ចង់​ស្រក់ទឹកភ្នែក ! ឃើញ​គ្រួសារទុរគត​នេះ​​រស់​យ៉ាង​វេទនា​

ខេត្តពោធិ៍សាត់​ ៖ ​គ្រួសារ​ទុរគត​មួយ​​ដែលត្រូវ​​ម្ដាយ​​ស្លាប់​​ចោល​ ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ ហើយ​ឪពុក​​​​ឈឺ​ដេក​កន្ទេល​ ធ្វើ​ឱ្យ​​កូន​តូច​ៗ​ពីរ​នាក់ ​រស់នៅ​​យ៉ាង​លំបាក​វេទនា​​គ្មាន​ទីពឹង ​ដោយ​បាន​សុំ​ដង្ហោយ​រក​​សប្បុរសជន​​​ជួយ​ ដើម្បី​បាន​រស់​ និង​បាន​រៀន​នឹង​​គេ​ ដែលមាន​លំនៅ​​​ក្នុង​ភូមិ​កំ​រ៉ែ​ង ​ឃុំ​ស្វាយ.ស ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ។

ជួប​ជាមួយ​​​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​​ជាមួយ​លោកយាយ​​អ៊ុយ មុត ​អាយុ​៨១​ឆ្នាំ​ ត្រូវជា​ម្ដាយមីង​​របស់​ឪពុក​ម្ដាយ​​ក្មេង​ទាំង​ពីរ​​បាន​​ឱ្យ​​ដឹង​ថា ម្ដាយ​របស់​គេ​​បាន​ស្លាប់​ចោល​ ​រយៈ​​ពេល​ប្រហែល​​មួយ​ឆ្នាំទៅ​ហើយ ដោយសារ​​គ្រោះថ្នាក់​ចរាចរណ៍​ ។ ​សព្វ​ថ្ងៃនេះ​ពួក​គេ ​រស់នៅ​ជាមួយ​ឪពុក​ឈ្មោះឃិ​ត ឃឿ​ន អាយុ​៥៥​ឆ្នាំ​ ឈឺ​រ៉ាំរ៉ៃ​ស្គមរីងរៃ​ ដេក​នៅ​នឹង​កន្ទេល​​ ហើយ​និយាយ​​ក៏​​មិន​ចង់​កើត​​ដែរ​រង់​ចាំតែ​ថ្ងៃ​ស្លាប់​ប៉ុណ្ណោះ​ ។ ​ចំណែក​កូន​ទាំង​ពីរ​នាក់​ ម្នាក់​ឈ្មោះ​ឃឿ​ន សាន​ ភេទ​ស្រី​ អាយុ​០៩​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​ឃឿ​ន សែ​ ភេទ​ប្រុស​ អាយុ​០៥​ឆ្នាំ​ មិន​បាន​រៀនសូត្រ​ ជាប់លាប់​ដូច​គេ​ទេ ​។

​លោក​យាយ​បន្ត​ទៀត​​ថា គ្រួសារ​នេះរ​ស់បាន​ដោយសារ​លោកយាយ​ និង​អ្នក​ជិតខាង​ជួយ​​ផ្ដល់​បាយ​សម្លរ ​ទោះបី​លោកយាយ ​និង​កូន​​របស់​លោកយាយ​ មាន​ជីវភាព​លំបាក​យ៉ាងណា​ក៏ដោយ ក៏​​ចេះ​តែ​ចែករំលែក​គ្នា ​ទៅ​ព្រោះ​អាណិត​ចៅ​ៗ​ទាំង​ពីរ ​ដែល​នៅ​វែង​ឆ្ងាយ​ទៀត ។ លោកយាយ​បាន​​សុំ​អំពាវនាវ​ដល់​សប្បុរសជន ​ដែល​មាន​សណ្ដាន​ចិត្ត​ជ្រះថ្លា​ មេត្តា​ជួយ​ធ្វើ​ផ្ទះ​ និង​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​ទុរគត​​នេះផង ​ពិសេស​ជួយ​ដល់​ចៅស្រី​​-ប្រុស​ទាំង​ពីរ​ បាន​រៀនសូត្រ​នឹង​គេ​។

លោក​មេ​ភូមិ​កំ​រ៉ែ​ង ​និង​នាយ​ប៉ុស្តិ៍​​រដ្ឋបាល​នៅ​ទីនោះ​​បាន​ប្រាប់​ឱ្យ​ដឹង​ថា កន្លង​មកនេះ ​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ឃុំ​ស្វាយ.ស​ បាន​ជួយ​ឧបត្ថម្ភ​សម្ភា​រហូប​ចុក សម្លៀក​បំពាក់​ និង​ថវិកា​មួយ​ចំនួន​ ដល់​គ្រួសារ​នេះ​​​ដែរ ​។​ ដោយឡែក​ កាលពី​ថ្ងៃ​ទី​២៣​​ មិថុនា​ ២០១៦ ​ខ​ណៈ​​ពេល​ដែល​ប្រតិភូ​របស់​សមាគមនារី​កម្ពុជា​ ដើម្បី​សន្តិភាព ​និង​អភិ​វ​ឌ្ឍន៍​​ខេត្តពោធិ៍សាត់​ដឹក​នាំ​ដោយ​លោក​ជំទាវ​ហ៊ុន ចាន់​ធី​ម៉ៅ ធនិន​ និង​លោក​ជំទាវ​ឯម ប៉ុណ្ណា​ បាន​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​អ្នក​ក្រីក្រ​បំផុត​ចំនួន​២២​នាក់ ​នៅ​ឃុំ​ឈើ​តុំ​នោះ​ក៍បាន​យក​មក​ចែក​ជូន​ដល់​គ្រួសារ​នេះ ។

ក្នុង​នោះ​មាន​ថវិកា​៦១​ម៉ឺន​រៀល​,​ អង្ករ​២៥​គ​ក្រ​,​ មី​​២​កេស​,​ ទឹកត្រី​,​ សាប៊ូ​,​ ថ្នាំដុសធ្មេញ​,​ ច្រាស​ដុសធ្មេញ​,​ ទឹកបរិសុទ្ធ​ និង​ថ្នាំពេទ្យ​មួយ​ចំនួន​ទៀត​ ។​

ទោះ​យ៉ាងណា ​លោក​នៅ​តែ​អំពាវនាវ​រក​សប្បុរសជន​ជួយ​បន្ត​ទៀត ​ពិសេស​ជួយ​ធ្វើ​ផ្ទះ​តូច​ល្មម ​មាន​ជញ្ជាំង​ជិត​កុំ​ឱ្យ​​លិច​ទឹកភ្លៀង​មាន​បាយ​ហូប​ និង​ជួយ​ឲ្យ​កូន​ៗ​ទាំង​ពីរ​នាក់​បាន​រៀនសូត្រ​យក​តែ​បុណ្យ​ផង​ចុះ​ ។