លោក​អូបាម៉ា​ព្យាយាម​បន្ថយ​ការភ័យ​ខ្លាច​សកល​ក្រោយ​ពេល​អង់គ្លេស​បោះ​ឆ្នោត​ចាក​ចេញ​ពី​EU

នៅខណៈពេលទីផ្សារហិរញ្ញវត្ថុពិភពលោកមានភាពរអាក់រអួលដោយសារប្រទេសអង់គ្លេសបានបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុប លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា បានធ្វើសេចក្តីថ្លែងការណ៍មួយដែលមានការគិតទុកជាមុនកាលពីថ្ងៃសុក្រ។

លោកប្រធានាធិបតីបានមានប្រសាសន៍ថា៖ «ប្រជារាស្ត្រនៃប្រទេសអង់គ្លេសបានបញ្ចេញមតិហើយ ហើយយើងគោរពការសម្រេចចិត្តរបស់ពួកគេ»។ លោកបានមានប្រសាសន៍បន្ថែមថា៖ «ទំនាក់ទំនងពិសេសរវាងស.រ.អា.និងប្រទេសអង់គ្លេសនៅមានឋិតថេរហើយថាសមាជិកភាពរបស់អង់គ្លេសនៅក្នុងអង្គការអូតង់នៅតែជាមូលដ្ឋានសំខាន់មួយនៃគោលនយោបាយការបរទេស គោលនយោបាយសន្តិសុខ និងគោលនយោបាយសេដ្ឋកិច្ចរបស់ស.រ.អា.~។

នៅពេលលោកបំពេញទស្សនកិច្ចក្នុងប្រទេសអង់គ្លេសកាលពីខែមេសា លោកប្រធានាធិបតី អូបាម៉ា បានឈរនៅជិតលោកនាយករដ្ឋមន្ត្រីអង់គ្លេស David Cameron ហើយលោកបានមានប្រសាសន៍ជំទាស់យ៉ាងខ្លាំងដល់អ្វីដែលគេហៅថា ការបោះឆ្នោត Brexit ដែលមានន័យថា ការបោះឆ្នោតរបស់ប្រទេសអង់គ្លេសចេញពីសហភាពអឺរ៉ុប ដោយលោកបានមានប្រសាសន៍ថា ប្រសិនបើប្រទេសអង់គ្លេសបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុប អង់គ្លេសត្រូវតែទៅឈរចុងក្រោយគេ ដើម្បីធ្វើការចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយស.រ.អា.។

លោក អូបាម៉ា ហាក់ដូចជាអំពាវនាវដល់ក្រុមអ្នកបោះឆ្នោតអង់គ្លេស ដោយលោកបានមានប្រសាសន៍ថា៖ «ប្រទេសអង់គ្លេសបានធ្វើការល្អបំផុតនៅពេលខ្លួនជួយដឹកនាំទ្វីបអឺរ៉ុបមួយដែលខ្លាំងមួយ។ប្រទេសអង់គ្លេសមានឥទ្ធិពលនៅពេលឋិតក្នុងសហភាពអឺរ៉ុប»៕

ប្រភពៈ VOA