រៀប​អន្ទាក់​យូរ លើក​នេះ​បាន​សម្រេច​ហើយ

រាជធានី​ភ្នំពេញ ៖ អ្នកលក់​ទូរស័ព្ទ​ដៃ​ម្នាក់​បាន​រៀបចំ​អន្ទាក់​ជា​យូរណាស់​មក​ហើយ​ដើម្បី​ចាំ​ចាប់ ទើបតែ​ពេល​នេះ​អន្ទាក់​របស់​គាត់​បាន​សម្រេច​ដោយ​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​៣​នាក់ ។ ហេតុការណ៍​ចាប់ចោរ​គាស់​ផ្ទះ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១ និង​១៥​នាទី​រំលង​អាធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​២៣០ នៅ​ចំណុច​ហាង​លក់​ទូរស័ព្ទ​ដៃ​យីហោ ដា​នី ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ ទេព វុ​ទ្ធី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​មិន​ពិ​ក​ប្រាកដ ។ រីឯ​ជន​រង​គ្រោះ​មានឈ្មោះ ព្រហ្ម សា​រិ​ន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ហាង​លក់​ទូរស័ព្ទ​ដៃ យីហោ ដា​នី សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា គាត់​បាន​រៀប​អន្ទាក់​ចាំ​ចាប់​ជនសង្ស័យ​ជា​យូរ​មក​ហើយ តែ​មិន​បាន​សម្រេច​សោះ កាលពី​១​ឆ្នាំ​មុន​គាត់​ត្រូវ​បាន​ជនសង្ស័យ​ចូល​គាស់​ផ្ទះ​របស់​គាត់ ហើយ​លួច​ទូរស័ព្ទ​ដៃ​ដែល​កូន​គាត់​ទុក​សម្រាប់​លក់​អស់​១​ទូ ។ នៅ​យប់​កើតហេតុ មាន​ជនសង្ស័យ​ទាំងអស់​៣​នាក់ ក្នុង​នោះ​មាន​ជនសង្ស័យ​ម្នាក់​កំពុង​តែ​ធ្វើ​សកម្មភាព​ចូល​គាស់​សោ​ផ្ទះ​របស់​គាត់ ភ្លាម​ៗ​នោះ​កូន​គាត់ និង​បងប្អូន​ដទៃ​ទៀត​បានឃើញ ហើយ​ស្រែ​កថា ចោរ​ៗ ! ទើប​ជនសង្ស័យ​ទាំង​៣​នាក់​ភ័យ​ស្លន់ស្លោ នាំ​គ្នា​រត់​ចែក​ជើង​គ្នា តែ​ត្រូវ​ម្ចាស់ផ្ទះ​ចាប់​បាន​ម្នាក់ នាំ​គ្នា​វាយ​និង​កាប់​ចំ​ដៃ​ខាងឆ្វេង​បណ្តាល​ឲ្យ​ដាច់​ម្រាមដៃ​២ ។ ចំណែក​បក្សពួក​២​នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​មក​ដល់​ឃាត់ខ្លួន​ជនសង្ស័យ តែ​ដោយ​មាន​របួស​ធ្ងន់ធ្ងរ​ពេក​សមត្ថកិច្ច​បាន​ដឹក​ប​ញ្ចូ​ន​ទៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ដើម្បី​ព្យាបាល ។ រីឯ​ជន​រង​គ្រោះ​វិញ​គាត់​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​សាឡា​ង​ចាត់ការ​តាម​ច្បាប់ ៕