ្ទុយមកវិញ ស្រាប់តែនៅក្នុងលិខិតទីពីរ ក្រសួងដែលមានតួនាទី ជាអ្នកប្រៀនប្រដៅ​-​អប់រំពលរដ្ឋមួយនេះ បាន​កែសម្ដីខ្លួនមកវិញថា៖ «ក្រសួងអប់រំ យុវជន និងកីឡា មិនបានយកថវិការដ្ឋ ទៅដោះស្រាយ​រឿង​បុគ្គល​ឡើយ។ ថវិកាទាំងនោះ គឺជាថវិកាខ្ចីពីមន្ត្រី នៅក្នុងអង្គភាពដែលលោក គ្រី ស៊ាងឡុង បម្រើការងារ។» បើ​អញ្ចឹង ថាតើ​រវាង​លិខិត​ទាំង​ពីរ គេត្រូវជឿលើលិខិតមួយណា? តើវាមិនបណ្ដាល មកពីក្រសួងខ្លួនឯង ធ្វើ​ការងារ​​មិន​​ច្បាស់​​លាស់ ហើយ​ដើរ​មក​បន្ទោស​គេ​ឯង​ទេឬ?

» សូមអាន និងធ្វើការប្រៀបធៀប លិខិតទាំងអស់នេះ រួមនឹងលិខិតរបស់ឯកអគ្គរាជទូតខ្មែរ លោក ឡុង ឌីម៉ង់ ផ្ញើរទៅរដ្ឋមន្ត្រីការបរទេសផង នៅទំព័របន្ទាប់

មន្ទិលផ្នែករដ្ឋបាល

ទស្សនាវដ្ដីបានអញ្ជើញលោក ព្រហ្ម គិត ដែលជាអតីតមន្ត្រីច្បាប់ និងធ្លាប់បម្រើការនៅក្រសួងមួយ ក្នុង​ប្រទេស​កម្ពុជា មកពន្យល់ថា តើការលើកឡើងមួយចំនួន ទាក់ទងនឹងលិខិតបំភ្លឺលើកទីពីរ របស់ក្រសួងអប់រំ មាន​ប្រក្រតីភាព​ឬ​យ៉ាង​ណា។ បន្ទាប់ពីអានរួច លោក ព្រហ្ម គិត បានពន្យល់ថា «សេចក្ដីបំភ្លឺ»នេះ​មាន​មន្ទិល​បន្ថែម ចំនួន​បី​ចំណុច៖

១) ករណីលោក គ្រី ស៊ាងឡុង មិនមែនជាករណីបុគ្គលសុទ្ធសាធទេ ដោយហេតុថាលោក គ្រី ស៊ាងឡុង បាន​ចេញទៅធ្វើទស្សនកិច្ច នៅប្រទេសកូរ៉េខាងត្បូង ក្នុងនាមជាបុគ្គលសាធារណៈ ជាតំណាងរបស់ក្រសួង និង​ត្រូវ​បានក្រសួងចាត់ឲ្យទៅ។ មិនត្រឹមតែប៉ុណ្ណឹង រឿងរ៉ាវរបស់មន្ត្រីក្រសួងរូបនេះ ត្រូវបានលោក ឡុង ឌីម៉ង់ ឯក​អគ្គរាជ​ទូត​ខ្មែរ នៅកូរ៉េខាងត្បូង ជួយធ្វើការឈឺឆ្អាល (ក្នុងនាមជាម៉ែឪ នៅទីនោះ) ដោយ​ចេញ​ជា​កំណត់​ទូត​ថែម​ទៀត។

២) ក្រសួងអាចមិនផ្សព្វផ្សាយ ការសម្រេចផ្នែកទណ្ឌកម្មរដ្ឋបាលបាន តែការផ្លាស់ប្ដូរតំណែង ប្រធាន​នាយក​ដ្ឋាន​មួយ​ទាំងមូល មិនអាចត្រូវបានធ្វើឡើង ដោយស្ងាត់ៗនោះឡើយ។ ប្រសិនជាការផ្លាស់ប្ដូរតំណែងនោះ ត្រូវ​បាន​ប្រកាស​ឲ្យ​គេ​ឯង​ដឹង ពីមុនមកនោះ អញ្ចឹងត្រូវបញ្ជាក់បន្ថែម ថាតើវាកើតឡើង នៅពេលណា ហើយ​នរណា​​មក​ជំនួស។

៣) ក្រសួងរដ្ឋមួយទាំងមូល បែរជាយករឿងរដ្ឋបាល មកបូកបាយបិណ្ឌ ជាមួយរឿងនយោបាយ។ ការរិះគន់ ពីសំណាក់សាធារណៈមតិ ឬពីមជ្ឈដ្ឋាននានា វាតែងតែកើតមានហើយ ជាពិសេសទៅលើសេវាសាធារណៈ ដែល​ត្រូវបានផ្ដល់​ដោយក្រសួងរដ្ឋ។ ដូច្នេះក្នុងនាមជាក្រសួងរដ្ឋ ក្រសួងអប់រំគួរធ្វើតាមតួនាទី និងប្រព្រឹត្តិ​ឲ្យ​បាន​សម​ស្រប ហើយត្រូវប្រកាន់ នូវអព្យាក្រិតភាពរបស់ខ្លួន។ ជាពិសេស ការយកករណីមួយនេះ សរសេរ​ក្នុង​លិខិត​រដ្ឋបាល ដោយនិយាយភ្ជាប់ជ្រៅ ទៅក្នុងរឿងគណបក្សនយោបាយ ជារឿងមិនគប្បីទាល់តែសោះ។

» សូមអាន និងធ្វើការប្រៀបធៀប លិខិតទាំងអស់ នៅក្នុងសំនុំរឿងនេះ  នៅទំព័របន្ទាប់

    Pages:

  • 1
  • 2
  • »