មន្ត្រី​នៅ​ក្រសួង​សេដ្ឋកិច្ច​ម្នាក់​ក្លាយជា​មេចោរ​ប្លន់

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​រួម​ជាមួយ​កូនប្រុស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន បន្ទាប់​ពី​ឆែកឆេរ​លំនៅ​ឋាន​នៅ​ក្នុងភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រក​ឃើញ​ម៉ូតូ​ចំនួន​៣​គ្រឿង ក្នុង​នោះ​មាន​ហុងដា​ឌ្រី​ម សេ​១២៥ មួយ​គ្រឿង ដែល​ជនសង្ស័យ​ទើប​ប្លន់​បាន​ពី​បុរស​ម្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ។ ការ​ឈាន​ទៅ​ឆែកឆេរ​លំនៅ​ឋាន​ហើយ​រក​ឃើញ​ម៉ូតូ​ដែល​ប្លន់​បាន​ថ្មី​ៗ​នេះ​គឺ​តាម​រយៈ​ប្រព័ន្ធ​ជី​ភី​អេស (GPS) ដែល​បំពាក់​លើ​ម៉ូតូ​របស់​ជន​រង​គ្រោះ ។

ប្រតិបត្ដិការ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២២ ខែមិថុនា ដឹកនាំ​ដោយ​លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាលរង​ខណ្ឌ លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក ស៊ិ​ន វី​រៈ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ខឹ​ម ស្រី​មុំ អាយុ​៤១​ឆ្នាំ ជា​ម្តាយ និង​ឈ្មោះ សៀ​ក អ៊ូ​ហៀ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ត្រូវជា​កូន ។ អ្នក​ទាំង​២​នាក់​ជា​ប្រពន្ធ និង​កូន​របស់​ជនសង្ស័យ ឈ្មោះ មៀង ហេង អាយុ​៤៤​ឆ្នាំ ជា​មន្ត្រី​នៅ​ក្រសួង​សេដ្ឋកិច្ច និង ហិ​រញ្ញា​វត្ថុ បាន​គេចខ្លួន​បាត់ ។

លោក​វរសេនីយ៍ឯក ម៉ក់ ហុង បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១ និង​៤០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២២ ខែមិថុនា ជនសង្ស័យ​ឈ្មោះ មៀង ហេង បាន​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ នៅ​ផ្លូវ​ម៉ុង​ឫ​ទ្ធី ស្ថិត​ក្នុងភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ម្ចាស់​ម៉ូតូ​ឈ្មោះ អេ​ង រស្មី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ បន្ទាប់​ពី​ត្រូវ​ចោរប្លន់​យក​ម៉ូតូ ម្ចាស់​ក៏​បាន​មក​ប្តឹង​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​តាម​ប្រព័ន្ធ GPS និង​ឈាន​ទៅ​ឆែកឆេរ​លំនៅ​ឋាន​ខាងលើ រក​ឃើញ​ម៉ូតូ​ជន​រង​គ្រោះ​ដែល​ទើប​ប្លន់​បាន និង​ម៉ូតូ​២​គ្រឿង​ផ្សេង​ទៀត ។

លោក​អធិការ​បានឱ្យ​ដឹង​ទៀត​ថា ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​រួម​ទាំង​កូនប្រុស និង​ដកហូត​រថយន្ត​បា​ឡែ​ន​ពណ៌​ទឹកប្រាក់​មួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2X-6046 ម៉ូតូ​ស្គូ​ពី​មួយ​គ្រឿង ពណ៌​ខៅ្ម ពាក់​ស្លាក​លេខ កំពង់ចាម 1K-0272 ម៉ូតូ​ស្មាស​វី​មួយ​គ្រឿង ពណ៌​ខ្មៅ​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1CO-0826 និង​ម៉ូតូ​សេ​១២៥​មួយ​គ្រឿង ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥​របស់​ជន​រង​គ្រោះ​មាន​ស្លាក​លេខ ភ្នំពេញ 1FP-1861 ៕